ជាតិ
ព្រះមហាក្សត្រ យាង​ជា​ព្រះរាជាធិបតី​ក្នុង​ពិធី ដាំ​ដើមឈើ​ជិត ១ ម៉ឺន​ដើម​
09, Jul 2017 , 2:07 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ដោយ: ថ្មីៗ
 
​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បាន​យាង​ជា​ព្រះរាជាធិបតី​ក្នុង​ពិធី រុក្ខទិវា ដែល​ប្រារព្ធ​ឡើង​នៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល នៅ​ថ្ងៃទី ៩ ខែកក្កដា នេះ​។​

 
​មន្ត្រី​រាជវាំង មន្ត្រី​ព្រឹទ្ធ​សភាព រដ្ឋសភា និង​មន្ត្រី​ក្រសួងកសិកម្ម ជាដើម បាន​អមដំណើរ​ព្រះរាជា យាង​ទៅ​ដាំ​ដើមឈើ ស្ថិតនៅ​ទីតាំង​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​ទួល​ព្រេច នៅក្នុង​ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ បើតាម​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បាន​ថ្លែង​នៅក្នុង​ព្រះរាជ​ពិធី រុក្ខទិវា នៅ​ថ្ងៃទី ៩ ខែកក្កដា នោះ ការដាំ​ដើមឈើ​សម្រាប់​ពិធី​រុក្ខទិវា នៅ​ឆ្នាំនេះ ធ្វើឡើង​នៅលើ​ផ្ទៃដី​ទំហំ​១០​ហិកតា ហើយ​កូនឈើ​ដែល​ត្រូវ​យកមក​ដាំ សរុប​ចំនួន​៨,៨៣០ ដើម ដោយមាន​ប្រភេទ​ឈើ​ក្រញូង ធ្នង់ និង​គីនីន ជាដើម​។​
 
​លោក សាខុន បន្ថែមថា គោលបំណង​សំខាន់​នៃ​ពិធី​រុក្ខទិវា​នេះ ដើម្បី​បំផុត​ស្មារតី​ចូលរួម​ស្តារ និង​ដាំ​ដើមឈើ​ឡើងវិញ ដោយ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សោភ័ណភាព ទេសភាព​ធម្មជាតិ បរិស្ថាន រក្សា​និយតភាព​ប្រភពទឹក ការពារ​ទី​ជម្រាល​និង​ជីវចម្រុះ កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ទៅ​បរិយាកាស ព្រមទាំង​ជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ ប្រជាពលរដ្ឋ​រាប់លាន​នាក់ ដែល​ពឹង​អាស្រ័យទៅលើ​ផល​អនុផល​ព្រៃឈើ​។ លោក​រដ្ឋមន្ត្រី ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​គ្រប់រូប ចូលរួម​រក្សា​ការពារ ប្រភព​ទ្រទ្រង់​ជីវិត​នេះ ដោយ​រក្សា​ការពារ អភិរក្ស និង​អភិវឌ្ឍ​ព្រៃឈើ ឲ្យ​មាន​ប្រសិទ្ធិភាព និង​និរន្តរភាព ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្សជាតិ​យើង​ជំនាន់​បច្ចុប្បន្ន និង​ជំនាន់​ក្រោយៗ​ទៀត​៕

ដោយ​៖ យ​ន គ​ន្ធា​

  
រូបពីហ្វេសប៊ុក​ក្រសួង​កសិកម្ម​












Tag:
 ព្រះមហាក្សត្រ​
  រុក្ខទិវា
© រក្សាសិទ្ធិដោយ thmeythmey.com