បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ម្ចាស់​យីហោ​បោក​អ៊ុត​ទំនើប បន្ត​ហក់​ចូលក្នុង​ទីផ្សារ​កាហ្វេ​តម្លៃ​ខ្ពស់​
15, Oct 2017 , 5:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ហែម ហេ​ម៉ា ដែលជា​ម្ចាស់​អាជីវកម្ម​យីហោ​បោក​អ៊ុត​ទំនើប និង​យក្សា​បោក​អ៊ុត កំពុង​បន្ត​ប្រឡូក​ចូលក្នុង​អាជីវកម្ម​ថ្មី​មួយទៀត ដែល​អា​ជី​កម្ម​ថ្មី​នេះ​មាន​យីហោ យក្សា​កាហ្វេ ។ បើទោះបីជា កាហ្វេ​ម៉ាក​ល្បីៗ (​ប្រេន​) ពី​បរទេស​បាន​បើក​ដំណើរការ​ជា​ហូរហែ​នៅ​កម្ពុជា  តែ​លោក ហែម ហេ​ម៉ា នៅតែ​មើលឃើញ​ឱកាស​ដែល​អាច​ឲ្យ​អាជីវកម្ម​ថ្មី​របស់លោក ដំណើរការ​ទៅ​ជោគជ័យ​។

 

ដើម្បី​ជ្រាប​ច្បាស់​សូម​អាន​បទ​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក ហែម ហេ​ម៉ា ដូចតទៅ​៖
​សំឡេង​៖




​លោក ញ៉ុ​ង ហេង ៖ អាជីវកម្ម​បោក​អ៊ុត​របស់លោក​ឃើញថា​ជោគជ័យ តែ​សម្រាប់​អាជីវកម្ម​នោះ​លោក​បាន​ចូល​ទីផ្សារ​ពីដំបូងៗ​។ ដោយឡែក​កាហ្វេ​គឺមាន​គេ​បើក​ច្រើន​ហើយ តើ​លោក​ឃើញ​ឱកាស​ដូចម្ដេច​?
​លោក ហែម ហេ​ម៉ា ៖ ខ្ញុំ​អត់​មាន​អាជីព​ខាង​កាហ្វេ​ទេ ប៉ុន្តែ​បានជា​ខ្ញុំ​ហក់​ចូល​ទីផ្សារ​នេះ​ព្រោះ​កាហ្វេ​ជា​បណ្ដុំ​នៃ​ការជួប​ជុំគ្នា និង​ការផ្លាស់ប្ដូរ​ចំណេះដឹង​ទៅវិញទៅមក​។ ខ្ញុំ​មិន​រំពឹងថា​នឹង​ប្រកួតប្រជែង​ជាមួយ​អ្នកណា​ទេ​។ ខ្ញុំ​ធ្វើ​នេះ​ដើម្បី​ភាព​រីករាយ​របស់ខ្ញុំ​មិនមែន​ចង់​ប្រជែង​ជាមួយ​អ្នកណា​ទេ​។ ខ្ញុំ​មាន​យីហោ​របស់ខ្ញុំ គឺ​បោក​អ៊ុត​ទំនើប និង​យក្សា​បោក​អ៊ុត ហើយ​ម្ចាស់​អាជីវកម្ម​ដែល​ទិញ​សិទ្ធិ​អាជីវកម្ម​បោក​អ៊ុត​ទាំងនោះ អាចមក​ជួបជុំគ្នា រួមទាំង​មិត្តភក្តិ​របស់​ពួកគេ​ទៀត​ចូល​រាប់ពាន់នាក់ ដូច្នេះ​ការបរាជ័យ គឺមាន​ភាគរយ​តិចតួច​ណាស់​។

​លោក ញ៉ុ​ង ហេង ៖ តើ​អាជីវកម្ម​កាហ្វេ​របស់លោក​មាន​លក្ខណៈពិសេស​អ្វី បើ​ប្រៀប​ជាមួយ​កាហ្វេ​ផ្សេងទៀត​?
លោក ហែម ហេ​ម៉ា ៖ ហាង​កាហ្វេ​នេះ​គឺ​ដូច​គេ​ដូច​ឯង តែ​ឈ្នោះ​របស់​វា យក្សា​កាហ្វេ គឺជា​ភាព​ទាក់ទាញ​។ ឈ្មោះ​ចម្លែក​ដូចនេះ គឺ​ធ្វើ​ឲ្យ​អ្នក​ទាំងអស់គ្នា​រីករាយ ហើយ​ងាយស្រួល​ចំណាំ​។​



