ជាតិ
បើ​ឯកឧត្តម កឹម សុខា បាត់បង់​តំណែង​ដូច​លោក សម រង្ស៊ី តើ​CNRP អាច​ចុះខ្សោយ​ដែរ​ទេ​?
06, Sep 2017 , 2:02 pm        
រូបភាព
រូបលោក កឹម សុខា និងលោក សម រង្ស៊ី ដឹកនាំការតវ៉ានៅទីលានប្រជាធិបតេយ្យ កាលពីឆ្នាំ២០១៤
រូបលោក កឹម សុខា និងលោក សម រង្ស៊ី ដឹកនាំការតវ៉ានៅទីលានប្រជាធិបតេយ្យ កាលពីឆ្នាំ២០១៤
​ភ្នំពេញ​៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​ជនបរទេស​។ បទ​ចោទ​នេះ​អាចធ្វើ​ឲ្យ​ឯកឧត្តម កឹម សុខា ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ​។ តើ​ឯកឧត្តម កឹម សុខា អាច​ប្រឈម​នឹង​ការបាត់បង់​តំណែង​ប្រធាន​បក្សប្រឆាំង​ដូច​លោក សម រង្ស៊ី ដែរ​ទេ​? ហើយ​តើ​គណបក្សប្រឆាំង​មួយ​នេះ នឹង​ចុះខ្សោយ​ដែរ​ទេ​?



​បើ​និយាយ​ពី​បញ្ហា​ឯកឧត្តម កឹម សុខា ទំនង​នឹងមាន​ជោគវាសនា​ដូច​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង​ដែរ បើ​បញ្ហា​ក្តីក្ដាំ​នេះ​អូសបន្លាយ​រហូតដល់​ឆ្នាំ​២០១៨​នោះ ។ នេះ​ជា​ទិដ្ឋភាព​ខាងក្រៅ​មួយផ្នែក​នៅក្នុង​នយោបាយ ដែល​ត្រូវ​បានលើកឡើង​ដោយ​លោក មាស នី អ្នកវិភាគ​នយោបាយ​។ លោក មាស នី ដែល​ចាត់ទុក​ករណី​ឯកឧត្តម កឹម សុខា ជា​រឿង​នយោបាយ​នេះ បាន​និយាយថា ការចាប់ខ្លួន​ប្រធាន​គណបក្សប្រឆាំង មិនមែនជា​រឿង​ចៃដន្យ​ទេ ពោល​គឺជា​គម្រោង​ទុកជាមុន ដែលមាន​ការរៀបចំ​ជា​ដំណាក់កាល ។ «​នេះ​គេ​ប្រើ​យុទ្ធសាស្ត្រ​បិទទ្វា​វាយ​ឆ្កែ ព្រោះ​គេ​ធ្លាប់ប្រើ​បាន​ជោគជ័យ​។ គេ​មុន​ចាប់ខ្លួន គេ​មាន​ការបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ បិទ​NDI​ជាដើម ដើម្បី​កុំ​ឲ្យ​មានការ​ផ្សព្វផ្សាយ​ពី​ការចាប់ខ្លួន​នេះ​ទូលំទូលាយ​ពេក​»​។ នេះ​ជាការ​យល់ឃើញ​របស់លោក មាស នី​។​

​ប៉ុន្តែ​បើ​និយាយ​ពី​ទិដ្ឋភាព​ស៊ីជម្រៅ​នៅក្នុង​ផ្នែក​នយោបាយ​វិញ លោក មាស នី ជឿជាក់ថា ករណី​ឯកឧត្តម កឹម សុខា អាច​នឹងមាន​ការប្រែប្រួល​។ តែ​ការប្រែប្រួល​យ៉ាងណា​នោះ លោក មាស នី មិនអាច​សន្និដ្ឋានបាន​ឡើយ ព្រោះ​វា​ស្ថិតនៅលើ​«​អណ្តាត​»​របស់​អ្នកនយោបាយ​។ បើតាម​អ្នកវិភាគ​រូបនេះ ការដាក់​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​មកលើ​រដ្ឋាភិបាល​កម្ពុជា ទាក់ទង​ករណី​ឯកឧត្តម កឹម សុខា នេះ ក៏​ជា​មូលហេតុ​នាំ​ឲ្យ​មានការ​ប្រែប្រួល​លើ​ស្ថានភាព​នយោបាយ​ផងដែរ​។​

