ជាតិ
អ្នកជំនាញ ថា រដ្ឋាភិបាល​គួរ​ដំឡើង​ប្រាក់កម្រៃ​ជូន​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដើម្បី​ប្រសិទ្ធភាព​ការងារ​
09, Jun 2017 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកជំនាញ​អះអាងថា ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ ឬ​ប្រសិទ្ធភាព​នៃ​ការបម្រើ​សេវាសាធារណ​នៅ​ថ្នាក់ឃុំ​-​សង្កាត់ រដ្ឋាភិបាល​ត្រូវតែ​ដំឡើង​ប្រាក់​ឧបត្ថម​ប្រចាំខែ​របស់​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​។ 



​សព្វថ្ងៃ មេឃុំ​-​ចៅសង្កាត់ ទទួលបាន​ប្រាក់​ឧ​ត្ថ​ម​ប្រចាំខែ​ចំនួន ៨៨​ម៉ឺន​រៀល (​ប្រហែល ២១៧​ដុល្លារ​)​។ រីឯ​ជំទប់​-​សង្កា​ត់រង ទទួលបាន​ប្រាក់​ឧ​ត្ថ​ម ៦៥​ម៉ឺន​រៀល (១៦០​ដុល្លារ​)​។ ដោយឡែក​សមាជិក​ក្រុមប្រឹក្សា​ទទួលបាន ៥៧​ម៉ឺន​រៀល (១៤០​ដុល្លារ​) ។

​លោក ង៉ែត ជូ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន EMC បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ប្រាក់​ឧបត្ថម​នេះ​មិនអាច​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​បាន​សមរម្យ​នោះទេ​។ «​មេឃុំ​ទទួលបាន​ប្រហែល ៧​ដុល្លារ​ក្នុង​មួយថ្ងៃ ដែល​ពិបាក​នឹង​ទ្រទ្រង់​ជីវភាព​គ្រួសារ ហើយ​ការដែល​គាត់​ធ្វើជា​មេឃុំ​គឺមាន​ទំនាក់ទំនង​សង្គម​ច្រើន មែនទែន​គ្រាន់តែ​គេ​អញ្ជើញ​ចូលរួម​មង្គលការ​តាម​ភូមិ​ក៏​ប្រាក់​នោះ​មិនអាច​ទ្រទ្រង់បាន​នោះទេ​»​។​

​ក្រុមប្រឹក្សាឃុំ​សង្កាត់​គួរ​ទទួលបាន​ប្រាក់​ឧបត្ថម​ប្រចាំខែ​ក្នុង​ចំនួន ដែល​អាច​ឲ្យ​ពួកគាត់​រស់នៅ​សមរម្យ​។ ប្រាក់កម្រៃ​សមរម្យ ត្រូវបាន លោក ង៉ែត ជូ លើកឡើងថា មេឃុំ​-​ចៅសង្កាត់​គួរ​ទទួលបាន ៦០០​ដុល្លារ​, ជំទប់ ឬ​ចៅសង្កាត់រង​គួរ​បាន ៤៥០ ដុល្លារ និង​សមាជិក​ក្រុមប្រឹក្សា​ត្រូវបាន ៣០០ ដុល្លារ​។​

​លោក ង៉ែត ជូ ឲ្យ​ដឹងថា ប្រាក់កម្រៃ​ដែល​លោក​ស្នើឡើង​នេះ នឹង​ក្លាយជា​កត្តា​ជំរុញ​ឲ្យ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​ដោយ​ប្រសិទ្ធភាព និង​បញ្ចៀស​ការយក​កម្រៃ​ក្រៅច្បាប់​។ «​ជាធម្មតា​ដើម្បី​ឲ្យ​ពួកគាត់​ធ្វើការ​បាន​ពេញលេញ​ដោយ​វិជ្ជាជីវៈ គឺ​យើង​ត្រូវ​ធានាថា​ពួកគាត់​ត្រូវ​ទទួលបាន​ប្រាក់​ឧបត្ថម​សមរម្យ​អាច​ទ្រទ្រង់​ជីវភាព​គ្រួ​សារបាន​»​។ នេះ​ជាការ​បញ្ជាក់​របស់ លោក ង៉ែត ជូ មុននឹង​លោក​បន្តថា​៖«​តាម​ភាពជាក់ស្ដែង​មានការ​ទទួលបាន​កម្រៃ​តាមរយៈ​ការរក​កម្រៃ​ក្រៅ ដូចជា​ការចុះ​ហត្ថ​លេខ​លើ​លិខិតស្នាម​ជាដើម​។ ដូច្នេះ​ជំនួស​ឲ្យ​ការចុះ​ហត្ថ​លេខ​លើ​លិខិតស្នាម កុំ​ឲ្យ​មានទំនាស់​ផលប្រយោជន៍​ជាមួយនឹង​ការបម្រើ​សេវាសាធារណ​ជូន​ប្រជាពលរដ្ឋ ពួកគាត់​ត្រូវមាន​ប្រាក់​ឧបត្ថម​សមរម្យ​»​។​

