ជាតិ
សិល្បះ
បទ​ប្រពៃណី មរតក​ដើម និង Remix ៥​បទ ដែល​ល្បីល្បាញ​ពេលចូលឆ្នាំ​
12, Apr 2017 , 12:45 pm        
រូបភាព
ដោយ: ថ្មីៗ
ពលរដ្ឋ​ខ្មែរ​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​រាំលេង​កម្សាន្ត​នៅ​ភូមិកំណើត និង​ទីវ​ត្ត​អារាម​នានា ក្នុងឱកាស​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ​២៥៦១ ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៦ ខែមេសា​។ បទ​ប្រពៃណី បទ Remix ឬ​បទ​មរតក​ដើម ជាច្រើន​បទ​ត្រូវបាន​ផលិត​ដើម្បី​កំដរ​បរិយាកាស​ដ៏​រីករាយ​នា​ពិធីបុណ្យ​ចូលឆ្នាំថ្មី​។​



​សារព័ត៌មាន​ថ្មីៗ សូម​លើកយក​បទ​ចំនួន​៥​ដែល​កំពុង​លេចធ្លោ ដោយ​បទ​ខ្លះ​ទទួលបាន​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង ហើយ​បទ​ខ្លះ​ទទួលរង​នូវ​ការរិះគន់​។ បទ​ទាំងនោះ​រួមមាន​៖

«​រាំ​បទ​យើង​» ច្រៀង​ដោយ ដួង សុខ​គា​-​ខាត់ សុ​ឃីម​
​ផលិតកម្ម​រស្មី​ហង្ស​មាស ទើបតែ​ចេញផ្សាយ​បទ​ចង្វាក់​ខ្មែរ​នេះ​នៅ​យប់​ថ្ងៃទី​១១ ខែមេសា ប៉ុន្តែ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​។ «​រាំ​បទ​យើង​» និពន្ធ​ទំនុកច្រៀង​ដោយ​លោក ដួង សុខ​គា និង​រៀបរៀង​បទ​ភ្លេង​ដោយ​ស្គរដី និង​ស្គរ​ឆៃ​យ៉ាំង ដោយ​ក្រុម​ត្រកូល ខាត់​។​

«​រាំ​អ៊ីចេះ​» ច្រៀង​ដោយ ព្រាប សុវត្ថិ​-​ឱក សុគន្ធ​កញ្ញា​
«​រាំ​អ៊ីចេះ​» ជា​បទ Remix ដែល​និពន្ធ​ទំនុកច្រៀង និង Melody ដោយ DJ ក្តិ​ប រួមទាំង​ការនិពន្ធ​បទ​ភ្លេង និង​សម្រួល​តន្ត្រី​ដោយ DJ Funta​។ បទ​ដែល​ច្រៀង​ដោយ​កំពូល​តារា​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​នេះ ក៏​ជា​បទ​ដែល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចូលចិត្ត និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​រាំ​ទាំងអស់គ្នា​នាឱកាស​បុណ្យចូលឆ្នាំថ្មី​ផងដែរ​។​



«​ឆ្កែ​រាំ​បុក​ប៉ោត​» ច្រៀង​ដោយ ពេជ្រ សោភា​

​បទ​នេះ ឡើង​កូត​ខ្លាំង បន្ទាប់ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយ​សរសើរ​ជាប់ៗ​គ្នា​ក្នុង​ពិធី​សម្ពោធ​ផ្លូវ និង​ពិធី​ជួបជុំ​កីឡាករ​កន្លងមក​។ «​ឆ្កែ​រាំ​បុក​ប៉ោត​» ច្រៀង និង​និពន្ធ​ទំនុកច្រៀង​ដោយ ពេជ្រ សោភា ផ្ទាល់ ហើយ​លោក សួន ពិសិដ្ឋ ជា​អ្នកនិពន្ធ​បទ​ភ្លេង​ដែល​បញ្ចូល​ជាមួយ​ស្គរ​ឆៃយ៉ាំ​។​




«​កក​ក៏​បាយ មេម៉ាយ​ក៏​ស្រី​» ច្រៀង​ដោយ ឃុ​ង ឃុ​យ និង ចេ​ន​សាយ​ចៃ​
​វត្តមាន​របស់​តារាចម្រៀង​ខ្មែរ​-​សុរិន្ទ ឃុ​ង ឃុ​យ និង ចេ​ន សាយ​ចៃ បានធ្វើ​ឲ្យ​បទ​មរតក​ដើម «​កក​ក៏​បាយ មេម៉ាយ​ក៏​ស្រី​» កាន់តែ​ទទួលបាន​នូវ​ប្រជាប្រិយភាព​នា​ពិធីបុណ្យ​ចូលឆ្នាំ​។ បទ​ចង្វាក់​រាំវង់​នេះ ជា​បទ​ដើម​របស់​អធិរាជ​សំនៀង​មាស ស៊ីន ស៊ី​សាមុត និង រា​ជនី​សំនៀង​មាស រស់ សេរី​សុទ្ធា ហើយ​ត្រូវបាន​ផលិតកម្ម Town រៀបចំ​ផលិត​សារជាថ្មី​។​


«​ចាក់ទឹកដូង​» ច្រៀង​ដោយ យូ​រី និង Bmo
​ជា​ប្រភេទ​បទ Remix ហើយ​ផលិតកម្ម​សាន់​ដេ ផលិត​បទ​នេះ ដើម្បី​រំលឹក​ដល់​ការជួប​ជុំគ្នា​ដ៏​រីករាយ​របស់​ក្រុមយុវជន នាឱកាស​បុណ្យចូលឆ្នាំថ្មី ជាពិសេស​ការលេង​ល្បែង​ចាក់ទឹកដូង​។ បច្ចុប្បន្ន គេ​និយម​យក​បទ​នេះ មក​ច្រៀង អមដោយ​កាយវិការ​បែប​លេងសើច​សប្បាយ​។​

Tag:
 បទចម្រៀង
© រក្សាសិទ្ធិដោយ thmeythmey.com