ជាតិ
បារាំង​នឹង​រៀបចំ​រាត្រីសមោសរ​នៅ​កោះ​ពេជ្រ​ដើម្បី​អបអរ​បុណ្យជាតិ​បារាំង​
08, Jul 2017 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​បារាំង​-​កម្ពុជា (CCIFC) រួមសហការ​ជាមួយ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា នឹង​រៀបចំ​បុណ្យជាតិ​បារាំង នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​រាត្រី​ថ្ងៃ​ព្រហស្បតិ៍  ទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ ចាប់ពី​ម៉ោង​៦​ល្ងាច​ដល់​ម៉ោង​១២​អា​ធ្រា​ត្រ​។ ការ​ប្រារព្ធ​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ដ៏​សំខាន់​របស់​បារាំង​នេះ ធ្លាប់បាន​រៀបចំ​ម្តង​ហើយ​កាលពី​ឆ្នាំមុន ដោយមាន​អ្នកចូលរួម​ជាង​១២០០​នាក់​។​

 
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង ពិធីបុណ្យ​នេះ​នឹង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​បារាំង និង​មិត្តភក្តិ​នៃ​ប្រទេស​បារាំង​ទាំងអស់ ចូលរួម​អបអរ​វប្បធម៌​បារាំង នៅក្នុង​បរិយាកាស​ដ៏​សប្បាយរីករាយ​មួយ​។ រាត្រី​នោះ​នឹង​មានការ​ទទួលទាន​អាហារ​ពេល​ល្ងាច​បែប​បារាំង និង​ការរាំរែក​កម្សាន្ត ដែលជា​កម្មវិធី​មិនអាច​ខ្វះ​បាន​នៅ​ក្នុងការ​ប្រារព្ធ​ពិធីបុណ្យ​ប្រជាប្រិយ​ជាតិ​នៅ​ប្រទេស​បារាំង ហើយ​ក្រៅពីនោះ​នឹងមាន​ព្រឹត្តិការណ៍​គួរអោយភ្ញាក់ផ្អើល​ផ្សេងៗ​ទៀត​ជាច្រើន​។​
 
​សូមបញ្ជាក់ថា ម្ហូបអាហារ​បែប​បារាំង ដែល​ត្រូវ​បម្រើ​ជូន​ភ្ញៀវ​នៅតាម​តុ​នីមួយៗ ត្រូវបាន​រៀបចំ​យ៉ាង​សម្រិតសម្រាំង​ឡើង​ដោយ​គណៈកម្មការ Good France Cambodia​។ ក្រៅពី​ការប្រគុំ​តន្ត្រី​និង​ការរាំរែក​កម្សាន្ត​សម្រាប់​មនុស្ស​ធំ នឹងមាន​ការរៀបចំ​ក​ម្ម​វិធី​កម្សាន្ត​ដោយឡែក​សម្រាប់​កុមារ​ផងដែរ​។ 
 
​អ្នក​ដែលមាន​បំណង​ចូលរួម​ក្នុង​រាត្រីសមោសរ​នេះ ត្រូវ​ទាក់ទង​ទិញ​សំបុត្រ​ទុកជាមុន ដោយ​តម្លៃ​២៥​ដុល្លារ​អាមេរិក​សម្រាប់​មនុស្ស​ធំ ១០​ដុល្លារ​សម្រាប់​កុមារ​អាយុ​ក្រោម​១២​ឆ្នាំ និង​មិន​គិតថ្លៃ​សម្រាប់​ក្មេង​អាយុ​ក្រោម​៣​ឆ្នាំ​៕
 

Tag:
 កម្ពុជា​-​បារាំង​
  បុណ្យជាតិ​បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com