លោក ញ៉ុ​ង ហេង ៖ តើ​កាហ្វេ​លោក​លក់​សម្រាប់​អ្នក​ជីវភាព​កម្រិតណា​ដែរ​?
លោក ហែម ហេ​ម៉ា ៖ តម្លៃ​វា​ប្រហាក់ប្រហែល​កាហ្វេ​ប្រេន​បរទេស​ដែរ​។​

លោក ញ៉ុ​ង ហេង ៖ ដោយ​កាហ្វេ​បរទេស​ទាំងនោះ​ល្បី​ស្រាប់ ហើយ​តម្លៃ​ដូចគ្នា ដូចនេះ​តើ​អាជីវកម្ម​របស់លោក​អាច​ដំណើរការ​ទៅបាន​ទេ​?
​លោក ហែម ហេ​ម៉ា ៖ ខ្ញុំ​ថា​មិនជា​បញ្ហា​អ្វី​ទេ ខ្មែរ​យើង​តែង​ស្រលាញ់​ផលិតផល​ខ្មែរ​។ វត្ថុធាតុដើម​របស់​យើង គឺ​នៅក្នុង​ស្រុក​ខ្លះ និង​នាំចូល​ពី​ក្រៅ​ខ្លះ​។ អ្វីដែល​សំខាន់ និង​ដែល​ធ្វើ​ឲ្យ​កាហ្វេ​ប្រេន​បរទេស​ជោគជ័យ គឺ​កា​តុបតែង រីឯ​ហាង​យើង​ក៏​តុបតែង​បែប​ទំនើប​ដូច​គេ​ដែរ​។ សាខា​ទីមួយ​របស់​យើង ធ្វើ​អស់ប្រាក់ ១៥​ម៉ឺន​ដុល្លារ ខណៈ​កាហ្វេ​ប្រេន​ដែល​នាំ​ចូលមក ជួល​កាល​គេ​ធ្វើ​អត់​អស់ប្រាក់​ដល់​ម្លឹ​ង​ផង​។ ដ្បិត​ឈ្មោះ​កាហ្វេ​របស់ខ្ញុំ មិនទាន់​ល្បី​ដូច​កាហ្វេ​ប្រេន តែ​បច្ចេកទេស​ឆុង​កាហ្វេ​ជាដើម​គឺ​ដូចគ្នា​។ ខ្ញុំ​ជឿជាក់ថា​វា​ទៅមុខ ព្រោះ​ក្នុងពេល​បើក​សាកល្បង​ប៉ុន្មាន​ថ្លៃ​មកនេះ ឃើញ​មានការ​គាំទ្រ​ច្រើន ដែល​មួយថ្ងៃ​ប្រហែលជា​២០០ ទៅ​៣០០​អតិថិជន​ឯណោះ​។​

​លោក ញ៉ុ​ង ហេង ៖ មាន​ហាង​កាហ្វេ​បើក​ច្រើន តែ​បិទ​ទៅវិញ​ក៏​មិនតិច​ដែរ​។ តើ​លោក​មានការ​ចាប់អារម្មណ៍​ពី​បញ្ហា​នេះ​ទេ​?
​លោក ហែម ហេ​ម៉ា ៖ ភាគច្រើន​ខ្ញុំ​អត់​សិក្សា​ពី​មូល​ហេតុដែល​គេ​ជោគជ័យ​ទេ ប៉ុន្តែ​ខ្ញុំ​សង្កេតមើល​ពី​អ្នក​ដែល​បិទ​។ អ្នកបើក​ហើយ​បិទ​ភាគច្រើន គឺ​មកពី​ពួកគេ​ខ្វះ​ទុនបម្រុង មួយទៀត​ពួកគេ​រំពឹង​លើ​ប្រាក់ចំណេញ ដូចជា​នៅពេល​ពួកគេ​ទទួល​ប្រាក់ចំណេញ​តិចតួច មិន​ដូច​ការរំពឹង​នោះ ពួកគេ​ថា​ខ្លួន​បរាជ័យ ហើយ​សម្រេច​បិទ​ទៅវិញ​។​



