ជាតិ
អង្គការ​មិត្តសំឡាញ់​ផ្តល់​ជំនាញ​ដល់​ជនអនាថា​និង​រក្សា​និរន្តរភាព​ការងារ​របស់​អង្គការ
08, Jun 2017 , 7:59 pm        
រូបភាព
ដោយ:
​ក្រោយពី​មានការ​កាត់បន្ថយ​ជំនួយ​សម្រាប់​អង្គការក្រៅរដ្ឋាភិបាល​នៅ​ប្រទេស​កម្ពុជា​រយៈពេល​២០​ឆ្នាំ​មកនេះ អង្គការ​ខ្លះ​បាន​រិះរក​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី​រក្សា​និរន្តរភាព​របស់ខ្លួន​។ យុទ្ធសាស្ត្រ​របស់​អង្គការ​មិត្តសំឡាញ់​គឺ​រក​ចំណូល​សម្រាប់​ខ្លួនឯង​ជាជាង​ពឹងផ្អែក​ទាំងស្រុង​លើ​ប្រាក់​ជំនួយ​សម្រាប់​ជួយ​ក្មេង​កំព្រា និង​គ្រួសារ​អនាថា​។



​ក្មេង​អនាថា​ភាគច្រើន​ជា​កូន​របស់​ជនរងគ្រោះ​នៃ​ការប្រើប្រាស់​គ្រឿងញៀន និង​គ្រួសារ​ក្រីក្រ​។ ក្មេង​ទាំងនេះ​អាច​ដើរ​តាម​គន្លង​ឪពុកម្តាយ​របស់ខ្លួន បើ​គ្មាន​អង្គ​ការជួយ​ក្មេង​អនាថា ដូចជា​អង្គការ​មិត្តសំឡាញ់ ជួយសង្គ្រោះ​ទេនោះ​។​

​ដូច​អង្គការ​ជាច្រើន​ទៀត​ដែរ អង្គការ​មិត្តសំឡាញ់​ធ្លាប់​ពឹងផ្អែក​ស្នើរ​តែ​ទាំងស្រុង​លើ​ជំនួយ​ពី​សប្បុរសជន​ដើម្បី​សង្គ្រោះ​ក្មេង​ក្រីក្រ​ដែល​ឪពុកម្តាយ​បោះបង់ចោល​និង​គ្រួសារ​អនាថា​ដែលមាន​កូនតូចៗ​។

​ប៉ុន្តែ​លោក​ពិន សុខុម អ្នកសម្របសម្រួល​កម្ម​វិធី​សង្គ្រោះ​ជីវិត​នៃ​អង្គការ​មិត្តសំឡាញ់​បាន​ឲ្យ​ដឹងថា ក្រោយពី​ប្រឈម​នឹង​ជំនួយ​ថយចុះ​កាលពី​ឆ្នាំ​១៩៩៦  អង្គការ​មិត្តសំឡាញ់​បានចាប់ផ្តើម​យុទ្ធសាស្ត្រ​រក្សា​និរន្តរភាព​ការងារ​របស់ខ្លួន​ដោយ​បណ្តុះបណ្តាល​ជំនាញ​ដល់​ក្មេងៗ​ក្រោម​បន្ទុក​របស់ខ្លួន​ដើម្បី​បើកហាង​រក​ចំណូល​ជួយ​ទ្រទ្រង់​ការចំណាយ​របស់​អង្គការ​។​

«​នៅពេល​កុមារ យុវវ័យ​មក​ទទួល​សេវា​បណ្តុះបណ្តាល​វិជ្ជាជីវៈ ហើយ​បានផ្តល់​វិជ្ជាជីវ​ហើយ យើង​បាន​បង្កើត​ភោជនីយដ្ឋាន និង​ហាង​ផ្សេងៗ ដើម្បី​ឲ្យ​មាន​ប្រាក់ចំណូល​ដើម្បី​ជួយ​គម្រោង ក៏ដូចជា​កាត់បន្ថយ​ហានិភ័យ​ដែល​ម្ចាស់ជំនួយ​កំពុង​កាត់បន្ថយ​ជំនួយ​ជា​បណ្តើរៗ​»​។​

