អន្តរជាតិ
យុវជន​ចិន​៤​នាក់​ស្ម័គ្រចិត្ត​រស់នៅក្នុង​បន្ទប់ពិសោធន៍​ដូច​ឋាន​ព្រះ​ចន្ទ​រយៈពេល​២០០​ថ្ងៃ​
12, Jul 2017 , 7:39 pm        
រូបភាព
ដោយ: ធីតា
​យុវជន​ចិន​៤​នាក់ បាន​ស្ម័គ្រចិត្ត​រស់ក្នុង​បន្ទប់ពិសោធន៍​មួយ​ដោយ​កាត់​ផ្តាច់ទំនាក់ទំនង​ខាងក្រៅ​ជា​បណ្តោះអាសន្ន​រយៈពេល​២០០​ថ្ងៃ​។ នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​វិទ្យាសាស្ត្រ​ដែលមាន​ឈ្មោះថា Yuengong-1 ឬ Lunar Palace 365 (​វិមាន​ចន្ទ​)​ដែល​ចង់​ពិសោធន៍​ការរស់នៅ​របស់​មនុស្ស​នៅ​ឋាន​ព្រះ​ចន្ទ​។​



​ចិន​ធ្លាប់បាន​ប្រកាសថា ពួកគេ​នឹង​ប្រើប្រាស់​បរិយាកាស​ចន្លោះ​ភពផែនដី និង​ភព​ព្រះ​ចន្ទ​ដើម្បី​បង្កើត​ឋា​ម​ពល ហើយ​នៅ​ឆ្នាំ​២០៣៦​ខាងមុខ ពួកគេ​នឹង​បញ្ជូន​មនុស្ស​ឲ្យ​ទៅដល់​ឋាន​ព្រះ​ចន្ទ​ជា​លើកដំបូង​ផងដែរ​។​



​មុន​ឈានដល់​គោលដៅ​ខ្លួន កាលពី​ថ្ងៃអាទិត្យ ទី​៩ ខែកក្កដា និស្សិត​ចិន​៤​នាក់​នៃ​សាកលវិទ្យាល័យ Beihang ក្រុង​ប៉េកាំង បាន​ស្ម័គ្រចិត្ត​ចូលក្នុង​បន្ទប់ពិសោធន៍​ដែលមាន​ឈ្មោះថា Lunar Palace-1 ។ បើតាម Reuters នេះ​ជា​គម្រោង​ពិសោធន៍​ផ្ទាល់​របស់​សាកលវិទ្យាល័យ Beihang ដោយ​តម្រូវ​ឲ្យ​និស្សិត​ទាំង​៤​រូប​រស់នៅក្នុង​បន្ទប់​ដែលមាន​សណ្ឋាន​ដូច​ព្រះ​ចន្ទ​រយៈពេល​២០០​ថ្ងៃ​។​

​បន្ទប់ «Lunar Palace» នោះ មាន​ទំហំ​១៦០​ម៉ែត្រ ដោយមាន​គ្រែ​គេង​៤ បន្ទប់​សម្អាតខ្លួន បន្ទប់​សម្រាក​ព្យាបាល ហើយ​ក៏មាន​ការដាំ​បន្លែ​នៅ​ជុំវិញ​នោះ​ផងដែរ​។ ជាមួយគ្នានេះ​ផងដែរ ក្រុមនិស្សិត​ទាំង​៤ ក៏ត្រូវ​តម្រូវ​ឲ្យ​ចាត់ចែង​កាកសំណល់ ជាពិសេស​លាមក​របស់​ខ្លួន​ផងដែរ សម្រាប់​ការរស់នៅ​រយៈ​ពេល​២០០​ថ្ងៃ​ក្នុង Lunar Palace នៅ​បរិវេណ​សាកលវិទ្យាល័យ Beihang​។



​ទាក់ទង​នឹង​ការពិសោធន៍​ជីវិត​រស់នៅ​ឋាន​ព្រះ​ចន្ទ វា​ជា​ដំណាក់កាល​ទី​ពីរ​ហើយ ដោយ​កាលពី​ឆ្នាំ​២០១៤ មនុស្ស​៤​នាក់​បាន​សាកល្បង​ប្រកបដោយ​ជោគជ័យ​ក្នុងការ​រស់នៅ​ស្ថានភាព​បែបនេះ​រយៈពេល​១០៥​ថ្ងៃ ចំណែកឯ​ដំណាក់កាល​ទី​បី នឹងមាន​រយៈពេល​៣៦៥​ថ្ងៃ​៕




Tag:
 ឋាន​ព្រះ​ចន្ទ​
  វិទ្យាសាស្ត្រ​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com