អន្តរជាតិ
ធ្វើ​កាសែត​ច្រើន​ឆ្នាំ និង​ធ្លាប់​ជាប់គុក ប៉ុន្តែ​បែរជា​ល្បី​ដោយសារ​ស្លៀក​ខោខ្លី វិភាគ​នយោបាយ​
15, Aug 2017 , 8:59 am        
រូបភាព
ដោយ: ធីតា
​ការិយាល័យ​ទូរទស្សន៍ Al-Jazeera ត្រូវបាន​បិទ​ជា​បន្តបន្ទាប់​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ដែល​ធ្វើ​ឲ្យ​អ្នករាយការណ៍​ព័ត៌មាន និង​អ្នកវិភាគ មិនមាន​កន្លែងធ្វើការ​ត្រឹមត្រូវ​នោះឡើយ​។ កាលពី​ថ្ងៃទី​២៦ ខែកក្កដា អ្នកវិភាគ​នយោបាយ​ហ្ស៊​ក​ដង់​ម្នាក់ បានធ្វើ​បទ​សម្ភាស​តាម Skype បន្ទាប់មក​មានការ​ចែក​ចាយ​វីដេអូ​មួយ ដែល​បង្ហាញថា លោក Majid Asfour ស្លៀក​ខោខ្លី​អង្គុយ​នៅមុខ​កំ​ព្យូ​ទ័​រ​។ វីដេអូ​នេះ ត្រូវបាន​ចែកចាយ​ពេញ​បណ្តាញ​អ៊ី​ន​ធ័​រ​ណិ​ត​។



​លោក Majid Asfour អ្នកវិភាគ​នយោបាយ និង​ជា​អតីត​និពន្ធ​នាយក​កាសែត​ហ្ស៊​ក​ដង់ Al-Ra’I បានធ្វើ​ការវិភាគ​ព្រឹត្តិការណ៍​ក្តៅ​មួយ ជុំវិញ​ការបាញ់ប្រហារ​នៅ​ស្ថានទូត​អ៊ីស្រាអែល ប្រចាំ​ក្រុង Amman ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ កាលពី​ថ្ងៃទី​២៣ ខែកក្កដា​។

​នៅលើ​អេក្រង់​ទូរទស្សន៍ Al-Jazera លោក Majid Asfour ត្រូវបាន​មើលឃើញថា ពាក់​អាវធំ ក្រវាត់ក ដែល​ហាក់ដូចជា​ស្ថិតនៅក្នុង​បន្ទប់​មួយ​។ ប៉ុន្តែ​ជាមួយនឹង​ការផ្សាយ​នៅលើ​ទូរទស្សន៍ គេ​ឃើញ​មានការ​ចែកចាយ​វីដេអូ​មួយ ដែល​បង្ហាញថា លោក Majid អង្គុយ​លើ​សា​ឡុង និយាយ​មុខ​កំ​ព្យូ​ទ័​រ​ដោយ​ស្លៀក​ខោខ្លី​។​

​វីដេអូ​នោះ​ត្រូវបាន​ថត​ដោយ លោក Manaf Asfour ដែលជា​និស្សិត​កំពុង​សិក្សា​នៅ​អេ​ស្ប៉ា​ញ គេ​បាន​ថត​វីដេអូ ផ្ញើ​ឲ្យ​មិត្ត​រួម​ថ្នាក់​មើល ប៉ុន្តែ​បន្ទាប់មក ស្រាប់តែ​មានការ​ចែកចាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង Twitter​។​

​សារព័ត៌មាន​ជាច្រើន​នៅ​ពិភព​អារ៉ាប់ បាន​យក​វីដេអូ​នេះ ទៅ​ផ្សព្វផ្សាយ​បន្ត ដែល​ធ្វើ​មនុស្ស​ច្រើន​ស្គាល់​លោក Majid យ៉ាងច្បាស់​។ លោក Majid បាន​និយាយ​បែប​កំប្លែង​ថា​៖ «​ខ្ញុំ​ធ្វើការ​នៅក្នុង​ពិភព​សារព័ត៌មាន និង​នយោបាយ​ជាច្រើន​ឆ្នាំ​មក ខ្ញុំ​បាន​សរសេរ​អត្ថបទ​ជាច្រើន ហើយក៏​ធ្លាប់​ជាប់គុក​ផងដែរ​។ ប៉ុន្តែ​នេះ​ជា​លើកដំបូង​បំផុត​ហើយ ដែល​ខ្ញុំ​ទទួលបាន​ប្រជាប្រិយភាព​យ៉ាង​ដូច្នេះ​»​។​

​ការិយាល័យ​ទូរទស្សន៍ Al-Jazeera នៅ​ហ្ស៊​ក​ដង់ បាន​បិទទ្វា​កាលពី​ថ្ងៃទី​៦ ខែមិថុនា ក្រោយ​មាន​ជម្លោះ​ការទូត​រវាង​ប្រទេស​នានា​នៅ​តំបន់​ឈូង​សមុទ្រ ជាពិសេស​រវាង​កាតា និង​ហ្ស៊​ក​ដង់​ផ្ទាល់​។ លោក Majid តែងតែ​ធ្វើការ​ពី​ផ្ទះ​របស់លោក ហើយ​លោក​បាន​បកស្រាយ​ទាក់ទង​នឹង​ការ​ស្លៀក​ខោខ្លី​ថា​៖ «​អាកាសធាតុ​មាន​កំដៅ​ជាង​៣០​អង្សារ​នៅ Amman ដូច្នេះហើយ​ទើប​ខ្ញុំ​សម្រេចចិត្ត​ស្លៀក​ខោខ្លី​...»៕
​    ​

Tag:
 ប្លែកៗ​
  សារព័ត៌មាន​
© រក្សាសិទ្ធិដោយ thmeythmey.com