​បច្ចុប្បន្ន​អង្គការ​មិត្តសំឡាញ់​រកចំណូលបាន​៥០%​នៃ​ចំណាយ​សរុប​ប្រមាណ​ជាង​២​លាន​៥​សែន​ដុល្លារ​។ នេះ​បើតាម​តួលេខ​នៃ​ការចំណាយ​របស់​អង្គការ​មិត្តសំឡាញ់​ឆ្នាំ​២០១៦​។​

​លោក​សុខុម​បន្តថា ជំនាញ​ដែល​អង្គការ​មិត្តសំឡាញ់​បណ្តុះបណ្តាល​រួមមាន​ជំនាញ​ខាង​បដិសណ្ឋារកិច្ច ដែល​រួមមាន​របៀប​ទទួលភ្ញៀវ ធ្វើ​ម្ហូប និង​រៀន​ភាសា ជំនាញ​ខាង​ជួសជុល​ម៉ូតូ  ជំនាញ​ខាង​កាត់ដេរ​សម្លៀកបំពាក់​ធ​ម្ម​តា និង​ប្រពៃណី  ជំនាញ​ខាង​សម្អាង​កាយ ដូចជា​កាត់សក់ ធ្វើ​ក្រចក ជំនាញ​ខាង​ផ្សារ​ដែក និង​ជំនាញ​ខាង​អគ្គិសនី​។ ជំនាញ​ទាំងនេះ​បានធ្វើ​ឲ្យ​អតីត​ក្មេង​អនាថា​និង​អង្គការ​មិត្តសំឡាញ់​បើក​អាជីវកម្ម​រក​ចំណូល​ជួយ​ក្មេង​និង​គ្រួសារ​អនាថា​ដែល​ទើប​ទៅ​នៅ​អង្គការ​មិត្តសំឡាញ់​។​

​អង្គការ​មិត្តសំឡាញ់​បាន​ជួយ​ក្មេង​ស្នាក់នៅ​និង​រៀនសូត្រ​ចំនួន​៥១៣៩​នាក់ និង​ធ្វើការ​ជាមួយ​ក្មេង​និង​យុវជន​៩៣៣៩​នាក់​។ នេះ​បើតាម​របាយការណ៍​ឆ្នាំ​២០១៦​របស់​អង្គ​ការជួយ​ក្មេង​អនាថា​នេះ​។ ក្មេង​ទាំងនោះ​ភាគច្រើន​ចេញពី​គ្រួសារ​ក្រីក្រ ហើយ​ខ្លះ​ជា​អ្នករងគ្រោះ​នៃ​ថ្នាំញៀន​។​

​បច្ចុប្បន្ន​មាន​អ្នក​មក​ទទួល​ការបណ្តុះបណ្តាល​ជំនាញ​នៅ​អង្គការ​មិត្តសំឡាញ់​រវាង​២៥០​នាក់​ទៅជា​ង​៣០០​នាក់​។ ជាង​៦០​ទៅ​៧០%​នៃ​អ្នក​បានទទួល​ការបណ្តុះបណ្តាល​ចុង​ចប់​ដើម​ត្រូវបាន​អង្គការ​មិត្តសំឡាញ់​បញ្ជូនទៅ​ធ្វើការ​ក្នុង​ទីផ្សារការងារ​ក្នុងស្រុក​។​នេះ​បើតាម​វុទ្ធី សុក​ញ្ញា មន្ត្រី​ទំនាក់ទំនង​នៃ​អង្គការ​ហ្វ្រ៊ិ​ន្ស​អ៊ី​ន​ធឺ​ណា​សិ​នណល​។​

