អន្តរជាតិ
អាមេរិក រិះគន់​អា​រ៉ា​ប៊ី​សា​អូឌីត​និង​សម្ព័ន្ធមិត្ត​ដែល​មិនទាន់​ផ្ដល់​មូលហេតុ​ក្នុងការ​ហ៊ុមព័ទ្ធ​កាតា​
22, Jun 2017 , 9:27 am        
រូបភាព
​ជាង​ពីរ​សប្ដាហ៍​ក្រោយ​ការហ៊ុមព័ទ្ធ​កាតា អាមេរិក បាន​សួររក​កំហុស​របស់​កាតា​ដែល​ចោទប្រកាន់​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​។ នៅពេលនេះ អាមេរិក​មិនទាន់​ទទួលបាន​បញ្ជី​កំហុស​ដែល​អា​រ៉ា​ប៊ី​សា​អូឌីត​អះអាងថា​ខ្លួន​រៀបរៀង​នៅឡើយ​ទេ ទោះជា​អា​រ៉ា​ប៊ី​សា​អូឌីត និង​សម្ព័ន្ធមិត្ត​ផ្សេងទៀត​បាន​ចោទ​កាតា​ថា​គាំទ្រ​ក្រុម​ភេរវ​ករ​ក្ដី​។ ប៉ុន្តែ​អាមេរិក​ចង់ដឹង​ច្បាស់​ជាង​នេះ​ពី​មូលហេតុ​នៅ​ពីក្រោយ​ជម្លោះ​រវាង​រដ្ឋ​ឈូង​សមុទ្រ​ពែ​រ្ស​។



​អាមេរិក ហាក់​បាន​ផ្លាស់ប្ដូរ​ជំហរ​របស់ខ្លួន​ក្នុង​ជម្លោះ​រវាង​កាតា និង​រដ្ឋ​ឈូង​សមុទ្រ​ផ្សេងទៀត​ដែល​ដឹកមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​។ ដំណាក់កាល​ដំបូង អាមេរិក​គាំទ្រ​អា​រ៉ា​ប៊ី​សា​អូឌីត បា​រ៉ែ​ន អារ៉ាប់​រួម​អេ​មី​រ៉ា​ត អេ​ហ្ស៊ី​ប យេ​ម៉ែន និង​ហ្ស៊ុ​កដា​នី​ជាដើម ដែល​បាន​ផ្ដាច់ និង​បន្ថយ​កម្រិត​ការទូត​ជាមួយ​កាតា​ដោយបាន​ចោទ​កាតា​ថា​បាន​គាំទ្រ​ពួក​ភេរវ​ករ​ជ្រុលនិយម​។ ប៉ុន្តែ​ពេលវេលា​ចេះតែ​អូសបន្លាយ អាមេរិក​បែរជា​រិះគន់​ចំណាត់ការ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត និង​សម្ព័ន្ធមិត្ត​ទៅវិញ​។​

​ក្រសួងការបរទេស​អា​មេ​រិ​ក បានបង្ហាញ​ចម្ងល់​ជុំវិញ​ការ​លាក់បាំង​មូលហេតុ​នៃ​ការហ៊ុមព័ទ្ធ​របស់​កាតា ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​។ នៅមុននេះ​ក្រុង​រី​យ៉ា​ដ​លើកឡើងថា ខ្លួន​កំពុង​ប្រមូល​បញ្ហា​បង្កឡើង​ដោយ​កាតា​ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​ខ្លួន និង​រដ្ឋ​ឈូង​សមុទ្រ​មួយចំនួន​ដាក់​សម្ពាធ​លើ​កាតា​នោះ​។ ប៉ុន្តែ​មកទល់ពេលនេះ បញ្ជី​បញ្ហា​នេះ​នៅ​មិនទាន់​បញ្ចេញ​នៅឡើយ​ទេ ដែល​ធ្វើ​ឲ្យ​អាមេរិក​មិន​ពេញចិត្ត​ឡើយ​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក Heather Nauert បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​២០ ខែមិថុនា ថា ពេលវេលា​កាន់តែ​ទៅមុខ ការសង្ស័យ​លើ​ចំណាត់ការ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត អារ៉ាប់​រួម​អេ​មី​រ៉ា​ត បា​រ៉ែ​ន និង​រដ្ឋ​មួយចំនួនទៀត​ប្រឆាំង​កាតា ក៏​កើនឡើង​ដែរ​។ បើតាម Al Jazeera លោកស្រី Nauert ក៏​លើក​ជា​សំ​ណូ​រថា​៖ «​តើ​ចំណាត់ការ​របស់​ពួកគេ​ប្រឆាំង​កាតា​ធ្វើឡើង​ដោយ បារម្ភ​ថា​កាតា​គាំទ្រ​ភេរវកម្ម​និយម ឬ​ការទាស់ទែង​គ្នា​ក្នុង​ក្រុមប្រឹក្សារដ្ឋ​ឈូង​សមុទ្រ (GCC)»?

​សូម​រម្លឹកថា នៅ​ថ្ងៃទី​៥ ខែមិថុនា រដ្ឋ​សមាជិក GCC មាន​អា​រ៉ា​ប៊ី​សា​អូឌីត បា​រ៉ែ​ន អារ៉ាប់​រួម និង​រដ្ឋ​ក្រៅ​ឈូង​សមុទ្រ​មួយចំនួនទៀត បាន​ពួតដៃគ្នា​ដាក់​សម្ពាធ​លើ​កាតា​ទាំង​ផ្លូវ​ការទូត និង​ការបិទ​ចរាចរណ៍​ធ្វើដំណើរ​ទាំង​ផ្លូវគោក ផ្លូវអាកាស និង​ផ្លូវទឹក​។ តម​កទៀត ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក៏​កាន់ជើង​ប្រទេស​ទាំងនេះ​ក្នុង​ការដាក់​សម្ពាធ​លើ​កាតា ហើយ​ថែមទាំង​ចោទ​កាតា​បាន​គាំទ្រ​ផ្ដល់​ហិរញ្ញវត្ថុ​ឲ្យ​ពួក​ភេរវ​ករ​ទៀតផង​។

​ទន្ទឹមគ្នា​នោះ មន្ទីរ​បញ្ច​កោណ និង​ក្រសួងការបរទេស​អាមេរិក ហាក់​បង្ហាញ​ជំហរ​នៅ​កណ្ដាល​ជម្លោះ​នេះ ព្រោះ​សុទ្ធតែជា​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន មិន​ថា​ខាង​អា​រ៉ា​ប៊ី​សា​អូឌីត និង​កាតា​ឡើយ​។ ទាំង​អា​រ៉ា​ប៊ី​សា​អូឌីត ទាំង​កាតា ទើប​ចុះ​កិច្ចព្រមព្រៀង​ទិញ​អាវុធ​ពី​អាមេរិក​ដូចគ្នា ហើយ​ក្រុង​រី​យ៉ា​ដ​ជា​មិត្ត​ដ៏​សំខាន់​របស់​វ៉ាស៊ីនតោន ខណៈ​ក្រុង​ដូ​ហា​ជា​មូលដ្ឋាន​កងទ័ព​អាមេរិក​ជាង​មួយ​ម៉ឺន​នាក់​ប្រចាំ​តំបន់​មជ្ឈិមបូព៌ា​ដែរ​៕ 
 

Tag:
 អាមេរិក​
  កាតា​
  មជ្ឈិមបូព៌ា
© រក្សាសិទ្ធិដោយ thmeythmey.com