អន្តរជាតិ
កូរ៉េខាងត្បូង​ពន្យល់​អាមេរិក​និង​ជប៉ុន​រឿង​បញ្ជូន​ជំនួយ​មនុស្សធម៌​ឲ្យ​កូរ៉េខាងជើង​
15, Sep 2017 , 10:00 am        
រូបភាព
​កូរ៉េខាងត្បូង​បាន​ពន្យល់​សម្ព័ន្ធមិត្តរ​បស់​ខ្លួន​ពីរ គឺ​អាមេរិក និង​ជប៉ុន រួចហើយ​ជុំវិញ​ផែនការ​បញ្ជូន​ជំនួយ​ទៅ​ឲ្យ​កូរ៉េខាងជើង​តាមរយៈ​អង្គការ​អន្តរជាតិ​។ ក្រសួងការបរទេស​កូរ៉េខាងត្បូង​អះអាងថា ជំនួយ​នេះ​មិន​ពាក់ព័ន្ធ​សេចក្ដីសម្រេច​ដាក់ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឡើយ និង​ធ្វើឡើង​ក្រោម​ក្របខណ្ឌ​មនុស្សធម៌​ប៉ុណ្ណោះ ហើយ​ប្រទេស​ទាំងបី​បន្ត​ទាក់ទង​គ្នា​ដដែល​លើ​បញ្ហា​កូរ៉េខាងជើង​។​



​ក្រោម​ហេតុផល​មនុស្សធម៌ កូរ៉េខាងត្បូង​ត្រៀម​បញ្ជូន​ជំនួយ​តម្លៃ​៨​លាន​ដុល្លារ​ទៅ​ឲ្យ​កូរ៉េខាងជើង​តាមរយៈ​អង្គការ​មនុស្សធម៌​អន្តរជាតិ​។ គម្រោង​នេះ​ធ្វើ​ឲ្យ​ជប៉ុន​មិនសូវ​សប្បាយចិត្ត​ឡើយ​។ នៅ​ថ្ងៃទី​១៤ ខែកញ្ញា មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​និយាយថា វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​ចៀសវាង​សកម្មភាព​ទាំងឡាយណា ដែល​ធ្វើ​ឲ្យ​សម្ពាធ​លើ​កូរ៉េខាងជើង​ចុះខ្សោយ ព្រោះ​ក្រុមប្រឹក្សាសន្តិសុខ​ទើប​ដាក់ទណ្ឌកម្ម​ថ្មី​ផង​។​

​យ៉ាងណាក្ដី អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងត្បូង​បាន​និយាយថា ក្រុង​សេ​អ៊ូ​ល​បាន​ពន្យល់​ជប៉ុន រួមទាំង​អាមេរិក​អស់ហើយ​លើ​បញ្ហា​ផ្ដល់ជំនួយ​នេះ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap លោក Cho June-hyuck និយាយថា កូរ៉េខាងត្បូង​បាន​ទាក់ទង​គ្នា​ជាមួយ​ជប៉ុន និង​អាមេរិក​យ៉ាង​ជាប់លាប់​លើ​បញ្ហា​កូរ៉េខាងជើង ក៏ដូចជា​រឿង​ជំនួយ​នេះ​។ អ្នកនាំពាក្យ​ដដែល​បន្តថា សេ​អ៊ូ​ល​ក៏បាន​ប្រាប់​ប្រទេស​ទាំងពីរ​ជាមុន​ដែរ​លើ​រឿង​ជំនួយ​នេះ​។​

​ក្រសួង​បង្រួបបង្រួម​កូរ៉េ​របស់​កូរ៉េខាងត្បូង ដែល​ទទួលបន្ទុក​កិច្ចការ​កូរ៉េខាងជើង បញ្ជាក់ថា ជំនួយ​នេះ​ត្រូវបញ្ជូន​តាមរយៈ​អង្គការ​អន្តរជាតិ​។ ជាមួយគ្នានេះ រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​នឹង​ប្រជុំ​សម្រេច​ជា​ចុងក្រោយ​ម្ដងទៀត​នៅ​សប្ដាហ៍​ក្រោយ​ថា ជំនួយ​នេះ​ត្រូវ​បញ្ជូនទៅ​ឲ្យ​ជនរងគ្រោះ​នៅ​កូរ៉េខាងជើង​ឬ​យ៉ាងណា​។ លោក Cho ពន្យល់ថា ជំនួយ​នេះ​មិន​ស្ថិតក្នុង​បម្រាម​របស់​សេចក្ដីសម្រេច​ក្រុមប្រឹក្សាសន្តិសុខ​ទេ ព្រោះ​ជា​រឿង​មនុស្សធម៌​។​

​តាមពិតទៅ ក្រុង​តូ​ក្យូ និង​ក្រុង​វ៉ាស៊ីនតោន តែង​បារម្ភ​ជារឿយៗ​ចំពោះ​សកម្មភាព​មនុស្សធម៌រ​បស់​កូរ៉េខាងត្បូង ដែល​អាច​ដើរ​ផ្ទុយគ្នា​ពី​ជំហរ​របស់​អន្តរជាតិ​។ ពួកគេ​បារម្ភ​ថា ជំនួយ​ទាំងនេះ​អាច​ត្រូវបាន​ប្រើប្រាស់​ខុស​គោលដៅ និង​មិនបាន​ដល់​ប្រជាជន​រងគ្រោះ​ឡើយ​។ នេះ​ក៏​ដោយសារតែ​កន្លងមក គេ​ឃើញ​មាន​របាយការណ៍​ជាច្រើន​បង្ហាញថា ក្រុង​ព្យុងយ៉ាង​យក​ជំនួយ​អន្តរជាតិ​ទៅប្រើ​ប្រាស់​ក្នុង​កម្មវិធី​អភិវឌ្ឍ​នុយក្លេអ៊ែរ​ទៅវិញ ដោយ​ទុក​ឲ្យ​ប្រជាជន​រងគ្រោះ​ដដែល​។

​សូមបញ្ជាក់ថា ប្រជាជន​កូរ៉េខាងជើង​ភាគច្រើន​រស់នៅក្នុង​ភាពក្រីក្រ និង​មិន​ទទួលបាន​ការថែទាំ​ត្រឹមត្រូវ​ពី​រដ្ឋាភិបាល​ឡើយ ព្រោះ​ថវិកាជាតិ​ស្ទើរ​ទាំងស្រុង​ត្រូវ​បង្វែរ​ទៅ​ឲ្យ​វិស័យ​ការពារជាតិ និង​មហិច្ឆតា​អភិវឌ្ឍ​នុយក្លេអ៊ែរ​ទៅវិញ​។ ពេល​មាន​គ្រោះ​ទុរ្ភិក្ស​ម្ដងៗ រដ្ឋាភិបាល​ប្រទេស​នេះ​តែងតែ​ប្រកាស​សុំ​ជំនួយ​ពី​អន្តរជាតិ​រហូត ហើយ​កូរ៉េខាងត្បូង​នេះហើយ​ដែល​ចេញមុខ​បញ្ជូន​ជំនួយ​ច្រើនជាងគេ​ផងដែរ​៕


Tag:
 កូរ៉េខាងត្បូង​
  អាមេរិក​
  ជប៉ុន​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com