«​យើង​ចង់​ឲ្យ​គាត់​រៀន​អី​ដែល​ថ្មី​នៅ​ជុំវិញខ្លួន​គាត់ អីចឹង​យើង​ព្យាយាម​បោះ​គាត់​ទៅខាង​ក្រៅ ទៅធ្វើ​ការ​នៅ​ស្ថាប័ន​ខាងក្រៅ ជាជាង​ឲ្យ​គាត់​រៀន​តែ​នៅក្នុង​ហ្នឹង​ដដែល ធ្វើការ​នៅ​កន្លែង​ហ្នឹង​ដដែល​។ យើង​ចង់​ឲ្យ​គាត់​រៀន​អី​ដែល​ថ្មី​។ អីចឹង​ក្រុមការងារ​យើង ពេលដែល​សិស្ស​រៀន​ចប់​ភ្លាម​គឺ​យើង​ព្យាយាម​រក​ការងារ​ខាងក្រៅ​ឲ្យ​ពួកគាត់​»​។​

​ជាក់ស្តែង ម្ចាស់​ហាង​មួយចំនួន​នៅ​ភ្នំពេញ​ក៏បាន​គាំទ្រ​កម្មវិធី​អង្គការ​មិត្តសំឡាញ់ ដោយ​ទទួលយក​សិស្ស​ពី​អង្គការ​មិត្ត​ធ្វើការ​នៅ​ហាង​របស់​ពួកគេ ដោយ​ផ្តល់​ប្រាក់ខែ​និង​ការបង្ហាត់បង្រៀន​បន្ថែម​។​

​អ្នកស្រី​ប៊ី រតន៍​វ​ត្តី អាយុ​៣០​ឆ្នាំ​ជា ម្ចាស់​ហាង​កាត់ដេរ​រចនា​វ​ត្តី បានទទួល​សិស្ស​ជាងកាត់ដេរ​ពី​អង្គការ​មិត្តសំឡាញ់​និង​អង្គការ​ផ្សេងទៀត​ធ្វើជា​កូនជាង ហើយ​ផ្តល់​ប្រាក់ខែ​ផង និង​បណ្តុះបណ្តាល​បន្ថែម​ផង​។ អ្នកស្រី​និយាយថា ម្ចាស់​ហាង​ជួសជុល​ម៉ូតូ រថយន្ត​ដែលជា​អតិថិជន​របស់​អ្នកស្រី​ក៏បាន​ទទួល​សិស្ស​ពី​អង្គការ​មិត្តសំឡាញ់​ដែរ​។ សិស្ស​ទាំងនោះ​មាន​ចរិតល្អ គោរព​ម៉ោង​ពេល​។

​ពីមុន​អ្នកស្រី​មិនបាន​ដឹង​អំពី​កិច្ចការ​អង្គការ​មិត្តសំឡាញ់​សង្គ្រោះ​ក្មេង​អនាថា​ទេ​។​

«​ប៉ុន្តែ​នៅពេលដែល​ខ្ញុំ​បានទទួល​សិស្ស​មក គឺ​ខ្ញុំ​បានឮ​ព័ត៌មាន​តាមរយៈ​កូនសិស្ស​ទាំងអស់​ហ្នឹង​ថា អង្គការ​ផ្តល់​អី​ខ្លះ ជួយ​អី​ខ្លះ​ដល់​ខ្មែរ​។ អីចឹង ខ្ញុំ​កូន​ខ្មែរ​ដែរ ខ្ញុំ​ចង់​រួមចំណែក​។ ទោះបីជា​អត់​បាន​ច្រើន​ក៏ដោយ ប៉ុណ្ណា​ក៏ដោយ​តាម​សមត្ថភាព​របស់ខ្ញុំ ខ្ញុំ​ចង់​ជួយ​កូន​ខ្មែរ​យើង​ឲ្យ​មានចំណេះដឹង​ពិតប្រាកដ​»​។​

