ជាតិ
ឆឺ​តៗ​! «​សង្ក្រាន្ត​កំពង់ស្ពឺ » មាន​រយៈពេល​៤​ថ្ងៃ នៅ​វិមាន​សម្ដេចព្រះសង្ឃរាជ ជួន ណាត​
11, Apr 2017 , 7:19 pm        
រូបភាព
​កំពង់ស្ពឺ​៖  រដ្ឋបាលខេត្ត​កំពង់ស្ពឺ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ស្ពឺ នឹង​រៀបចំ​ព្រឹត្តិការណ៍  «​សង្ក្រាន្ត​កំពង់ស្ពឺ » រយៈពេល ៤​ថ្ងៃ ពីថ្ងៃ​ទី​១៣ ដល់ទី​១៦ ខែមេសា ឆ្នាំ​២០១៧ ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​។ ព្រឹត្តិការណ៍​នេះ  នឹង​រៀបចំឡើង នៅ​វិមាន​សម្ដេចព្រះសង្ឃរាជ ជួន ណាត នា​ខេត្តកំពង់ស្ពឺ​។​



«​សង្ក្រាន្ត​កំពង់ស្ពឺ​» គឺ​ព្រឹត្តិការណ៍​ដែល​រៀបចំឡើង ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ និង​ជា​កម្មវិធី​ឲ្យ​ពលរដ្ឋ​បាន​ជួបជុំ​កម្សាន្ត​សប្បាយ​។ ព្រឹត្តិការណ៍​នេះ មាន​ពិធី​សាសនា ការលេង​ល្បែង​ប្រជាប្រិយ​ជាច្រើន​ប្រភេទ  និង​ការប្រគំ​តន្ត្រី​ផងដែរ​។ 

​លោក សរ សុ​ពុ​ត្រា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់​ស្ដឺ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា​៖ ការរៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​កំពង់ស្ពឺ​» នេះ គឺ​រៀបចំ​ដើម្បី​អបអរ​ឆ្នាំ​ថ្មី និង​ផ្ដល់​ភាពសប្បាយ​រីករាយ​ដល់​ពលរដ្ឋ​ក្នុង​ខេត្ត​នេះ នាឱកាស​ចូលឆ្នាំថ្មី​។ ជាពិសេស ឲ្យ​ពួកគាត់​បាន​យល់ដឹង​ពី​វប្បធម៌ ប្រពៃណី និង​មរតក​របស់​ខ្មែរ​»​។ លោក សរ សុ​ពុ​ត្រា បន្ថែមថា ក្នុង​ព្រឹត្តិការណ៍​នេះ ក៏មាន​ផ្សព្វផ្សាយ​ពី​យុទ្ធនា​ការណ៍ និង​ផលប៉ះពាល់​របស់​គ្រឿងញៀន ដល់​យុវជន និង​ពលរដ្ឋ ឲ្យ​បាន​យល់ដឹង និង​ចាក​ឆ្ងាយ​ពី​គ្រឿងញៀន​ផងដែរ​។​



​អភិបាលរង​ខេត្ត​រូបនេះ បន្តថា «​សង្ក្រាន្ត​កំពង់ស្ពឺ​» មានកម្ម​វិធី​បែប​សាសនា ការលេង​ល្បែង​ប្រជាប្រិយ និង​ការប្រគំ​តន្ត្រី​កម្សាន្ត​សប្បាយ​ជាដើម​។ ជាមួយគ្នានេះ ព្រឹត្តិការណ៍​នេះ មាន​រយៈពេល​រហូត​ទៅ​ដល់ ៤​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី ១៣ - ១៦ ខែមេសា ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​នេះ នៅ​វិមាន​សម្ដេចព្រះសង្ឃរាជ ជួន ណាត​។​

​លោក សរ សុ​ពុ​ត្រា អះអាងថា ព្រឹត្តិការណ៍​នេះ ក៏បានផ្ដល់​ឱកាស​ដល់​យុវជន​ទូទាំង​ខេត្ត បាន​ចូលរួម​ធ្វើ​ការងារ​រួមគ្នា ផ្ដល់​ភាព​កម្សាន្ត​សប្បាយ និង​ចាក​ឆ្ងាយ​ពី​គ្រឿងញៀន មក​ចូលរួម​ធ្វើអំពើ​ល្អ រួមទាំង​ស្វែងយល់ និង​ថែរក្សា​វប្បធម៌​ខ្មែរ​បន្ថែមទៀត​។ លោក សរ សុ​ពុ​ត្រា  បន្ដថា «​សង្ក្រាន្ត​កំពង់ស្ពឺ​» មាន​យុវជន​ស្ម័គ្រចិត្ត​ចូលរួម​ចំនួន ៥០០ នាក់ ទូទាំង​ខេត្តកំពង់ស្ពឺ ដើម្បី​បង្កើត​និង​ផ្ដល់​ភាពសប្បាយ​រីករាយ​ដល់​ប្រជាពលរដ្ឋ​។​

​នេះ​ជា​ព្រឹត្តិការណ៍​ទី​២​ហើយ ដែល​រដ្ឋបាល​ខេត្តកំពង់ស្ពឺ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បានរៀបចំ​កម្មវិធី​នេះ ដោយ​កាលពី​ឆ្នាំ​២០១៦​កន្លងទៅ កម្មវិធី​នេះ មាន​ប្រជាពលរដ្ឋ​ចូលរួម​កម្សាន្ត​ប្រមាណ ១​ម៉ឺន​៥​ពាន់​នាក់​។ ទន្ទឹមនឹងនេះ លោក សរ សុ​ពុ​ត្រា សង្ឃឹមថា កម្មវិធី​ក្នុងឆ្នាំនេះ មាន​អ្នកចូលរួម​ច្រើនជាង​ឆ្នាំមុន ព្រោះ​ឆ្នាំនេះ មាន​កម្មវិធី​កម្សាន្ត​សប្បាយ​ប្លែកៗ និង​កាន់តែ​ធំ​ជាង​ឆ្នាំមុន​៕


Tag:
 ចូលឆ្នាំថ្មី​
 ​ សង្ក្រាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com