ជាតិ
តុលាការ​កំពូល បើកសវនាការ​លើ​សំណុំរឿង​លោក គឹម សុខ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​
09, Jun 2017 , 10:06 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២0១៧​នេះ តុលាការ​កំពូល បាន​បើកសវនាការ​លើ​សំណុំរឿង​របស់លោក គឹម សុខ អ្នកវិភាគ​នយោបាយ ដែល​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស ដោយសារ​បណ្តឹង​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។ ការបើក​សវនាការ​នា​ព្រឹក​នេះ គឺធ្វើឡើង​តាម​សំណើ​របស់​មេធាវី ដែល​ការពារ​ក្តី​ឲ្យ​លោក​គឹម សុខ​។



​លោក ជូ​ង ជូ​ងី ដែលជា​មេធាវី​របស់លោក គឹម សុខ បាន​ប្តឹងទៅ​តុលាការ​កំពូល ដើម្បី​សុំ​ជំទាស់​នឹង​ការឃុំ​លោក គឹម សុខ​។ លោក​មេធាវី ជូ​ង ជូ​ងី ធ្លាប់​ប្តឹងទៅ​សាលាឧទ្ធរណ៍​ម្តង​រួចទៅហើយ ដើម្បី​សុំ​ជំទាស់​នឹង​រឿងនេះ ប៉ុន្តែ​មិន​ទទួលបាន​ជោគជ័យ​។  
 
​លោក គឹម សុខ ដែលជា​អ្នកតាមដាន​បញ្ហា​សង្គម​និង​ស្ថានភាព​នយោបាយ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​យកទៅ​ឃុំខ្លួន​បណ្តោះអាសន្ន ក្រោម​បទ​ចោទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» និង​បទ «​ញុះញង់ ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​» តាម​ពាក្យបណ្តឹង​របស់​សម្តេច ហ៊ុន សែន ដែលជា​នាយ​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ បើតាម​លោក គី តិច ដែលជា​មេធាវី​របស់​សម្តេច ហ៊ុន សែន ការប្តឹង​នេះ គឺ​ដោយសារតែ​លោក គឹម សុខ បាន​ចោទថា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពី​ក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី​។ នៅក្នុង​ពាក្យបណ្តឹង​នេះ សម្តេច ហ៊ុន សែន បាន​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០​ម៉ឺន​ដុល្លារ ពី​លោក គឹម សុខ​។ 
 
​លោក គឹម សុខ នៅ​រង​ពាក្យបណ្តឹង​មួយទៀត ពីស​ម្តេច ហ៊ុន សែន​។ បណ្តឹង​លើក​ទី​ពីរ​នេះ គឺពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់ គឹម សុខ ដែល​ចោទថា ប្រព័ន្ធ​មួយ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន មានការ​សម្លាប់​មនុស្ស ហើយ​រក​ឃាតក​មិនឃើញ​។ សម្រាប់​បណ្តឹង​នេះ សម្តេច ហ៊ុន សែន ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក គឹម សុខ ២៥០០​ដុល្លារ​អាមេរិក​៕

Tag:
 តុលាការ​
  គឹម សុខ​
© រក្សាសិទ្ធិដោយ thmeythmey.com