​នាង​យ៉ិ​ន ស្រី​លក្ខណ៍ អាយុ​២២​ឆ្នាំ​កូនជាង​កាត់ដេរ​មកពី​អង្គការ​មិត្តសំឡាញ់​និយាយថា នាង​ធ្វើការ​ផង រៀន​បន្ថែម​ផង​ជាង​មួយឆ្នាំ​ហើយ​នៅ​ហាង​កាត់ដេរ​រចនា​វ​ត្តី​នេះ ហើយ​នាង​ក៏​ចង់​ជួយ​ក្មេងជំនាន់ក្រោយ​ដូច​មេជាង​របស់​នាង​ដែរ​។

«​ខ្ញុំ​មក​ធ្វើការ​ទី​ហ្នឹង ខ្ញុំ​សប្បាយចិត្ត ព្រោះ​កន្លែង​គាត់​ដេរ​ស្អាត មាន​វិន័យ មាន​សណ្តាប់ធ្នាប់​ល្អ​អីចឹង​។ ខ្ញុំ​ចូលចិត្ត​អីចឹង​។​ទៅ​អនាគត ខ្ញុំ​ចង់​បើកហាង​ដូច​គាត់​ដែរ​»​។​

​ក្រៅពី​បញ្ជូន​សិស្ស​របស់ខ្លួន​ទៅធ្វើ​ការ​នៅតាម​ហាង​នានា និង​បើកហាង​រក​ចំណូល អង្គការ​មិត្តសំឡាញ់​ក៏បាន​បណ្តុះបណ្តាល​ស្ត្រី​អនាថា​ដែលមាន​កូន​ក្នុងបន្ទុក ឲ្យ​មាន​មុខរបរ​ផងដែរ​។​

​អ្នកស្រី​សុ​ផា វី អាយុ​៥៧​ឆ្នាំ បាន​ទៅ​រៀន​អាជីវកម្ម​ខ្នាតតូច​នៅ​អង្គការ​មិត្តសំឡាញ់ មុន​មក​បើក​លក់​ភេសជ្ជៈ​នៅ​ចំហៀង​មន្ទីរពេទ្យ​កាល់ម៉ែត ភ្នំពេញ​។ អង្គការ​មិត្តសំឡាញ់​បាន​ជួយ​ជា​សម្ភារៈ​មានតម្លៃ​សរុប​៣៥០​ដុល្លារ​ក្នុង​ការបើក​មុខរបរ​នេះ​។​

«​រៀន​លក់ ព្រោះ​ពី​ដើម​ខ្ញុំ​អត់​ដែល​ចេះ​លក់​ទេ ពី​ដើម​ខ្ញុំ​ធ្វើការ​។ ខ្ញុំ​ធ្វើការ​ក្នុង​ស្ថាបន​រដ្ឋ​ជាង​២០​ឆ្នាំ​មកនេះ​។ ដល់​លើកទីមួយ​សម្រាប់​ជីវិត​គឺ​ទៅ​រៀន​ពី​អង្គការ​ហ្នឹង​មកវិញ តែ​ហ្មង ចា៎​»​។​

​អ្នកស្រី​ឲ្យ​ដឹងថា អ្នកស្រី​បាន​បង្រៀន​ឲ្យ​កូនស្រី​របស់​អ្នកស្រី​មានមុខ​របរ​នេះដែរ​។​

​ទោះជា​យ៉ាងណាក្តី សុ​កញ្ញា​ឲ្យ​ដឹងថា ការទាក់ទាញ​ក្មេង​អានា​ថា និង​យុវជន​មក​ទទួល​ការបណ្តុះបណ្តាល​ជំនាញ​មានការ​លំបាក ពីព្រោះ​ពួកគេ​ភាគច្រើន​ក្រីក្រ​ត្រូវការ​លុយ​ភ្លាមៗ ខ្វះ​ចំណេះដឹង  ហើយ​ពួកគេ​សុខចិត្ត​ធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​ពលកម្ម​នៅក្រៅ​ប្រទេស ដែល​ពួកគេ​មិនអាច​ធ្វើបាន​នៅពេល​ចាស់​ទៅ​។​

