ជាតិ
មហាសន្និបាត​UN៖ កម្ពុជា នឹង​បញ្ចូល​ព្រឹត្តិការណ៍​ចុងក្រោយ ទៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន
17, Sep 2017 , 8:59 pm        
រូបភាព
​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា នឹង​ទៅ​ចូលរួម​មហា សន្និបាត​អង្គការសហប្រជាជាតិ សម័យប្រជុំ​លើក​ទី​៧២ និង​កិច្ចប្រជុំ​ផ្សេងៗ​ទៀត ដែល​ប្រ​ព្រិ​ត្ត​ទៅ​នៅ​ក្រុង​ញូយ៉ក សហរដ្ឋអាមេរិក ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២៥ ខែកញ្ញា​។ លោក​រដ្ឋមន្ត្រីការបរទេស​កម្ពុជា នឹងធ្វើ​សេចក្តីថ្លែងការណ៍​ក្នុង​មហាសន្និបាត​នេះ ហើយ​ព្រឹត្តិការណ៍​ថ្មីៗ​ចុងក្រោយ​នៅ​កម្ពុជា ក៏​នឹងត្រូវ​បញ្ចូល​ក្នុង​សេចក្តីថ្លែងការណ៍​នេះដែរ​។​



​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ទៅ​ចូលរួម​មហា សន្និបាត​អង្គការសហប្រជាជាតិ សម័យប្រជុំ​លើក​ទី​៧២ និង​កិច្ចប្រជុំ​ផ្សេងៗ​ទៀត រយៈពេល​៧​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២៥ ខែកញ្ញា នៅ​ក្រុង​ញូយ៉ក សហរដ្ឋអាមេរិក​។​

​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងការបរទេស ចុះ​ថ្ងៃទី​១៧ ខែកញ្ញា លោក​រដ្ឋមន្ត្រីការបរទេស​កម្ពុជា   នឹងធ្វើ​សេចក្ដីថ្លែងការណ៍ នៅក្នុង​សម័យប្រជុំ​មហាសន្និបាត​សហប្រជាជាតិ លើក​ទី​៧២​នេះ ដោយ​ផ្ដោត​សំខាន់ លើ​សារៈសំខាន់​នៃ​កិច្ចប្រឹងប្រែង​រួម​ក្នុងការ​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ និង​ភេរវកម្ម សមិទ្ធផល​របស់​កម្ពុ​ជា​ស្ដីពី​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍ និង​កិច្ចប្រឹងប្រែង​របស់​កម្ពុ​ជា ឆ្ពោះទៅ​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ ជូនដំណឹង​ដដែល បាន​បន្តទៀតថា បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ការព្រួយបារម្ភ​រួម និង​ការវិវត្ត​នាពេល​ថ្មីៗ​នៅ​កម្ពុជា ក៏​នឹង​លើកឡើង ក្នុង​សេចក្តីថ្លែងការណ៍​នេះដែរ​។​

​គណៈប្រតិភូ​កម្ពុជា នឹងចូលរួម​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ក្រោម​ក្របខណ្ឌ​ប្រទេស​និយាយ​ភាសា​បារាំង ចលនា​មិន​ចូលបក្ស​សម្ព​ព័ន្ធ សន្និសីទ​ស្តីពី​អន្តរ​កម្ម និង​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​អាស៊ី កិច្ចសហប្រតិបត្តិការ​នៅ​អាស៊ី ក្រុម​ប្រទេស​៧៧ ប្រទេស​ដែលមាន​ការអភិវឌ្ឍ​យឺត កិច្ចប្រជុំ​ក្រៅផ្លូវការ​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ជាមួយ​ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​។

​ក្រៅពីនេះ រដ្ឋមន្ត្រីការបរទេស​កម្ពុជា ក៏​នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​សម​ភាគី​គុយ​ប៉ា កូ​ឡំ​ប៊ី ប្រេ​ស៊ី​ល ចក្រភព​អង់គ្លេស អាមេរិក និង​ឥស្សរជន​ដទៃទៀត​។ ឯកសារ​ចំនួន​២ នឹងត្រូវ​ចុះហត្ថលេខា​រវាង លោក ប្រាក់ សុខុន ជាមួយ​សម​ភាគី​ប្រេ​ស៊ី​ល និង​ប្រទេស​កូ​ឡុំ​ប៊ី មាន​ទី​១.​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ប្រេ​ស៊ី​ល ស្ដីពី​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​។ និង​ទី​២ កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី ស្ដីពី​ការលើកលែង​ទិដ្ឋាការ សម្រាប់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត និង​ផ្លូវការ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ដដែល​៕



Tag:
 ប្រាក់ សុខុន
© រក្សាសិទ្ធិដោយ thmeythmey.com