ជាតិ
ចិន ថា សមុទ្រ​ចិន​ខាងត្បូង​មិនមាន​បញ្ហា​ឡើយ ព្រោះ​ទំនាក់ទំនង​ចិន ជាមួយ​ហ្វីលីពីន និង​អាមេរិក​ល្អ​ច្រើន​
04, May 2017 , 11:42 am        
រូបភាព
​ភ្នំពេញ​៖ ចិន អះអាងថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង សឹង​មិនមាន​កើតឡើង​ឡើយ ។ នោះ​ក៏​ព្រោះតែ​ចិន​កំពុង​ផ្សាភ្ជាប់​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ហ្វីលីពីន និង​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ភាព​ប្រឈមមុខ​ដាក់គ្នា​នៅលើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ​។​



​មួយរយៈ​ពេល​ចុង​ក្រោយនេះ បញ្ហា​សមុទ្រ​ចិនខាងត្បូង ហាក់​បាន​ថមថយ​កម្តៅ​ច្រើន ដែល​គួរ​ឲ្យ​កត់សម្គាល់​។ ការ​ថមថយ​កម្ដៅ​នៅ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នេះ ត្រូវបាន​ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណ​ចិន អះអាងថា នេះ​មកពី​ភាគី​ពាក់ព័ន្ធ​រឿង​សមុទ្រ​ចិន​ខាងត្បូង កំពុង​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា ក្នុងការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​។

​តាមរយៈ​សេចក្ដីថ្លែងការណ៍​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​ស្រង់​សម្ដី​លោក យ៉ាង ជា​ឈី លើក​មក​ពិភាក្សា​ជាមួយ​សម្ដេច ហ៊ុន សែន ដែល​ទើប​ចេញផ្សាយ​កាលពី​ថ្ងៃទី​៣ មេសា​នោះ បាន​សរសេរ​ដូច្នេះ​ថា​៖«​អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ថា​សឹង​មិនមែនជា​បញ្ហា​អ្វី​ទេ ព្រោះ​សព្វថ្ងៃ​ទំនាក់ទំនង​ចិន​ជាមួយ​ហ្វីលីពីន​ក៏បាន​ល្អ​។ ហើយ​លោក ស៊ី ជីន​ពីង ក៏​ទើបតែ​មកពី​ទស្សនកិច្ច​នៅ​អាមេរិក ហើយ​អាមេរិក​ក៏មាន​ទំនាក់ទំនង​ល្អជា​មួយ​គាត់​។ ហើយ​ប្រហែលជា​ពីរ​ឆ្នាំ​ទៀត​លោក ដូ​ណា​ល់ ត្រាំ​នឹង​ទៅ​ទស្សនកិច្ច​នៅ​ស្រុក​ចិន​។ ហើយ​សព្វថ្ងៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​អាមេរិក និង​ចិន មាន​ច្រើន​វិស័យ​ហើយ​»​។​

​ចំពោះ​ការវាយតម្លៃ​របស់​ភាគី​ចិន​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា ភាគី​វៀតណាម ដែលមាន​ជាប់​ពាក់ព័ន្ធ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នេះ ក៏មាន​បំណង​ចង់រក​ដំណោះស្រាយ​ឲ្យ​បានល្អ ជាមួយ​ភាគី​ចិន​ផងដែរ​។ បន្ថែម​ពីនេះ សម្ដេច ហ៊ុន សែន បាន​លើកឡើងថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង មាន​សណ្ឋាន​ពីរ គឺ​សមាជិក​អាស៊ាន​ទាំងអស់ និង​ប្រទេស​សមាជិក​ជា​ដៃគូ ត្រូវខិតខំ​ធ្វើយ៉ាងណា​អនុវត្ត​ឲ្យ​បាន​ពេញលេញ និង​មាន​ប្រសិទ្ធិភាព​នូវ​សេចក្ដីថ្លែងការណ៍​សមុទ្រ​ចិន​ខាងត្បូង (DOC) និង​រៀបចំ​ដំណើរការ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (COC) ទៅមុខទៀត ។ ហើយ​បញ្ហា​ទាំងនេះ​គឺជា​រឿង​របស់​អាស៊ាន ។​រីឯ​ការសម្រេច​របស់​តុលាការ​ម​ជ្ឈិ​ត​កម្ម​អន្តរជាតិ​នោះ ជា​រឿង​របស់​ហ្វីលីពីន​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​

​ជាមួយគ្នានេះ​នាយករដ្ឋមន្ត្រី​កម្ពុជា នៅតែ​ប្រកាស​ជំហ​មិន​គាំទ្រ​ចំពោះ​សេចក្ដីថ្លែងការណ៍​ទាំងឡាយណា ដែល​មិន​សមស្រប​ទាក់ទង​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះឡើយ​។ «​គណបក្ស​ប្រជាជន​កម្ពុជា​ពុំ​រាថយ​ដាច់ខាត​ទោះ​ស្ថិតនៅ​ក្នុងតម្លៃ​ណាក៏ដោយ គឺ​ជំហ​របស់​កម្ពុជា​ពាក់ព័ន្ធ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នៅតែ​ដដែល ព្រោះនេះ​ជា​បញ្ហា​សន្តិសុខ​តំបន់ មិនមែនជា​បញ្ហា​របស់​កម្ពុជា​តែម្នាក់ឯង​ទេ​។ ហើយ​បើ​គេ​នាំគ្នា​លើក​អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង សម្ដេច​ត្រូវតែ​ធ្វើ​ប​ឋ​កថា​មួយ​ពន្យល់ថា អ្វី​ទៅជា​ដែល​ហៅថា សមុទ្រ​ចិន​ខាងត្បូង​។ ហើយ​សម្ដេច​សង្ឃឹមថា​មិន​ដល់​ថ្នាក់​នោះទេ ព្រោះ​សព្វថ្ងៃ​សភាពការណ៍​ល្អ​ហើយ​»​។ នេះ​បើតាម​សេចក្ដីថ្លែងការណ៍​ក្រសួង​ការបទេស​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ ដែល​ថ្នាក់ដឹកនាំ​អាស៊ាន ដែល​បាន​ចូល​កិច្ចប្រជុំ​នៅ​ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី​២៩ មេសា បាន​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ត្រូវអនុវត្ត​ដោយ​ភាព​អត់ធ្មត់ នៅក្នុង​សកម្មភាព​នានា និង​ចៀសវាង​សកម្មភាព​ដែល​ធ្វើ​ឲ្យ​ស្មុគស្មាញ​ថែមទៀត​។ ជាពិសេស​បន្ត​រក​ដំណោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី និង​មិនត្រូវ​គំរាមកំហែង​គ្នា​ដោយ​ប្រើ​កម្លាំង​ទ័ព​ឡើយ​។

​លើសពីនេះ​ថ្នាក់ដឹកនាំ​អាស៊ាន ក៏បាន​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ថែរក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សេរីភាព​នាវាចរ និង​ការហោះហើរ​លើ​សមុទ្រ​ចិន​ខាងត្បូង​នេះ​ផងដែរ​៕


Tag:
 កម្ពុជា​
 ​ ចិន​
  ​ហ្វីលីពីន​
  ​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com