ជាតិ
សមត្ថកិច្ច​ស្គាល់​កន្លែង​លាក់ខ្លួន​លោក ឈាន ពិសិដ្ឋ​
12, Apr 2017 , 10:37 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​បាន​ស្គាល់​កន្លែង​លាក់ខ្លួន របស់លោក ឈាន ពិសិដ្ឋ ហើយ​សមត្ថកិច្ច​នឹង​ចាប់ខ្លួន​បុគ្គល​នេះ យកមក​ដាក់ទោស​តាមច្បាប់​។ លោក ឈាន ពិសិដ្ឋ ដែល​កំពុង​គេចខ្លួន​នេះ បាន​បង្កបញ្ហា​ផ្ទុះអាវុធ​មួយ​គ្រាប់​ក្នុង​អង្គភាព កាលពី​ថ្ងៃទី​៩ ខែមេសា ។​



​លោក ខៀវ សុភ័គ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នៅពេលនេះ សមត្ថកិច្ច​មាន​ដីការ​ពី​តុលាការ ដែល​បាន​បង្គាប់​ចាប់ខ្លួន​លោក ឈាន ពិសិដ្ឋ នៅក្នុង​ដៃ​ហើយ​។ ប៉ុន្តែ​សមត្ថកិច្ច ត្រូវការ​ពេលវេលា​តាមដាន​សកម្មភាព​លោក ឈាន ពិសិដ្ឋ សិន​។ អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​យ៉ាងខ្លី​ដូច្នេះ​ថា​៖«​សមត្ថកិច្ច​យើង​បាន​ស្គាល់​កន្លែង​លាក់​ខ្លួនគេ (​ឈាន ពិសិដ្ឋ​) ហើយ​យើង​កំពុង​តាមដាន​គេ នៅពេលនេះ​»​។

​តែ​យ៉ាងណា លោក ខៀវ សុភ័គ ពុំ​អាច​បង្ហើប​ពី​ទីតាំង​ដែល​លោក ឈាន ពិសិដ្ឋ កំពុង​លាក់ខ្លួន​នោះទេ ដោយ​លោក​បាន​លើក​ហេតុផល​ថា វា​ជា​រឿង ស៊ើបអង្កេត​សម្ងាត់​របស់​សមត្ថកិច្ច​។​

​គួរ​បញ្ជាក់ថា លោក ឈាន ពិសិដ្ឋ ដែល​គេ​ស្គាល់​ថា ជា​មន្ត្រីប៉ូលិស​អន្តោប្រវេសន៍​ដែល​ធ្លាប់មាន​ជម្លោះ​ជាមួយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ចុងឆ្នាំ​២០១៦ កន្លងមក នៅ​បុ​ស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​នោះ បាន​បង្កបញ្ហា​ផ្ទុះអាវុធ​មួយ​គ្រាប់​ក្នុង​អង្គភាព កាលពី​ថ្ងៃទី​៩ ខែមេសា នេះ​។ មួយថ្ងៃ​ក្រោយ​ករណី​ផ្ទុះអាវុធ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច ស ខេង បានសម្រេច​ដក​ឋានន្តរស័ក្តិ និង​បណ្តេញ​ឈ្មោះ ឈាន ពិសិដ្ឋ ចេញពី​ក្របខ័ណ្ឌ​នគរបាលជាតិ​ភ្លាមៗ​ផងដែរ កាលពី​ថ្ងៃទី​១០ មេសា តាម​សំណើ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ ៕



Tag:
 ឈាន ពិសិដ្ឋ​
  មហាផ្ទៃ​
  អន្តោប្រវេសន៍​
© រក្សាសិទ្ធិដោយ thmeythmey.com