ជាតិ
​​​ន​យោ​បាយ​ជាតិ​
សាលាឧទ្ធរណ៍ នឹង​ប្រកាស​សាលដីកា​លើ​សំណុំរឿង​អ្នកស្រី ទេព វ​ន្នី នៅ​ដើមខែ​សីហា​
27, Jul 2017 , 7:57 pm        
រូបភាព

​ភ្នំពេញ​៖ ក្រោយ​បញ្ចប់​សវនាការ សាលា​ឧ​ទ្ទ​រណ៍ បាក​កំណត់​យក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២0១៧ ដើម្បី​ប្រកាស​សាលដីកា​លើ​បណ្តឹង​របស់​អ្នកស្រី ទេព វ​ន្នី សកម្មជន​បឹងកក់ ដែល​សុំ​ប្រឆាំងនឹង​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ផ្តន្ទាទោស​អ្នកស្រី ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំកន្លះ ទាក់ទង​នឹង​អំពើហិង្សា កាលពី​ឆ្នាំ​២0១៣​។ មន្ត្រី​ព​ន្ធា​ន​គារ បាន​ដឹក​អ្នកស្រី ទេព វ​ន្នី ទៅកាន់​សាលាឧទ្ធរណ៍ ដើម្បី​ចូលរួម​សវនាការ នៅ​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២0១៧​នេះ​។​



​ខណៈ​សវនាការ​កំពុង​តែ​ដំណើរការ ប្រជាពលរដ្ឋ​មួយចំនួន ជាពិសេស​សកម្មជន​បឹងកក់ បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​សាលាឧទ្ធរណ៍ ដើម្បី​សុំ​ឲ្យ​ដោះលែង​លោកស្រី ទេព វ​ន្នី​។ ប្រជាពលរដ្ឋ​ទាំងនោះ បាន​ស្រែក​ឲ្យ​ដោះលែង​អ្នកស្រី ទេព វ​ន្នី ដោយ​ក្នុង​ដៃ​របស់​ពួកគាត់ មាន​រូប​អ្នកស្រី ទេព វ​ន្នី និង​បដា​មួយចំនួន​។ ពួកគាត់ បាន​សរសេរ​ពាក្យ​ក្នុង​បដា​ថា​៖«​ទេព វ​ន្នី ជា​ស្រី្ត​ស្អាតស្អំ​។ ដោះលែង​អ្នកស្រី ទេព វ​ន្នី [….]»​។ 
 
​ចំណែកឯ ក្រុម​សង្គម​ស៊ីវិល​មួយចំនួន ក៏បាន​សេចក្តី​សេចក្តីថ្លែងការណ៍​រួមគ្នា​ផងដែរ ជុំវិញ​ការបើក​សវនាការ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ តាមរយៈ​សេចក្តីថ្លែងការណ៍ ក្រុម​សង្គម​ស៊ីវិល ទទូច​ឲ្យ​សាលាឧទ្ធរណ៍​ច្រានចោល​នូវ​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ផ្តន្ទាទោស​អ្នកស្រី ទេព វ​ន្នី ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំកន្លះ​។ 
​ក្រុម​សង្គម​ស៊ីវិល បានលើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​យ៉ាង​ដូច្នេះ​៖«​យើងខ្ញុំ​សង្ឃឹមថា សាលាឧទ្ធរណ៍ នឹង​ប្រើប្រាស់​ឯករាជភាព​រប​ស់​ខ្លួន និង​ស្វែ​រ​រក​យុត្តិធម៌​ជូន​អ្នកស្រី ទេព វ​ន្នី វិញ តាមរយៈ​ការបដិសេធ​នូវ​ការផ្តន្ទាទោស​មកលើ​អ្នកស្រី ពី​សំណាក់​សាលាដំបូង​រាជធានី​ភ្នំពេញ​»​។​
 
​សូមបញ្ជាក់ថា សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២0១៧ ដោយ​ផ្តន្ទាទោស អ្នកស្រី ទេព វ​ន្នី ឲ្យ​ជាប់ពន្ធនាគា​រយៈពេល​២​ឆ្នាំកន្លះ ក្រោម​បទ​ចោទ «​ប្រព្រឹត្ត​អំពើហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​»​។ សុំ​ណុំ​រឿងនេះ បាន​កើតឡើង​តាំងពី​ឆ្នាំ​២0១៣​មកម្ល៉េះ ដោយ​កាលនោះ​អ្នកស្រី ទេព វ​ន្នី រួមទាំង​សកម្មជន​បឹងកក់​ដទៃទៀត បាន​ទៅ​តវ៉ា នៅក្បែរ​ផ្ទះ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​សុំ​ឲ្យ​ដោះលែង​សកម្មជន​បឹងកក់​មួយចំនួន ដែល​ត្រូវបាន​ចាប់ខ្លួន​៕

Tag:
 តុលាការ​
  ទេព វ​ន្នី​
© រក្សាសិទ្ធិដោយ thmeythmey.com