អន្តរជាតិ
កូរ៉េខាងត្បូង​៖ វត្តមាន THAAD ធ្វើ​ឲ្យ​ចិន​ទាស់ចិត្ត តែ​អាច​បង្ខំ​ឲ្យ​កូរ៉េខាងជើង​ចូល​តុ​ចរចា​បាន​
08, Sep 2017 , 8:19 pm        
រូបភាព
​កូរ៉េខាងត្បូង​ទើប​ពង្រាយ​ជើង​ទម្រ​បាញ់​មី​ស៊ី​ល​នៃ​ប្រព័ន្ធ​ការពារ THAAD ចំនួន​បួន​គ្រឿង​ទៀត ដែល​ការពង្រាយ​នេះ​ធ្វើឡើង​ក្រោយ​កូរ៉េខាងជើង​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​នៅ​ចុង​សប្ដាហ៍​មុន​។ ប្រជាជន​កូរ៉េខាងត្បូង​ខ្លះ និង​រដ្ឋាភិបាល​ចិន​ផង​នោះ បាន​ជំទាស់​ការពង្រាយ​នេះ​យ៉ាងខ្លាំង​។ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​អះអាងថា វត្តមាន​ប្រព័ន្ធ​ការពារ​នេះ គឺជា​រឿង​ចាំបាច់​បំផុត​ដើម្បី​ឆ្លើយតប​ទង្វើ​កូរ៉េខាងជើង​។​



​ជាថ្មី​ម្ដងទៀត មន្ត្រី​កូរ៉េខាងត្បូង​បានចេញ​មុខការ​ពារ​កា​រ​ពង្រាយ​ប្រព័ន្ធ​ការពារ THAAD ដែល​រង​ការរិះគន់​ពី​សំណាក់​ប្រជាជន​កូរ៉េខាងត្បូង​មួយចំនួន ក៏ដូចជា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែរ​។ មន្ត្រី​ការិយាល័យ​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន និយាយថា ការពង្រាយ THAAD មាន​ត្រឹមតែ​គោលដៅ​ដើម្បី​តែ​ការពារ​ខ្លួន​ពី​ការ​គំរាម​របស់​កូរ៉េខាងជើង​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ចាប់បង្ខំ​ឲ្យ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ងាក​ចូល​តុ​ចរចា​បានដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap មន្ត្រី​កូរ៉េខាងត្បូង​ក៏​និយាយ​ដែរ​ថា ក្រុង​សេ​អ៊ូ​លយ​ល់ពី​ការបារម្ភ​របស់​ចិន​លើ​ការពង្រាយ THAAD ប៉ុន្តែ​សេ​អ៊ូ​ល​នឹង​ពន្យល់​ចិន​ឲ្យ​ពី​ភាពចាំបាច់​របស់ THAAD ក្នុង​ការដាក់​សម្ពាធ​លើ​ក្រុង​ព្យុងយ៉ាង​។ ក្រុង​សេ​អ៊ូ​ល ពិតជា​បារម្ភ​នឹង​សកម្មភាព​របស់​ក្រុង​ព្យុងយ៉ាង ហើយក៏​ទំនងជា​គ្មាន​ណា​ផ្សេង​ក្រៅពី​ចូលរួម​ជាមួយ​អន្តរជាតិ​ដើម្បី​ដាក់​សម្ពាធ​លើ​របប​ដឹកនាំ​ឯកោ​មួយ​នេះដែរ​។​

​តាមពិតទៅ រដ្ឋបាល​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន បាន​ប្រកាន់​ជំហរ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ដោយ​សន្តិវិធី និង​តាមរយៈ​ផ្លូវ​ការទូត​។ ប៉ុន្តែ​ទង្វើ​របស់​កូរ៉េខាងជើង​នាពេល​កន្លងមក​ពិតជា​ធ្វើ​ឲ្យ​គេឯង​ពិបាក​ទទួលយក​ណាស់​។ នេះ​មានន័យថា ជម្រើស​ភ្លាមៗ​របស់​កូរ៉េខាងត្បូង​មានតែ​ការដាក់​សម្ពាធ​ឲ្យ​បាន​ធ្ងន់ៗ​លើ​កូរ៉េខាងជើង សំដៅ​បង្ខំ​ឲ្យ​រដ្ឋ​កុម្មុយនីស្ត​ក្បាលរឹង​មួយ​នេះ​បន្ទន់ឥរិយាបថ​របស់​ខ្លួន​។​

​ទាក់ទង​ការពង្រាយ THAAD ចុងក្រោយ​នេះ ចលនា​ប្រជាជន​ក្នុងស្រុក​បាន​បន្ត​ការប្រឆាំង​របស់ខ្លួន ហើយក៏​ឈានដល់​ការ​ប្រទូស្ត​រាយ​ជាមួយ​ក្រុម​សន្តិសុខ​ផងដែរ​។ ប្រជាជន​កូរ៉េខាងត្បូង​ជាង​៣០​នាក់​បាន​រងរបួស​ក្នុងពេល​ប៉ះទង្គិច​ជាមួយ​ប៉ូលិស ពេល​ពួកគេ​ធ្វើបាតុកម្ម​ប្រឆាំង​វត្តមាន THAAD នៅឯ ខេត្ត Seongju ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែកញ្ញា​។ ពួកគេ​តវ៉ា​មិនមែន​ផ្អែកលើ​ហេតុផល​នយោបាយ​ឡើយ ប៉ុន្តែ​ពួកគេ​រង​ការរំខាន​ខ្លាំង​ដោយសារ​ការពង្រាយ​អាវុធ​នេះ​។

​ចំណែកឯ ចិន​ដែលជា​សម្ព័ន្ធមិត្ត​យូរ​ឆ្នាំ​របស់​កូរ៉េខាងជើង និង​ជា​មិត្ត​ជិតខាង​កូរ៉េខាងត្បូង គឺ​ជំទាស់​ដាច់ខាត​ហើយ​តែងតែ​ប្រឆាំង​គម្រោង​ពង្រាយ​ប្រព័ន្ធ​ការពារ​របស់​អាមេរិក​នេះ​។ ចិន​យល់ថា​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ​អាច​ក្លាយជា​ឧបករណ៍​សម្រាប់​ឃ្លាំមើល​ដល់​ទឹកដី​ខ្លួន និង​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ខ្លួន​ផងដែរ​។ យ៉ាងណាក្ដី កូរ៉េខាងត្បូង​ក៏បាន​ពន្យល់​ចិន​ម្ដង​ហើយ​ម្ដងទៀត​លើ​រឿងនេះ ព្រោះ​ការពង្រាយ THAAD គឺជា​រឿង​ការពារ​ខ្លួន​សុទ្ធសាធ​៕


Tag:
 កូរ៉េខាងត្បូង​
  ចិន​
  កូរ៉េខាងជើង​
  THAAD
© រក្សាសិទ្ធិដោយ thmeythmey.com