កីឡាជាតិ
ជាតិ
ព្យាយាម និង​មិន​តក់ស្លុត ជា​កត្តា​ដែល​នាំ​ឲ្យ​កីឡាការិនី​ប៉េតង់ អ៊ុក ស្រីមុំ ឈ្នះ​មេដាយមាស​ពិភពលោក​
29, Apr 2017 , 10:19 pm        
រូបភាព
ដោយ:
កីឡាការិនី​ប៉េតង់ អ៊ុក ស្រីមុំ ម្ចាស់​មេដាយមាស​ពិភពលោក​ពី​ប្រទេស​បែលហ្ស៊ិក​បានបញ្ជាក់​ថា ការតាំង​ចិត្ត និង​ការ​ជម្នះ​ភាពភ័យខ្លាច និង​បញ្ហាលំបាក​ផ្សេងៗ​បាន​ជំរុញ​ឲ្យ​រូបនាង ឈ្នះ​មេដាយមាស​ពិភពលោក​ពី​ព្រឹត្តិការណ៍ World Championship Petaque 2017 នៅ​ទីក្រុង Ghent ប្រទេស​បែលហ្ស៊ិក​។ ទោះបី​មេដាយមាស​ពិភពលោក​ជា​គោលបំណង​ចុងក្រោយ​ក៏ដោយ តែ​កីឡាការិនី​រូបនេះ​មិនទាន់​បញ្ជាក់​ពី​ការចូលនិវត្តន៍​នោះទេ លើសពីនេះ​ថែមទាំង​ប្តេជ្ញា​ថា នឹង​បន្ត​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី នា​ខែសីហា ខាងមុខ​។​



​ក្រោយ​ឈ្នះ​មេដាយមាស​ពិភពលោក​ពី​ប្រទេស​បែលហ្ស៊ិក កីឡាការិនី អ៊ុក ស្រីមុំ បាន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​ឈ្នះ​មេដាយមាស​ពិភពលោក​នេះ​ថា ដោយសារ​ការតាំង​ចិត្ត​ជាមួយ​ការកំណត់​គោលដៅ​ច្បាស់លាស់​គូប​ផ្សំ​ជាមួយ​ការមិន​ភិតភ័យ ជាពិសេស​ការ​ជម្នះ​នូវ​បញ្ហាលំបាក​ទាំង​អាកាសធាតុ និង​ម្ហូបអាហារ​ទើប​ធ្វើ​ឲ្យ​នាង​ឈ្នះ​ដូចនេះ​។ «​ពួកយើង​បាន​តាំងចិត្ត​ថា មក​ចូលរួម​លើក​នេះ​ធ្វើយ៉ាងណា​ដណ្តើម​មេដាយ​ឲ្យ​បាន​ទោះបី​មេដាយ​ណាក៏ដោយ ហើយ​ពួកយើង​មិនមាន​អារម្មណ៍​ភិតភ័យ​នោះទេ​សម្រាប់​ការចូលរួម​លើក​នេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់​កីឡាការិនី អ៊ុក ស្រីមុំ​។  

​ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ម្ចាស់​មេដាយមាស​ពិភពលោក​រូបនេះ​បាន​រៀបរាប់​ពី​ទុក្ខលំបាក និង​ការតាំង​ចិត្ត​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ទៅ​ចូលរួម​ចំពេល​ត្រជាក់ ត្រជាក់​ខ្លាំងណាស់​តែ​ពួកយើង​ជម្នះ​បាន ហើយ​អ្វីដែល​ពិបាក​ជាងគេ​គឺ​រឿង​ម្ហូបអាហារ​ព្រោះ​ពួកគេ​ភាគច្រើន​ហូប​នំប៉័ង និង​សាច់ជ្រូក​ជាមួយ​បាយ​ដែល​យើង​មិនអាច​ហូប​បាន​ព្រោះ​វា​មាន​រសជាតិ​ខុសពី​ម្ហូប​យើង​។ តែ​យ៉ាងណា ពួកយើង​ព្យាយាម​ហូប​ទោះបី​មិន​ឆ្ងាញ់​ឬ​ហូប​មិន​ចូល​ក៏ដោយ​»​។

​ទោះបី​មេដាយមាស​ពិភពលោក​ជា​គោលបំណង​ចុងក្រោយ​ក្នុង​អាជីព​កីឡា និង​មាន​អាយុ​ច្រើនយ៉ាង​ណាក៏ដោយ ប៉ុន្តែ​ម្ចាស់​មេដាយមាស​ពិភពលោក​រូបនេះ មិនទាន់​មានបំណង​ចង់​ចូលនិវត្តន៍ ឬ​បោះបង់​អាជីព​ជា​កីឡាការិនី​ប៉េតង់​នោះឡើយ ព្រោះ​នាង​យល់ថា សមត្ថភាព​របស់​នាង​នៅ​អាច​លេង​បន្ត​។ លើសពីនេះ កីឡាការិនី​មកពី​ទីស្តីការគណៈរដ្ឋមន្ត្រី​រូបនេះ ប្តេជ្ញា​ខិតខំ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​បន្ថែម ដើម្បី​ត្រៀម​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី នា​ខែសីហា ខាងមុខ​ជូន​ជាតិ​មាតុភូមិ​។

​គួរ​បញ្ជាក់ថា ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោក​ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៦ ខែមេសា នៅ​ទីក្រុង Ghent ប្រទេស​បែលហ្ស៊ិក កីឡាការិនី អ៊ុក ស្រីមុំ ប្រកួត​លើ​វិញ្ញាសា​ឯកត្តជន​ដែលមាន​ការចូលរួម​ពី​កីឡាការិនី​ជាង​៤០​នាក់​មកពី​ទូទាំង​ពិភពលោក​។ នៅ​វគ្គ​ជម្រុះ អ៊ុក ស្រីមុំ បាន​យកឈ្នះ ម៉ា​ដា​កា​ស្កា ១០-៩ ឈ្នះ​កោះ Jersey ១៣-៧ ឈ្នះ​ម៉ូ​ណា​កូ ៩-៨ និង​ឈ្នះ​កាណាដា ១៣-១១​ ។​

​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ អ៊ុក ស្រីមុំ បាន​យកឈ្នះ​កីឡាការិនី​ស៊ុយអែត Noon GEFFENBLAD ក្នុង​លទ្ធផល ១៣-១០ ហើយ​បំបាក់​កីឡាការិនី​អេ​ស្ប៉ា​ញ Rosario ÍNÉS LIZÓN ១៣-១០ នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ មុននឹង​យកឈ្នះ​កីឡាការិនី​បារាំង Audrey BANDIERA ទាំង​ប​ផិត​ប​ផើយ ១៣-១២ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ អ៊ុក ស្រីមុំ បាន​យកឈ្នះ​កីឡាការិនី​ទុយ​នី​ស៊ី Mouna BEJI ក្នុង​លទ្ធផល ១៣-៧ ដើម្បី​ទទួលបាន​មេដាយមាស​ពិភពលោក​៕


© រក្សាសិទ្ធិដោយ thmeythmey.com