​បើទោះជា​មិនទាន់​អាចសន្និដ្ឋាន​បាន ចំពោះ​ជោគវាសនា​របស់លោក កឹម សុខា ក្តី ប៉ុន្តែ​សម្រាប់​លោក មាស នី យល់ឃើញថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​ហាក់​បាន​ត្រៀមខ្លួន​រួច​ដែរ សម្រាប់​ដាក់​អ្នក​ជំនួស​ប្រធាន​គណបក្ស​ខ្លួន ដែល​ត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​នេះ​។ «​អ្នក​ចាប់ និង​អ្នក​ត្រូវបាន​គេ​ចាប់ សុទ្ធតែ​ដឹង​និង​បាន​ត្រៀម​រៀងៗ​ខ្លួន​។ គណបក្ស​សង្គ្រោះ​ជាតិ ដឹងខ្លួន​ថា នៅ​ថ្ងៃ​ណាមួយ​នឹងមាន​បញ្ហា​នេះ ដូច្នេះ​បានជា​រៀបចំ​ក្បាលម៉ាស៊ីន​អនុប្រធាន​៣​នាក់ និង​ប្រធាន​១​នាក់ ដើម្បី​ទប់ទល់​។ នេះ​ជាការ​យល់ឃើញ​របស់លោក មាស នី​។​

​ចុះបើ​ករណី​ឯកឧត្តម កឹម សុខា ចេះតែ​វិ​វត្ត​ទៅមុខ ហើយ​អាច​នឹង​បាត់បង់​តំណែង​ប្រធាន​ដូច​លោក សម រង្ស៊ី ដែរនោះ​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ ចុះខ្សោយ​ដែរ​ទេ​? ត្រង់ចំណុច​នេះ​លោក មាស នី មើលឃើញថា បើទោះជា​គណបក្ស​សង្គ្រោះ​ជាតិ មិនមាន​ឯកឧត្តម កឹម សុខា ដឹកនាំ​បក្ស ក៏​គ្មាន​អ្វីដែល​ធ្វើ​ឲ្យ​គណបក្សប្រឆាំង​នេះ ចុះខ្សោយ​កម្លាំង​គាំទ្រ​ដែរ​។

អ្នកវិភាគ​រូបនេះ ពន្យល់​ដូច្នេះ​ថា​៖«​បើតាម​ការសង្កេតមើល​ខ្ញុំ​ឃើញថា ចាប់តាំងពី​ការបោះឆ្នោត​២០១៣​មក ពលរដ្ឋ​មិនសូវ​ឲ្យ​តម្លៃ​លើ​បុ​គ្ក​ល​ដឹកនាំ​គណបក្ស​ដូច​មុន​ឡើយ បានន័យថា​ពលរដ្ឋ​ឲ្យ​តម្លៃ​លើ​គណបក្ស​ជាង​លើ​បុគ្គល​។ ដូច្នេះ​បើ​និយាយ​ការចុះ​ខ្សោយកម្លាំង និង​បាត់បង់​ការគាំទ្រ​នោះ ខ្ញុំ​មើលឃើញថា បើទោះជា​បុគ្គល​ណា​ដឹកនាំ​គណបក្ស ក៏​គណបក្ស​នោះ​មិន​ចុះខ្សោយ​ដែរ​។ ប៉ុន្តែ​លើកលែងតែ​មានការ​តែងតាំង​អ្នកថ្មី ហើយ​មានការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ទៀត​ទេ ទើប​អាចមាន​ប៉ះពាល់​ដល់​ធ្ងន់ធ្ងរ​ដល់​គណបក្ស​»​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មួរ សុខ​ហួរ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គណបក្ស​ខ្លួន នឹងមិន​តែងតាំង​ប្រធាន​ជំនួស​ឯកឧត្តម កឹម សុខា ឡើយ ។ បើតាម​លោកស្រី មួរ សុខ​ហួរ មូល​ហេតុដែល​គណបក្ស​មិន​តែងតាំង​ប្រធាន​ថ្មី ព្រោះ​កុំ​ឲ្យ​មហាជន​យល់ច្រឡំ​ថា គណបក្ស​ខ្លួន មានគំនិត​បំផ្លាញ​ប្រជាធិបតេយ្យ ដូច​ការចោទប្រកាន់​មកលើ​ឯកឧត្តម កឹម សុខា​។​

