ជាតិ
មហាផ្ទៃ​ផ្តល់​អំណាច​ដល់​អភិបាល​រាជធានី​-​ខេត្ត ដើម្បី​ប្រកាស​សុពលភាព​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ថ្មី​
16, Jun 2017 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​ប្រកាស ស្តីពី «​កា​ធ្វើ​ប្រតិភូកម្ម​អំណាច​ដល់​អភិ​បាល​រាជធានី​-​ខេត្ត ក្នុងការ​ចាត់ចែង​នូវ​ដំណើរការ​នៃ​កិច្ចប្រជុំ​លើកដំបូង​របស់​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ថ្មី នា​អាណត្តិ​ទី​៤​នេះ​»​។ យោង​តាមប្រកាសនេះ អភិបាល​រាជធានី និង​អភិបាលខេត្ត អាច​បើក​កិច្ចប្រជុំ ដើម្បី​ប្រកាស​សុពលភាព​នៃ​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ថ្មី នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។



​ប្រកាស​របស់​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ទៀតថា អភិបាល​រាជធានី​-​ខេត្ត អាច​ចាត់តាំង​តំណាង ដូចជា អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត អភិបាល ឬ​អភិបាលរង​នៃ​គណៈ​អភិបាលក្រុង ស្រុក ខណ្ឌ ជាដើម ដើម្បី​បើក​កិច្ចប្រជុំ​លើកដំបូង​របស់​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ថ្មី​។

​បើតាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤​នេះ នឹងត្រូវ​ប្រកាស នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៧​។

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កិច្ចប្រជុំ​លើកដំបូង ដើម្បី​ប្រកាស​សុពលភាព​នៃ​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ថ្មី នឹងត្រូវ​ធ្វើឡើង ក្រោយពី​ការប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត រយៈពេល​១៤​ថ្ងៃ​។​

​សូមបញ្ជាក់ថា គ​.​ជ​.​ប បានប្រកាស​លទ្ធផល​ប​ឋ​ម និង​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​រួចហើយ​។ ក្នុងដំណាក់កាល​នេះ គ​.​ជ​.​ប កំពុងតែបន្ត​ដោះស្រាយ​បណ្តឹង​មួយចំនួន របស់​គណបក្សនយោបាយ​។ ក្រោយ​ដោះស្រាយ​បណ្តឹង​ចប់សព្វគ្រប់ គ​.​ជ​.​ប នឹង​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​៕


Tag:
 បោះឆ្នោត​ឃុំ​-​សង្កាត់​
  ប្រកាស​សុពលភាព
© រក្សាសិទ្ធិដោយ thmeythmey.com