ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះរាជអាជ្ញា​កោះហៅ លោក ជុន ច័ន្ទ​បុត្រ ចូល​តុលាការ​ថ្ងៃទី​២​ឧសភា​
22, Apr 2017 , 4:04 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បានចេញ​ដីកា​កោះហៅ​លោក ជុន ច័ន្ទ​បុត្រ អនុប្រធាន​វិទ្យុ​អាស៊ីសេរី​ឲ្យ​ចូល​បំភ្លឺ​សំណុំរឿង​បន្លំ​ខ្លួន​ចូល​ពន្ធនាគារ​ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅម៉ោង​៩ព្រឹកនៃថ្ងៃទី​២​ឧសភា​។ លោក សៀង សុខ ក៏បាន​កោះហៅ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប​ទៀត គឺ​លោក ឡុង រី និង​អ្នកស្រី មូរ សុខ​ហួរ ក្នុងនាម​សាក្សី ទៅ​ឆ្លើយបំភ្លឺ​បន្តបន្ទាប់​គ្នា​នៅ​ថ្ងៃទី​២៧ និង​២៨​ខែមេសា​នេះដែរ​នៅម៉ោង​៩ព្រឹក។ ដីកាកោះទាំងបី​ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី​២១​ខែមេសានេះ។ ​



 ​កាលពីព្រឹកថ្ងៃទី​១៩​មេសា លោក ឡុង រី និង​អ្នកស្រី​ មួរ សុខហួរ ដែលជាអ្នកតំណាងរាស្ត្រ​នៃគណបក្ស​សង្គ្រោះជាតិ បាន​ចូល​ទៅសួរសុខទុក្ខ​សមាជិក និងអ្នកគាំទ្រ​គណបក្ស​​នៅមន្ទីរឃុំឃាំង​ព្រៃស។ នៅក្នុង​ប្រតិភូ​នៃគណបក្ស​សង្គ្រោះជាតិ គេឃើញ​មានវត្តមាន​របស់​លោក ជុន ច័ន្ទបុត្រ ប្រធាន​វិទ្យុអាស៊ីសេរី​នៅ​កម្ពុជា​ ចូលទៅក្នុងពន្ធនាគារដែរ។ វត្តមាន​របស់​មេដឹកនាំវិទ្យុ​អាស៊ីសេរី បាន​នាំ​ឲ្យមាន​ការ​ចាត់វិធានការ​ពី​សំណាក់​​ក្រសួងមហាផ្ទៃ។
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សម្តេច ស ខេង បាន​សម្រេច​ឈប់ឲ្យ​ប្រតិភូ​គណបក្ស​សង្គ្រោះជាតិ​ចូលសួរសុខទុក្ខ​សមាជិកខ្លួន​ទៀត ក៏បាន​ពិចារណា​អំពី​វត្តមាន​របស់​លោក ជុន ចន្ទបុត្រ​នៅក្នុង​ប្រតិភូ​គណបក្ស​ប្រឆាំង​នៅក្នុង​ពន្ធនាគារ​ រហូត​ដល់មានការ​កោះហៅ​ពី​សាលាដំបូង​រាជធានីភ្នំពេញ​តែម្តង៕



Tag:
 ជុន ច័ន្ទ​បុត្រ
© រក្សាសិទ្ធិដោយ thmeythmey.com