​ដោយឡែក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ក៏​មិនទាន់​អាច​វាយតម្លៃ​យ៉ាងណា​លើ​បញ្ហា​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ ដោយ​រង់​ចាំមើល​ទិដ្ឋភាព​ជាក់ស្ដែង នៃ​ករណី​ឯកឧត្តម កឹម សុខា សិន​។ បើតាម​លោក ហង្ស ពុទ្ធា គជប នៅ​បន្ត​ធ្វើការ​ជាមួយ​គ្រប់​គណបក្សនយោបាយ​ទាំងអស់ ហើយ​បញ្ហា​របស់​ប្រធាន​គណបក្សប្រឆាំង ក៏​មិន​ប៉ះពាល់​ដល់​ដំណើការ​បោះឆ្នោត​ដែរ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​គជប​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ជា​ស្ថាប័ន​ឯករាជ្យ ដូច្នេះ​យើង​បំពេញ​តួនាទី​ត្រឹមត្រូវ​តាម​ភារកិច្ច​ខ្លួន​។ ខ្ញុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហានយោបាយ​ទេ ប៉ុន្តែ​គជប នឹង​បន្ត​ធ្វើការ​ជាមួយ​គ្រប់ភាគី​នយោបាយ​។ ហើយ​ចំពោះ​ករណី​លោក កឹម សុខា យើង​រង់​ចាំមើល​ទិដ្ឋភាព​ជាក់ស្ដែង ព្រោះ​ករណី​លោក កឹម សុខា វា​អាស្រ័យ​លើ​តុលាការ​ជា​អ្នកសម្រេច​»​។​

​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី  ដែល​បាន​ជាប់​ឈ្មោះ​ជា​ទណ្ឌិត គេចខ្លួន​រស់នៅ​ក្រៅប្រទេស ដោយសារ​បញ្ហា​ក្តីក្ដាំ​នោះ បាន​លាលែង​ពី​តួនាទី​ប្រធាន និង​សមាជិក​នៃ​គណបក្ស កាលពី​ថ្ងៃទី​១១ កុម្ភៈ កន្លងមក ។ ការលាលែង​ពី​តំណែង​របស់លោក សម រង្ស៊ី នេះ គឺ​ដើម្បី​ការពារ​ផលប្រយោជន៍​គណបក្ស កុំ​ឲ្យ​ប្រឈមមុខ​នឹង​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ហាម​ទណ្ឌិត​ធ្វើ​នយោបាយ​។

​មកដល់ពេលនេះ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​ជនបរទេស​។ បទ​ចោទ​នេះ​អាចធ្វើ​ឲ្យ​ឯកឧត្តម កឹម សុខា ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ​។ តុលាការ​កំពុង​បន្ត​និ​តី​វិធី​ស៊ើបសួរ​លើ​ករណី​ប្រធាន​គណបក្សប្រឆាំង​នេះ​៕


Tag:
 កឹម សុខា​
  CNRP
 ​ វិភាគ
© រក្សាសិទ្ធិដោយ thmeythmey.com