អន្តរជាតិ
ចិន​និង​រុស្ស៊ី ប្រាប់​ឲ្យ​អាមេរិក​-​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​ឈប់​បង្កបញ្ហា​ដាក់គ្នា​
05, Jul 2017 , 3:24 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ីន ជីនភីង និងសមភាគីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅឯវិមានក្រេមឡាំង (រូបភាព Xinhua)
ប្រធានាធិបតីចិន ស៊ីន ជីនភីង និងសមភាគីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅឯវិមានក្រេមឡាំង (រូបភាព Xinhua)
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង បាន​ឯកភាពគ្នា​លើក​ជា​សំណើ​ឲ្យ​អាមេរិក និង​កូរ៉េខាងត្បូង ក៏ដូចជា​កូរ៉េខាងជើង បញ្ឈប់​ការបង្ក​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ ដែលជា​ហេតុ​នាំ​ឲ្យ​ភាគី​ម្ខាងៗ​យក​ធ្វើជា​លេស​ឆ្លើយតបបាន​។ រុស្ស៊ី និង​ចិន បាន​ប្រាប់​ឲ្យ​កូរ៉េខាងជើង​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ហើយ​អាមេរិក និង​កូរ៉េខាងត្បូង ក៏ត្រូវ​ឈប់​ធ្វើ​សមយុទ្ធ​រួមគ្នា​ដែរ​។ សម្រាប់​រុស្ស៊ី និង​ចិន ការបញ្ឈប់​សកម្មភាព​បង្ក​ហេតុនេះ នឹង​បង្ក​ជា​បរិយាកាស​ល្អ​សម្រាប់​ការរំសាយ​នុយក្លេអ៊ែរ​។​



​ចិន និង​រុស្ស៊ី បានបង្ហាញ​ជំហរ​រួមគ្នា​ក្នុងការ​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ មហាអំណាច​ទាំងពីរ ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​កូរ៉េខាងជើង បានស្នើ​ឲ្យ​ភាគី​ទាំងសងខាង​បញ្ឈប់​ទង្វើ​ដែល​ធ្វើ​ឲ្យ​កម្ដៅ​នៃ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​កើនឡើង ក៏ដូចជា​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​មិន​សប្បាយចិត្ត​។ ចិន និង​រុស្ស៊ី ក៏​បង្ហាញ​ជំហរ​ជំទាស់​ការប្រើប្រាស់​កម្លាំង​យោធា​ដើម្បី​ដោះស្រាយ​បញ្ហា​សាំ​ញាំ​នេះដែរ​។​

​ជំហរ​រួមគ្នា​នេះ ត្រូវបាន​ប្រកាស​អំឡុង​ពេល​ទស្សនកិច្ច​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង នៅ​រុស្ស៊ី​។ លោក ស៊ី ជីន​ភីង បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សម​ភាគី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃទី​៤ ខែកក្កដា ដោយ​ពិភាក្សា​លើ​បញ្ហា​ជាច្រើន​រាប់ទាំង​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ​ផង​។ រុស្ស៊ី និង​ចិន បាន​ឯកភាពគ្នា​ជំរុញ​គំនិត​ផ្ដួចផ្ដើម​ប្រទេស​ទាំងពីរ គឺ​ការដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​ជា​ជំហានៗ​របស់​រុស្ស៊ី និង​ជំហរ​របស់​ចិន​ក្នុង​ការផ្អាក​ព្រម​គ្នា​នៃ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​សមយុទ្ធ​រួមគ្នា​អាមេរិក​-​កូរ៉េខាងត្បូង​។ 

​ក្នុង​សន្និសីទកាសែត​រួមគ្នា​ជាមួយ​ប្រមុខរដ្ឋ​ចិន លោក ពូ​ទីន បញ្ជាក់ថា រុស្ស៊ី និង​ចិន មាន​ជំហរ​ដូចគ្នា និង​ស្រដៀង​គ្នា​លើ​បញ្ហា​ជាច្រើន ហើយ​ភាគី​ទាំងពីរ​នឹង​បន្ត​ការសម្របសម្រួល​នយោបាយ​ការបរទេស​ទៀត​។ មិន​ត្រឹមតែ​ជំហរ​ដូចគ្នា​លើ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ទេ រុស្ស៊ី និង​ចិន​ក៏មាន​ជំហរ​ស្របគ្នា​ក្នុងការ​ប្រឆាំង​វត្តមាន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អាកាស THAAD នៅ​កូរ៉េខាងត្បូង​ផងដែរ​។ ប្រទេស​ទាំងពីរ​បាន​ប្រាប់​ឲ្យ​អាមេរិក​ផ្អាក​ផែនការ​ពង្រាយ THAAD ព្រោះ​ប៉ះពាល់​ស្ថិរភាព​តំបន់​។​

​បើតាម​សារព័ត៌មាន RT ដែល​ស្រង់​ប្រភពពី​សេចក្ដីថ្លែងការណ៍​រដ្ឋមន្ត្រី​ការបរទេស​ទាំងពីរ ទាំង​រុស្ស៊ី ទាំង​ចិន សុទ្ធតែ​យល់​ដូចគ្នា​ថា ការពង្រាយ THAAD មិនបាន​ជួយ​អ្វី​សោះ​ដល់​ការលុបបំបាត់​នុយក្លេអ៊ែ​រ​ពី​ឧបទ្វីប​កូរ៉េ និង​ការរក្សា​សន្តិភាព ស្ថិរភាព​ក្នុង​តំបន់​ទៅទៀត​។ ម្យ៉ាងទៀត វត្តមាន​ប្រព័ន្ធ​ការពារ THAAD នៅ​កូរ៉េខាងត្បូង ក៏បាន​ប៉ះពាល់​ខ្លាំង​ដល់​ប្រយោជន៍​យុទ្ធសាស្ត្រ​របស់​មហាអំណាច​ទាំងពីរ ទោះជា​អាមេរិក​អះអាងថា​នេះ​ជា​វិធាន​ការការពារ​ខ្លួន​ក៏ដោយ​។​

​ទាក់ទិន​ការ​រលុប​បំបាត់​នុយ​ក​ក្លេ​អ៊ែរ​នេះ ទាំង​ចិន ទាំង​រុស្ស៊ី សុទ្ធតែ​មិន​ចង់​ដោះស្រាយ​បញ្ហា​ដោយផ្ទាល់ និង​ជំរុញ​ឲ្យ​ភាគី​ជម្លោះ​ទាំងសងខាង គឺ​កូរ៉េខាងជើង និង​អាមេរិក​-​កូរ៉េខាងត្បូង រួមគ្នា​ដោះស្រាយ​បញ្ហា​ឲ្យ​ចប់​។ ចិន​រង​សម្ពាធ​ខ្លាំង​ពី​អាមេរិក​ឲ្យ​ជួយ​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង ព្រោះ​អាមេរិក​ជឿថា​ចិន​មាន​ទឹកមាត់ប្រៃ​ជាង​ខ្លួន ប៉ុន្តែ​មកទល់​ពេល​បញ្ហា​នៅ​មិនទាន់​រក​ច្រកចេញ​បាន​ដដែល ខណៈ​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​អន្តរទ្វីប​មួយទៀត​កាលពី​ថ្ងៃទី​៤ ខែកក្កដា​៕ 


Tag:
 ចិន​
  រុស្ស៊ី​
  អាមេរិក​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com