«​លុយ​មាន​សារៈសំខាន់ តែ​គាត់​ចំណាយពេល​ត្រឹម​៦​ខែ​ទៅ​១​ឆ្នាំ​ដើម្បី​ទទួលបាន​ជំនាញ​គឺ​ខ្ញុំ​គិតថា វា​ធ្វើ​ឲ្យ​ជីវិត​របស់គាត់​មាន​និរន្តរភាព​ទី​កាន់​អនាគត​វែងឆ្ងាយ​ទៀត​»​។​

​ក្រៅពីនេះ យុវជន​និង​គ្រួសារ​អានា​ថា​មួយចំនួន​មិនអាច​ស្នាក់នៅ​ជាមួយ​អង្គការ​បាន ដោយសារ​ពួកគេ​នៅ​ញៀន​ថ្នាំ ញៀន​ស្រា  បារី ហើយនឹង​ត្រូវការ​សេរីភាព​ផ្សេងទៀត​។  អង្គការ​មិត្តសំឡាញ់​គោរព​សេរីភាព​អ្នក​មករក​ជំនួយ ហើយ​មិនមែនជា​មន្ទីរឃុំឃាំង​ពួកគេ​ដើម្បី​បន្សាប​ថ្នាំញៀន​នោះទេ​។​

​យុវជន​ញៀន​ថ្នាំ​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ និង​មិន​បង្ហាញមុខ​និយាយថា​៖

«​ធ្លាប់​ទៅ​នៅ​ដែរ តែ​នៅ​អត់​បានយូរ​។ ជួនកាល​ទៅ​នៅ​ទៅ​មានគំនិត​មួយ​គិតថា នៅក្រៅ​សប្បាយ​ជាង មាន​គ្រឿន​ញៀន​ប្រើ មាន​ស្រា​ផឹក ហើយ​មាន​មិត្តភក្តិ​ច្រើន អីចឹង​បានជា​នៅ​មណ្ឌល​អត់​បានយូរ​ទេ​។ ដូច​ថា យើង​ទម្លាប់​ដើរលេង​ខូចខិល អត់​កែ​កើត​ណា៎​»​។​

​ក្មេង និង​ជនអនាថា​ស្នាក់នៅ​អង្គការ​មិត្តសំឡាញ់​មាន​អាយុ​ពី​ទារក​រហូតដល់​២៤​ឆ្នាំ លើកលែង​ឪពុកម្តាយ​កុមារ​តូចៗ​។​

​ទោះជា​អង្គការ​មិត្តសំឡាញ់​ត្រូវ​ចំណាយ​ច្រើន​សម្រាប់​កុមារកំព្រា និង​ក្មេង​អនាថា​ក្តី ប៉ុន្តែ​អង្គការ​មិត្តសំឡាញ់​មិនមាន​គោលការណ៍​អនុញ្ញាត​ការសុំ​កូនចិញ្ចឹម​នៅក្រៅ​ប្រទេស​ទេ  ដោយសារ​អ្នកគ្រប់គ្រង​អង្គការ​យល់ថា ការធ្វើ​បែបនេះ​ជាការ​ប្រថុយប្រថាន​ខ្ពស់ ព្រោះ​ពិបាក​តាមដាន​អំពី​ជីវិត​កុមារ​។ ប៉ុន្តែ​លោក​ពិន សុខុម​បន្ថែមថា ឪពុក​ម្តាយធម៌​ក្នុងស្រុក​ដែលមាន​ជីវភាព​ធូរធារ​អាច​សុំ​កូនចិញ្ចឹម​ពី​អង្គការ​មិត្តសំឡាញ់​បាន​។​

​លោក​បន្តថា ការសង្គ្រោះ​និង​ការជួយ​បណ្តុះ​កុមារ​ក្នុងស្រុក​គួរ​ជា​អាទិភាព ព្រោះ​កុមារ​អាច​នៅមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សាច់​ផ្សេងៗ​៕

សូមទស្សនាវីដេអូ៖



​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com