ជាតិ
 រយៈពេល​៥​ឆ្នាំ អង្គរ​សង្ក្រាន្ត​បង្កើត​ព្រឹត្តិការណ៍​យក្ស និង​វត្ថុ​យក្ស​ចំនួន​១០
22, Apr 2017 , 4:39 pm        
រូបភាព
​ភ្នំពេញ​៖ ឆ្នាំ​២០១៧​នេះ ជា​ខួប​ទី​៥ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​បានរៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅលើ​ទឹកដី​ខេត្តសៀមរាប​។ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧​នេះ មាន​វត្ថុ​យក្ស​កម្រិត​ជាតិ​ចំនួន ២ ប្រភេទ បានដាក់​តាំង​បង្ហាញ គឺ​ចាប៉ីដងវែង​ខ្នាត​យក្ស និង​សំបក​ពងមាន់​យក្ស​។ ដោយឡែក សម្រាប់​ចាប៉ីដងវែង​វិញ បានទទួល​វិញ្ញាបនបត្រ​ចំនួន​ពីរ ពី​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផងដែរ​។​



​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​រយៈពេល ៥​ឆ្នាំនេះ មាន​វត្ថុ​យក្ស​កម្រិត​ជាតិ និង​ពិភពលោក ប្លែកៗ​ចំនួន ១០ ប្រភេទ​។ វត្ថុ​យក្ស​ទាំង​១០​ប្រភេទ​នោះ រួមមាន នំអន្សម​យក្ស រាំ​ម៉ា​ឌី​ហ្សុ​ន​យក្ស មួក​ស្លឹកត្នោត​យក្ស បំពង់​ទឹកត្នោត​យក្ស ទាញព្រ័ត្រ​យក្ស  អង្រុត​យក្ស កន្ត្រងប្រហុក​យក្ស អុកចត្រង្គ​យក្ស សំបុក​ពងមាន់​យក្ស និង​ចាប៉ីដងវែង​ខ្នាត​យក្ស​។

​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ វត្ថុ​យក្ស​កម្រិត​ពិភពលោក  បាន​បំបែក​កំណត់ត្រា​ពិភពលោក​ចំនួន​ពីរ​គឺ នំអន្សម​យក្ស ទម្ងន់ ៤០៤០​គីឡូក្រាម និង​រាំ​ម៉ា​ឌី​ហ្សុ​ន​យក្ស ដែលមាន​មនុស្ស​ចូលរួម ចំនួន ២០១៥​នាក់​។ ដោយឡែក វត្ថុ​យក្ស​កម្រិត​ជាតិ​រួមមាន មួក​ស្លឹកត្នោត​យក្ស បំពង់​ទឹកត្នោត​យក្ស ទាញព្រ័ត្រ​យក្ស  អង្រុត​យក្ស កន្ត្រងប្រហុក​យក្ស និង​អុកចត្រង្គ​យក្ស​។ សម្រាប់​ឆ្នាំ​២០១៧​នេះ  មាន​ចាប៉ីដងវែង​ខ្នាត​យក្ស និង​សំបុក​ពងមាន់​យក្ស ដែល​ធំ​ជាង​សម្ភារ​ធម្មតា​រាប់រយ​ដង​។ 

​នៅក្នុង​ព្រឹត្តិការណ៍​នេះ នា​រសៀល​ថ្ងៃទី​១៥ មេសា ២០១៧ ចាប៉ីដងវែង បានទទួល​វិញ្ញាបនបត្រ​ចំនួន​ពីរ​រួមមាន វិញ្ញាបនបត្រ​របស់​អង្គការ​យូណេស្កូ ដែល​ទទួលស្គាល់​ចាប៉ីដងវែង​ខ្មែរ​ជា​សម្បត្តិ​បេតិកភណ្ឌ​រូបិយ ទៅដល់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​វិញ្ញាបនបត្រ​ទី​ពីរ គឺ​ប្រគល់ជូន​ក្រុមការងារ​ដំឡើង​ចាប៉ីដងវែង​ខ្នាត​យក្ស​។ វិញ្ញាបនបត្រ​ទាំងពីរ​នេះ ផ្ដល់​ដោយ​លោកស្រី ភឿ​ក ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បានចាប់ផ្ដើម​ឡើង​ក្នុង​ឆ្នាំ​២០១៣ ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រួមជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​។ ព្រឹត្តិការណ៍​នេះ មានការ​ចូលរួម​ពី​យុវជន​ស្ម័គ្រចិត្ត ចំនួន ៣​ពាន់​នាក់​ផងដែរ​៕



















Tag:
 ខ្នាត​យក្ស​
  អង្គរ​សង្ក្រាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com