ជាតិ
អតីត​សិស្ស​វិទ្យាល័យ​ក្រុងព្រះសីហនុ​ម្នាក់ នឹង​ផ្ដល់​កុំព្យូទ័រ​ម្នាក់​១​គ្រឿង​ដល់​សិស្ស​និទ្ទេស​A ប្រចាំខេត្ត​នេះ​
08, Jul 2017 , 6:59 pm        
រូបភាព
លោក នី ផល្លី  រូបភាព​ពីហ្វេសប៊ុក លោក នី ផល្លី
លោក នី ផល្លី រូបភាព​ពីហ្វេសប៊ុក លោក នី ផល្លី
 
​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៧​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២១ សីហា​ខាងមុខ​។  លោក នី ផល្លី អតីត​សិស្ស​វិទ្យាល័យ​ក្រុងព្រះសីហនុ បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​ង​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បានប្រកាស​ផ្ដល់​កុំព្យូទ័រ​យួរដៃ ម្នាក់​មួយគ្រឿង ដើម្បី លើកទឹកចិត្ត​ដល់​សិស្ស​ដែល​ប្រឡង​បាន​និទ្ទេស A ប្រចាំខេត្ត​នេះ​។​


​សិស្ស​ថ្នាក់​ទី​១២ នៅក្នុង​ខេត្ត​ព្រះសីហនុ ដែល​ទទួលលទ្ធផល​និទ្ទេស A ក្នុងការ​ប្រឡង​បាក់​ឌុប​ខាង​មុននេះ នឹង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​កុំព្យូទ័រ​យួរដៃ ម្នាក់​មួយគ្រឿង   ពី​អតីត​សិស្ស​វិទ្យាល័យ​ក្រុងព្រះសីហនុ​ម្នាក់ គឺ​លោក នី ផល្លី​។  ជា​អគ្គលេខាធិការ​ង​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ផង  លោក នី ផល្លី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា ដូច្នេះ​ថា​៖«​ការផ្ដល់​រង្វាន់​នេះ គឺជា​ការលើកទឹកចិត្ត និង​ជំរុញ​ដល់​យុវជន ឲ្យ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ការប្រឡង​បាក់​ឌុប​ខាងមុខ​»​។ មន្ត្រី​រូបនេះ​បន្ថែមថា​៖ «​កាលពី​ឆ្នាំ​២០១៦​កន្លងទៅ ខេត្ត​ព្រះសីហនុ​មាន​សិស្ស​និទ្ទេស​តែ ៧​នាក់​ប៉ុណ្ណោះ​។ ហើយ​ការផ្ដល់​រង្វាន់​នេះ ក៏​អាច​កត្តា​ជំរុញ​ឲ្យ​សិស្សានុសិស្ស​ក្នុង​ខេត្ត​នេះ ជាប់​បាន​និទ្ទេស A ច្រើន​ផងដែរ​»​។ 
 
​នេះ​ជាការ​ផ្ដល់​រង្វាន់​លើកទឹកចិត្ត លើកដំបូង​របស់លោក នី ផល្លី ដែល​អះអាង​ទៀតថា ប្រសិនបើ​ការផ្ដល់​រង្វាន់​នេះ មាន​ឥទ្ធិពល​អាច​ឲ្យ​សិស្ស​ខិតខំ​ប្រឹងប្រែង​រៀន លោក នឹង​បន្ត​ផ្តល់​ការលើក​ទឹក​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​។​
 
​អតីត​សិស្ស​វិទ្យាល័យ​ក្រុងព្រះសីហនុ​រូបនេះ ក៏​នឹង​រៀបចំ​សិក្ខាសាលា​តម្រង់ទិស​មួយ​ដែរ នៅក្រោយ​ការប្រឡង​បាក់​ឌុប ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​សិស្សានុសិស្ស​ងាយស្រួល​រើស​ជំនាញ និង​ងាយ​រក​ការងារ​ធ្វើ​ក្រោយ​រៀន​ចប់​។ 
 
​សូម​រម្លឹកថា សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៦-២០១៧​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២១ សីហា​។ បើតាម​ក្រសួង​អប់រំ ឆ្នាំនេះ មាន​មណ្ឌល​ប្រឡង​ចំនួន ១៧៧ និង​បែង​ចែកជា ៤,១៥៤ បន្ទប់​ប្រឡង​នៅ​ទូទាំងប្រទេស​៕ 

Tag:
 បាក់​ឌុប​
  និទ្ទេស​A
 ​ នី ផល្លី​
 ​ ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com