លោក ញ៉ុ​ង ហេង ៖ ចុះ​រឿង​គុណភាព​វិញ អាចជា​មូលហេតុ នៃ​ការបរាជ័យ​ទាំង​នោះទេ​?
​លោក ហែម ហេ​ម៉ា ៖ ខ្ញុំ​ជឿជាក់ថា មិនមែន​រឿង​គុណភាព​ទេ ព្រោះ​គុណភាព​យើង​អាច​ធ្វើបាន​ដូចគ្នា តែ​អ្វីដែល​សំខាន់បំផុត គឺ​ទំនុកចិត្ត​ទៅលើ​ម៉ាក​យីហោ​។  កាហ្វេ​ម៉ាក​យីហោ​ល្បីៗ គឺ​គេ​ស្មោះត្រង់​នឹង​អតិថិជន រហូត​ទៅដល់​កន្លែង​ណា ក៏​គេ​ទទួលស្គាល់ថា​មាន​រសជាតិ​ឆ្ងាញ់​។ ការពិត​យើង​អាច​ឆុង​កាហ្វេ​ដោយ​ខ្លួនឯង​ឆ្ងាញ់​ជាង​ផង តែ​គេ​អត់​ឲ្យ​តម្លៃ ដែល​នេះហើយ​គឺ​ម៉ាក​យីហោ ដែល​អតិថិជន​ឃើញ​ព្រម​ទទួលស្គាល់​លើ​តម្លៃ និង​គុណភាព​របស់​កាហ្វេ​ម៉ាក​ល្បី​នោះ​។​

​លោក ញ៉ុ​ង ហេង ៖ តើយ​ក្សា​កាហ្វេ​របស់លោក នឹងធ្វើ​ឲ្យ​អតិថិជន​ទុកចិត្ត​លើ​ម៉ាក​យីហោ​របស់ខ្លួន​ដូចម្ដេច​?
លោក ហែម ហេ​ម៉ា ៖ យក្សា​កាហ្វេ​បាន​ទំនុកចិត្ត​ពី​បោក​អ៊ុត​ទំនើប និង​យក្សា​បោក​អ៊ុត​។ គេ​នឹងមាន​ទំនុកចិត្ត​លើ​កាហ្វេ​របស់ខ្ញុំ ដូចដែល​ធ្លាប់​ទុកចិត្ត​លើ​អាជីវកម្ម​បោក​អ៊ុត​របស់ខ្ញុំ​ដែរ​។​

​លោក ញ៉ុ​ង ហេង ៖ តើ​លោក​មើលឃើញ​ទីផ្សារ​កាហ្វេ​នៅ​កម្ពុជា​បច្ចុប្បន្ន និង​អនាគត ដូចម្ដេច​ដែរ​?
លោក ហែម ហេ​ម៉ា ៖ ទីផ្សារ​កាហ្វេ​កម្ពុជា​គឺ​ល្អ ព្រោះ​បរទេស​កាន់តែ​ចូលមក​ច្រើន ហើយ​ខ្មែរ​យើង​ពិសា​កាហ្វេ​ច្រើនឡើង រាប់​តាំងពី​សិស្សសាលា រហូតដល់​មនុស្ស​ចាស់​។ ទីផ្សារ​កាហ្វេ​នៅតែមាន​សក្ដានុពល​នៅ​កម្ពុជា ប៉ុន្តែ​អ្នកបើក​អាជីវកម្ម​គួរ​ប្រយ័ត្នប្រយែង​ខ្លះ កុំ​ចេះតែ​ប្រឡូក​ចូល​ទាំង​មិនដឹង​ច្បាស់​។​

​លោក ញ៉ុ​ង ហេង ៖ តើ​អ្វី​ជា​គម្រោង​ថ្ងៃមុខ​របស់​យក្សា​កាហ្វេ​?
​លោក ហែម ហេ​ម៉ា ៖ ខ្ញុំ​ចង់​លក់​សិទ្ធិ​អាជីវកម្ម (​ហ្វ្រេ​ន​ឆាយ​) របស់​យក្សា​កាហ្វេ បន្ទាប់ពី​បាន​បើក​សាខា​ពីរ​កន្លែង​នៅ​ភ្នំពេញ និង​ខេត្តសៀមរាប​។ ហើយ​ខ្ញុំ​ចង់​លក់​ហ្វ្រេ​ន​ឆាយ ទៅ​ក្រៅប្រទេស​ផងដែរ​៕


Tag:
 កាហ្វេ​
  ហែម ហេ​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com