ជាតិ
កម្ពុជា បដិសេធថា គ្មាន​ការចាប់​បញ្ជូន​ជនជាតិ​តៃវ៉ាន់ ទៅ​ចិន​ឡើយ​
27, Jul 2017 , 3:31 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក អ៊ុក ហៃសិលា
រូបពីហ្វេសប៊ុកលោក អ៊ុក ហៃសិលា
​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បដិសេធថា គ្មាន​ការចាប់ខ្លួន​ជនជាតិ​តៃវ៉ាន់ បញ្ជូនទៅ​ចិន​ឡើយ​។ ការអះអាង​របស់​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​បែបនេះ ធ្វើឡើង​ក្រោយពី​តៃវ៉ាន់ ចោទ​កម្ពុជា​ថា បាន​ចាប់ខ្លួន​ជនជាតិ​តៃវ៉ាន់​ចំនួន​៧​នាក់ ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​កម្ម​ជំរិត​ទា​ប្រាក់ បញ្ជូនទៅ​ប្រទេស​ចិន​។



​ប្រធាន​ផ្នែក​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ លោក អ៊ុក ហៃ​សិលា បាន​និយាយថា ជនល្មើស​ចំនួន​៣១​នាក់ ដែល​កម្ពុជា​ចាប់​បញ្ជូនទៅ​ប្រទេស​ចិន​កន្លងមកនេះ សុទ្ធតែជា​ជនជាតិ​ចិន ពោលគឺ​គ្មាន​ជនជាតិ​តៃវ៉ាន់ ដូច​ការចោទប្រកាន់​ឡើយ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក អ៊ុក ហៃ​សិលា បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​អត់​ឃើញ​មាន​ជនជាតិ​តៃវ៉ាន់​ណា​ម្នាក់​ឡើយ ។ ហើយ​ពេល​យើង​ឃាត់ខ្លួន​ជនល្មើស​នោះ គ្រាន់​តែមាន​អ្នកខ្លះ​អត់​មាន​ឯកសារ​អត្តសញ្ញាណ​ត្រឹមត្រូវ ប៉ុន្តែ​យើង​បាន​ឲ្យ​ខាង​ទូត​ចិន​មក​ត្រួត​ពិនិត្យមើល និង​សាក​សួរនាំ ហើយ​ត្រូវបាន​ខាង​ទូត​ចិន​ថា​ជា​ជនជាតិ ទើបបាន​យើង​បញ្ជូន​ពួកគេ​ទៅ​ចិន​»​។​

​កាលពី​សប្ដាហ៍​មុន កម្ពុជា បាន​ចាប់បញ្ជូន​ជនល្មើស ដែល​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជំរិត​ទា​ប្រាក់ តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ចំនួន​៣១​នាក់ បញ្ជូនទៅ​ប្រទេស​ចិន​។ តែ​ព័ត៌មាន​នេះ​ត្រូវបាន​ភាគី​តៃវ៉ាន់ តវ៉ា​ឲ្យ​កម្ពុជា​ត្រួត​ពិនិត្យឡើងវិញ ។ អ្នកនាំពាក្យ​ការបរទេស​តៃវ៉ាន់ លោកស្រី Eleanor Wang អះអាងថា ក្នុងចំណោម​ជនល្មើស​៣១​នាក់ ដែល​កម្ពុជា បញ្ជូនទៅ​ចិន​នោះ មាន​ជនជាតិ​តៃវ៉ាន់​ចំនួន​៧​នាក់​។ លោកស្រី Eleanor Wang បានស្នើ​ឲ្យ​កម្ពុជា នាំយក​ជនជាតិ​តៃវ៉ាន់ ដែល​បញ្ជូនទៅ​ចិន​នោះ ត្រឡប់​ទៅ​តៃវ៉ាន់ វិញ​ផងដែរ​។​

​បើតាម​សារព័ត៌មាន Reuter ដែល​បាន​ស្រង់​សម្តី​របស់​អ្នកនាំពាក្យ​ការបរទេស​តៃវ៉ាន់ លោកស្រី Eleanor Wang បានបញ្ជាក់​ដូច្នេះ​៖«​យើង​សូម​សម្ដែង​ការព្រួយបារម្ភ និង​សោកស្ដាយ​យ៉ាងខ្លាំង អំពី​បញ្ហា​ជនជាតិ​តៃវ៉ាន់ ដែល​ត្រូវបាន​កម្ពុជា​ចាប់បញ្ជូន​ទៅ​ចិន​នេះ​។ យើង​អំពាវនាវ​ឲ្យ​កម្ពុជា ធានា​ដល់​ដំណើការ​ជួយសង្គ្រោះ ការផ្ដល់​អត្ថប្រយោជន៍ និង​គោរព​សិទ្ធិ​ជនជាតិ​តៃវ៉ាន់​»​។​

​តែ​យ៉ាងណា​លោក អ៊ុក ហៃ​សិលា បាន​និយាយថា កម្ពុជា​មិនមាន​ចំណាត់ការ​ស៊ើបអង្កេត​ឡើងវិញ លើ​ករណី​ជនល្មើស ដែល​បញ្ជូនទៅ​ចិន​នោះឡើយ​។ «​យើង​មិនទាន់​ទទួល​ការស្នើសុំ​ជា​ផ្លូវការ​ពី​តៃវ៉ាន់​នៅឡើយ​ទេ​។ ហើយ​យើង​ក៏​គ្មាន​យន្តការ​អ្វី​ត្រូវ​ត្រួត​ពិនិត្យមើល​ករណី​នេះដែ​រ​។ បើសិនជា​តៃវ៉ាន់ អះអាងថា មាន​ជនជាតិ​ពួកគេ​មែន តៃវ៉ាន់​គួរតែ​ទាក់ទង​ទៅ​ចិន ដោយផ្ទាល់​ទៅ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក អ៊ុក ហៃ​សិលា ឆ្លើយតប​នឹង​ការស្នើសុំ​របស់​តៃវ៉ាន់​៕


Tag:
 អ៊ុក ហៃ​សិលា​
 ​ តៃវ៉ាន់​
 ​ ចិន
© រក្សាសិទ្ធិដោយ thmeythmey.com