កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន​ស្វាគមន៍​បឹងកេត​ដណ្តើម​ឈរ​លេខ​៣ ឯ​ទ័ព​ប៉ះ​វេ​ស្ទើ​ន ក្រោយ​ប៉ូលិស​ជួប​ណាហ្គា​
29, Apr 2017 , 10:21 am        
រូបភាព
កីឡាករ អ៊ិន សូដាវីដ ព្យាយាមបណ្តើរបាល់គេចពីការតាមរបស់កីឡករអគ្គិសនីកម្ពុជាក្នុងជំនួបនៅ RSN កាលពីសប្តាហ៍មុន។ រូបភាពពីហ្វេសប៊ុកក្លិបភ្នំពេញក្រោន
កីឡាករ អ៊ិន សូដាវីដ ព្យាយាមបណ្តើរបាល់គេចពីការតាមរបស់កីឡករអគ្គិសនីកម្ពុជាក្នុងជំនួបនៅ RSN កាលពីសប្តាហ៍មុន។ រូបភាពពីហ្វេសប៊ុកក្លិបភ្នំពេញក្រោន
ដោយ:
ការប្រកួតកីឡា​​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៧ បាន​ឈានដល់​សប្តាហ៍​ទី​៩ ដោយនៅ​ថ្ងៃទី​២៩ ខែមេសា នេះ​មានការ​ប្រកួត​ចំនួន​៣​គូ​។ ក្រុម​ភ្នំពេញ​ក្រោ​ន​ស្វាគមន៍​ក្រុម​ភ្ញៀវ​បឹងកេត​នៅ​កីឡដ្ឋាន RSN រីឯ​ក្រសួងការពារជាតិ​(​ទ័ព​)​ប៉ះ​វេ​ស្ទើ​ន​ភ្នំពេញ មុន​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​)​ទទួល​ណាហ្គា​វើ​ល​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​ដូចគ្នា​។​



​ក្រុមបាល់ទាត់​ភ្នំពេញ​ក្រោ​ន​បើកទ្វារ​កីឡដ្ឋាន RSN ស្វាគមន៍​ក្រុម​ភ្ញៀវ​បឹងកេត​នា​វេលា​ម៉ោង​៦​ល្ងាច​នេះ ដើម្បី​ដណ្តើម​ឈរ​លេខ​រៀង​ទី​៣​ក្នុង​សប្តាហ៍​ទី​៩​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៧​។ ការជួបគ្នា​រវាង​ក្រុម​ទាំងពីរ នឹង​ក្លាយជា​ការប្រកួត​មួយ​ដ៏​តានតឹង និង​ស្វិតស្វាញ​បំផុត ព្រោះ​បឹងកេត​ត្រូវការ​ឈ្នះ​ភ្នំពេញ​ក្រោ​ន ដើម្បី​បង្កើន​ឱកាស​ប្រជែង​ឈរ​ក្នុង​តំបន់ Top2 ដែលមាន​ក្រុម​ទ័ព និង​ស្វាយរៀង​។ បច្ចុប្បន្ន​ភ្នំពេញ​ក្រោ​ន​កំពុង​ឈរ​លេខ​រៀង​ទី​៤​មាន​១៤​ពិន្ទុ​ជាមួយ​ជ័យជម្នះ​៤ ស្មើ​២ និង​ចាញ់​២ ខណៈ​បឹងកេត​ឈរ​លេខ​រៀង​ទី​៣​មាន​១៧​ពិន្ទុ​ក្រោយ​ឈ្នះ​៥ ស្មើ​២ និង​ចាញ់​១​។​

​ជាមួយគ្នានេះ ក្រុម​ទ័ព​ក្រោយ​មិនអាច​ប្រើ​ភាព​មានប្រៀប​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ដើម្បី​ទម្លាក់​ក្រុម​ស្វាយរៀង​ពី​កំពូល​តារាង​កាលពី​សប្តាហ៍​មុន នា​វេលា​ម៉ោង​៦​ល្ងាច​នេះ បើកទ្វារ​កីឡដ្ឋាន​ស្តា​ត​ចាស់​ស្វាគមន៍​ក្រុម​ភ្ញៀវ​វេ​ស្ទើ​ន​ភ្នំពេញ​។ ទ័ព រំពឹង​អាច​ប្រើ​ភាពជា​ម្ចាស់ផ្ទះ​ទទួលបាន​៣​ពិន្ទុ​បន្ថែម ដើម្បី​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​ជាមួយ​២១​ពិន្ទុ ខណៈ​ស្វាយរៀង​ឈរ​កំពូល​តារាង​បច្ចុប្បន្ន​មាន​២០​ពិន្ទុ​។ បច្ចុប្បន្ន​ទ័ព​ឈរ​លេខ​រៀង​ទី​២​មាន​១៨​ពិន្ទុ ឯ​វេ​ស្ទើ​ន​ភ្នំពេញ​ឈរ​លេខ​រៀង​ទី​៩​ដោយមាន​៩​ពិន្ទុ​។

​មុន​ជំនួប​រវាង​ក្រុម​ទាំងពីរ​ខាងលើ​នា​វេលា​ម៉ោង​៣​រសៀល ក្រុមប៉ូលិស ប្រើ​កីឡដ្ឋាន​ស្តា​ត​ចាស់​ស្វាគមន៍​ក្រុម​ណាហ្គា​វើ​ល ដែល​ទើប​ធ្លាក់​ចេញពី​តំបន់ Top4 កាលពី​សប្តាហ៍​ក្រោយ​ចាញ់​បឹងកេត​ក្នុង​លទ្ធផល ២-១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ណាហ្គា​វើ​ល រំពឹង​ទទួលបាន​៣​ពិន្ទុ​ពី​ប៉ូលិស ដើម្បី​បង្កើន​ឱកាស​ប្រជែង​ក្នុង​តំបន់ Top4 ម្តងទៀត​។ បច្ចុប្បន្ន​ក្រុម​ដែល​ដឹកនាំ​ដោយ លោក មាស ចាន់ណា មួយ​នេះ កំពុង​ឈរ​លេខ​រៀង​ទី​៥​ជាមួយ​១២​ពិន្ទុ ខណៈ​ប៉ូលិស​ឈរ​លេខ​រៀង​ទី​៨ ដោយមាន​៩​ពិន្ទុ​៕

*​កម្មវិធី​ប្រកួត​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​ប្រចាំ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៧៖

- ម៉ោង​៣:០០​នាទី​៖ ប៉ូលិស ជួប ណាហ្គា​វើ​ល នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​
- ម៉ោង​៦:០០​នាទី​៖ ទ័ព ជួប វេ​ស្ទើ​ន​ភ្នំពេញ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​
- ម៉ោង​៦:០០​នាទី​៖ ភ្នំពេញ​ក្រោ​ន ជូ​ប បឹងកេត នៅ​កីឡដ្ឋាន RSN



Tag:
 Cambodian League 2017
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com