អន្តរជាតិ
សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស ហៅ​អ្នក​មិន​អើពើ​នឹង​ការប្រែប្រួល​អាកាសធាតុ​ជា​មនុស្ស​ល្ងង់​
12, Sep 2017 , 10:19 pm        
រូបភាព
ដោយ:
​សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស បាន​រិះគន់​អ្នក​មិន​អើពើ​នឹង​បម្រែបម្រួល​អាកាសធាតុ​ថា​ជា​មនុស្ស​ល្ងង់ និង​រឹងរូស​។ សម្ដេច​ប៉ាប​រិះគន់​ដូចនេះ​ស្រប​ពេលដែល​ខ្យល់ព្យុះ Irma បាន​វាយប្រហារ​អាមេរិក ម៉ិ​ក​ស៊ិ​ក និង​តំបន់​កា​រ៉ា​អ៊ី​ប ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​និង​ការខូចខាត​យ៉ាងខ្លាំង​។ សម្ដេច​ប៉ាប​បាន​អះអាងថា អ្នក​ដែល​មិន​ជឿ​នឹង​បម្រែបម្រួល​អាកាសធាតុ អាច​ទៅ​សួរ​អ្នកវិទ្យាសាស្ដ្រ​បាន​។​



​ក្នុងអំឡុងពេល​ត្រលប់​មកពី​ដំណើរ​ទស្សនកិច្ច​នៅ​កូ​ឡុំ​ប៊ី​វិញ សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស បានធ្វើ​សន្និសីទកាសែត​លើ​យន្តហោះ ដោយបាន​រិះគន់​យ៉ាង​ចាស់ដៃ​លើ​អ្នក​មិន​អើពើ​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ប្រមុខ​វិហារ​គ្រិស្ត​កាតូលិក រិះគន់​បែបនេះ​បន្ទាប់ពី​ខ្យល់ព្យុះ Irma បាន​បង្ក​វិនាសកម្ម​នៅ​អាមេរិក ម៉ិ​ក​ស៊ិ​ក និង​កា​រ៉ា​អ៊ី​ប ហើយ​បង្ក​ឲ្យ​មានការ​ខូចខាត​យ៉ាងដំណំ​និង​មនុស្ស​៣៨​នាក់​ស្លាប់​។​

​សម្ដេច​ប៉ាប​Francis​បាន​បន្ថែមថា អ្នក​មិន​ជឿ​នឹង​បម្រែបម្រួល​អាកាសធាតុ​អាច​ទៅ​សួរ​អ្នកវិទ្យាសាស្ដ្រ​បាន ព្រោះ​អ្នកវិទ្យាសាស្ដ្រ​ទាំង​នោះបាន​និយាយ​ច្បាស់​ណាស់​។ ស្រប​ពេលដែល​យន្តហោះ​បាន​ហោះ​ឆ្លងកាត់​តំបន់​ខូចខាត​នៅ​ជិត​រដ្ឋធានី​រ៉ូម ទ្រង់​បាន​និយាយ​ពាក្យ​មួយ​ឃ្លា​ស្រង់​ពី​សៀវភៅ​គម្ពីរ​សាសនា​ថា​៖«​មនុស្ស​គឺ​ល្ងង់ មនុស្ស​គឺ​រឹស​រូស ។​ពួកគេ​មិនបាន​ឃើញ​នូវ​អ្វីដែល​ខ្លួន​ប្រព្រឹត្ត​ឡើយ​»​។​

«​មេដឹកនាំ​និង​បុគ្គល​នីមួយៗ​សុទ្ធ​តែមាន​សីលធម៌ ការទទួលខុសត្រូវ​លើ​ការណែនាំ​របស់​អ្នកវិទ្យាសាស្ដ្រ​។ អ្នកវិទ្យាសាស្ដ្រ​ទាំងនេះ​មិនមែន​ចេះតែ​ណែនាំ​ពី​វិធី​ទប់ស្កាត់​ការឡើង​កម្ដៅ​ផែនដី​ឡើយ​។ មេដឹកនាំ​ទាំងនោះ​យល់ច្បាស់​ពី​បញ្ហា​នេះ ហើយ​ការសម្រេចចិត្ត​របស់​ពួកគេ​នឹង​បង្ហាញ​តាម​ប្រវត្តិសាស្ដ្រ​»​។​នេះ​ជា​សម្ដី​របស់​សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស ដែល​ដកស្រង់​ដោយសារ​ព័ត៌មាន​Al Jazeera​។​

​គួរ​បញ្ជាក់ដែរថា សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស ជា​អ្នក​យកចិត្តទុកដាក់​នឹង​បញ្ហា​បរិស្ថាន​ខ្លាំងជាងគេ​មួយអង្គ​ក្នុងចំណោម​អ្នក​ស្រលាញ់​បរិស្ថាន​ផ្សេងៗ​ទៀត​នៅ​ជុំវិញ​ពិភពលោក​។ ទ្រង់​តែងតែ​គាំទ្រ​យ៉ាងសកម្ម​នូវ​សកម្មភាព​ទប់ស្កាត់ និង​ផលប៉ះពាល់​នៃ​ការកើនឡើង​កម្ដៅ​ផែនដី​។​

​ការលើកឡើង​ខាងលើ​របស់​ព្រះអង្គ ទំនងជា​សំដៅលើ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ​ឆ្នាំ​២០១៥​។ លោក ត្រាំ ធ្លាប់​ទាំង​និយាយថា បម្រែបម្រួល​អាកាសធាតុ​ជា​រឿងប្រឌិត​ទៀតផង​។ លោក​បាន​សម្រេចចិត្ត​ដើរ​ចេញពី​កិច្ចព្រមព្រៀង​ប៉ារីស ព្រោះ​លោក​យល់ថា កិច្ចព្រមព្រៀង​នេះ​ប៉ះពាល់​ប្រយោជន៍​អាមេរិក និង​ជាការ​សង្កត់សង្កិន​អាមេរិក​ផងដែរ​៕


Tag:
 សម្ដេច​ប៉ាប​Francis​
  ការឡើង​កម្ដៅ​ផែនដី​
  ​បម្រែបម្រួល​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com