ពីនេះ ពីនោះ
នៅ​ជម្ពូទ្វីប មន្ត្រី​ជាច្រើន​សមគំនិត​កេងប្រវ័ញ្ច​លុយ​រដ្ឋ​
09, Jun 2017 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋ​នៅ​ជម្ពូទ្វីប​តែងតែ​ត្រូវ​មន្ត្រី​ថ្នាក់ខ្ពស់ៗ​សមគំនិត​កេងប្រវ័ញ្ច​។ ដូច​សម័យ​បច្ចុប្បន្ន​ដែរ កេងប្រវ័ញ្ច​សម្បត្តិ​របស់​រដ្ឋ គឺ​កេងប្រវ័ញ្ច​ញើស​ឈាម​របស់​ប្រជាជន​។ បញ្ហា​នៅត្រង់ថា មន្ត្រី​តូចតាច​ដែល​ដឹងឮ​រឿងនេះ តែងតែ​មិន​សប្បាយចិត្ត ហើយ​មិន​ចូលចិត្ត​ថ្នាក់ដឹកនាំ និង​មន្ត្រី​ថ្នាក់ខ្ពស់​នៅក្នុង​ក្រសួង​ខ្លួនឯង​។​



​មន្ត្រី​ជាច្រើន​នៅ​ស្រុក​ជម្ពូទ្វីប តែងតែ​ព្យាយាម​ស្វែងរក​ចន្លោះប្រហោង និង​លទ្ធភាព​កេងចំណេញ​ពីរ​ដ្ឋ​ដែល​បើក​ប្រាក់ខែ​ឲ្យ​ពួកគេ​ដើម្បី​ធ្វើ​ការបម្រើ​ប្រទេសជាតិ​។​

-​    ​ប្រសិនបើ​ក្រសួង​របស់​ពួកគេ​ត្រូវការ​ផ្គត់ផ្គង់​សម្ភារ​ដែល​បម្រើ​ឲ្យ​ក្រសួង​ពួកគេ ពួកគេ​បើក​ក្រុមហ៊ុន​ដោយ​ប្រយោល​លក់​សម្ភារ​ទាំងនោះ ដោយ​ចូលរួម​ប្រកួតប្រជែង​ដេញថ្លៃ​។ ពួកគេ​តែង​ទទួលបាន​ជោគជ័យ​ក្នុងការ​ការដេញថ្លៃ​នេះ​។​

-​    ​ពេលខ្លះ គេ​ក៏​អាច​បើក​កន្លែង​ជួសជុល​រថយន្ត ហើយ​រង់ចាំតែ​ជួសជុល​រថយន្ត​របស់​រដ្ឋ របស់​ថ្នាក់ដឹកនាំ​ក្រសួង និង​របស់​មន្ត្រី​ក្រសួង​មួយចំនួន​ផង​។ ក្នុងករណីនេះ វិក័យប័ត្រ​ត្រូវបាន​គេ​សរសេរ​បំប៉ោង​តាមចិត្ត​។​

-​    ​មន្ត្រី​នៅ​ស្រុក​ជម្ពូទ្វីប មិនសូវ​ជួយ​គិត​បន្ថយ​ចំណាយ​ថវិកា​របស់​ក្រសួង ឬ​ថវិកា​របស់​រដ្ឋ​ទេ ប៉ុន្តែ​គេ​ត្រូវ​ព្យាយាម​ស្វែងរក​ខ្ទង់ចំណាយ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។​

-​    ​វិក័យប័ត្រ​ទិញ​ទំនិញ​ជាច្រើន ច្រើនតែ​ប៉ោង​ហួស​តម្លៃ​ទីផ្សារ ហើយ​សម្ភារ​ខ្លះ​ត្រូវបាន​ទិញ​សម្រាប់​ការប្រើប្រាស់​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។​

-​    ​មន្ត្រី​នៅ​ស្រុក​ជម្ពូទ្វីប មិនចេះ​បិទ​អំពូល​អគ្គិសនី បើទោះជា​មាន​ពន្លឺ​ចូល​ការិយាល័យ​គ្រប់គ្រាន់ ឬ​បិទ​ម៉ាស៊ីនត្រជាក់​នៅពេល​អាកាសធាតុ​ត្រជាក់​ឡើយ​។ មន្ត្រី​នៅ​ស្រុក​នេះ មិនទាន់​ចេះ​ស្រឡាញ់​ប្រទេសជាតិ​តាមរយៈ​ការ​សន្សំសំចៃ​ថវិកាជាតិ​នោះទេ​៕


© រក្សាសិទ្ធិដោយ thmeythmey.com