​ស្របគ្នា​នឹង​ការដំឡើង​ប្រាក់​ឧបត្ថម​ប្រចាំខែ រដ្ឋាភិបាល​ត្រូវមាន​វិធានការ​ផ្នែក​ច្បាប់​តឹងរ៉ឹង​ដើម្បី​ធានាថា​ការបង្កើន​ប្រាក់​ឧ​ត្ថ​ម​នេះ​ពិត​ជាមាន​ប្រសិទ្ធ​ដល់​ការបម្រើ​សេវាសាធារណៈ និង​លុបបំបាត់​ការយក​កម្រៃ​ក្រៅផ្លូវការ​។ នេះ​ជាការ​អះអាង​របស់ លោក ង៉ែត ជូ ។​

​ទោះយ៉ាងណា​ការជំរុញ​ឲ្យ​មាន​គិតគូរ​ទំហំ​ប្រាក់​ឧបត្ថម​ថ្មី​នេះ មិនមែន​មានន័យថារ​ដ្ឋា​ភិ​បាល​ត្រូវតែ​ធ្វើ​ឲ្យ​បាន​ក្នុង​រយៈពេល​ភ្លាមៗ​នោះទេ​។ លោក ង៉ែត ជូ ថ្លែង​បញ្ជាក់ថា បើ​រដ្ឋាភិបាល​មាន​ឆន្ទ នោះ​ប្រាកដជា​ធ្វើបាន​ដូច​ការលើកឡើង​របស់​លោក តាមរយៈ​ការគ្រប់គ្រង​ថវិកាជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព និង​រក​ប្រភព​ចំណូល​ថ្មី​បន្ថែម ដើម្បី​ធ្វើយ៉ាងណា​ដំឡើង​ប្រាក់​ឧ​ត្ថ​ម​ប្រចាំខែ​របស់​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ជា​ជំហានៗ និង​សម្រេច​ឲ្យ​ដូច​ការស្នើ ក្នុងអំឡុង​រយៈពេល​៥​ឆ្នាំ​នៃ​អាណត្តិ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ថ្មី​នេះ​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​មួយរូប​នេះ ក៏​យល់ស្រប​លើ​ការដំឡើង​ប្រាក់​ឧបត្ថម​របស់​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ឲ្យ​បាន​សមរម្យ​ផងដែរ​។ លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ (CPS) មានប្រសាសន៍ថា កន្លងមក រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឧបត្ថម​នេះ​ប្រហែល ១៥​ភាគរយ​ក្នុង​មួយឆ្នាំ​។ តែ​ទោះយ៉ាងណា លោក​ចង់​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឧបត្ថម​ទ្វេដង​សម្រាប់​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នៅ​រាជធានី​ភ្នំពេញ និង​ដំឡើង ៥០​ភាគរយ​សម្រាប់​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នៅ​ទីជនបទ​។ លោក​បន្ត​យ៉ាង​ដូច្នេះ​ថា​៖«​ការចំណាយ​គឺ អាស្រ័យ​ទៅតាម​ទីកន្លែង ដូច​នៅ​ភ្នំពេញ ចៅសង្កាត់​ត្រូវ​ចំណាយ​ខ្ពស់ តែបើ​នៅ​ឃុំ​ដាច់ស្រយាល​ចំណាយ​តិច​ទេ​»​។​

​លោក ច័ន្ទ សុផល បន្ថែមទៀតថា រដ្ឋាភិបាល​មានលទ្ធភាព​នឹង​ដំឡើង​ប្រាក់​ឧបត្ថម​ប្រចាំខែ​ដល់​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ដូច​ការលើកឡើង​របស់​លោក​។

​សូមបញ្ជាក់ថា ប្រាក់កម្រៃ​ដែល​រដ្ឋាភិបាល​ផ្ដល់ជូន​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ជាប្រចាំ​ខែ គឺ​ហៅថា ប្រាក់​ឧបត្ថម​ប្រចាំខែ មិនមែន​ប្រាក់បៀវត្ស​ទេ ព្រោះ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ជា​ពលរដ្ឋ​ទទួល​អាណត្តិ មិន​ស្ថិតក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ឡើយ​៕


Tag:
 ក្រុមប្រឹក្សាឃុំ​-​សង្កាត់​
  ង៉ែត ជូ​
  ច័ន្ទ សុផល​
© រក្សាសិទ្ធិដោយ thmeythmey.com