អន្តរជាតិ
លោក ពូ​ទីន ចេញ​ក្រឹត្យ​ដាក់ទណ្ឌកម្ម​កូរ៉េខាងជើង​
17, Oct 2017 , 8:19 pm        
រូបភាព
​ប្រធានាធិបតី​រុស្ស៊ី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ចុះ​លេខា​លើ​ក្រឹត្យ​មួយ ដាក់ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​ដើម្បី​ឆ្លើយតប​នឹង​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​កន្លងមក​។ ការចេញ​ក្រឹត្យ​ដាក់ទណ្ឌកម្ម​នេះ​គឺធ្វើឡើង​តាម​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​លេខ ២៣២១​។



​ក្រឹត្យ​ថ្មី​មួយ​ស្តីពី​ការអនុវត្ត​ដំណោះស្រាយ​ក្រុមប្រឹក្សា​ស​និ្ត​សុខ​អង្គការ​ស​ប្រជាជាតិ​ដែល​ដាក់ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​ត្រូវបាន​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ចុះហត្ថលេខា​ជា​ផ្លូវការ​កាលពី​សប្តាហ៍​មុន​។ ក្រឹត្យ​នេះ​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ ១៤ ខែតុលា​មកម្ល៉េះ​។

​តាម​ការផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី Sputnik ក្រឹត្យ​ប្រធានាធិបតី​នេះ​កម្រិត​ការធ្វើ​ពាណិជ្ជកម្ម ធនាគារ ហិរញ្ញវត្ថុ  ផ្លាស់ប្តូរ​ទំនាក់ទំនង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ផង​។​អ្វីដែល​សំខាន់​ក្រឹត្យ​នោះ​ក៏​កំណត់​ការដាក់ទណ្ឌកម្ម​ប្រឆាំង​បុគ្គល​ស្ថិតក្នុង​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ចំនួន ១១​នាក់ និង ក្រុមហ៊ុន​ពាក់ព័ន្ធ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ចំនួន ដប់​ផងដែរ​។ វា​ក៏មាន​បញ្ជាក់​ច្បាស់​ពី​សម្ភារៈ បច្ចេកវិទ្យា និង​ផលិត​នានា​ដែល​ត្រូវ​ហាម​នាំចេញ​ទៅកាន់​កូរ៉េខាងជើង​ដូចគ្នា​។​

​នៅ​ដើម​សប្តាហ៍​នេះដែរ ប្រធានរដ្ឋសភា​រុស្ស៊ី Valentina Matvienko បានបញ្ជាក់​ពី​ជំហរ​រឹងមាំ​របស់​រុស្ស៊ី​ក្នុងការ​ថ្កោលទោស​សកម្មភាព​កូរ៉េខាងជើង​ដែល​បន្ត​អភិវឌ្ឍ​អាវុធ​នុយ​ក្លែ​អ៊ែរ​ជា​បន្តបន្ទាប់ ហើយ​រុស្ស៊ី​ក៏​ទទូច​ឲ្យ​សហគមន៍​អន្តរជាតិ​អនុវត្ត​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ផងដែរ​។​

​តាមពិតទៅ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​លើកចុងក្រោយ បង្អស់​គឺ​ថ្ងៃ ១៥ ខែកញ្ញា​កន្លងទៅ ប៉ុន្តែ ទោះបី​មានការ​ព្យាករ​ក៏ដោយ នៅក្នុង​ខួប​លើក​ទី ៧២ នៃ​បក្ស​ពលករ កូរ៉េខាងជើង​មិនបាន​បាញ់​មី​ស៊ី​ល​ទៀតឡើយ​។ រុស្ស៊ី​ចាត់ទុក​សកម្មភាព​បាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​នេះ​ជាការ​បង្ករឿង និង​ជា​ការដុត​បញ្ឆេះ​កម្តៅ និង​ភាព​តានតឹង​ក្នុង​តំបន់​ទាំងមូល​ផង​។​

​ដោយឡែក​នៅ​ដើមខែ​តុលា​នេះ ក្នុង​វេទិកា​ថាមពល​ដែល​ធ្វើឡើង​ក្នុងប្រទេស​រុស្ស៊ី លោក ពូ​ទីន បានបង្ហាញ​ក្តីបារម្ភ​ខ្លាំង​ផងដែរ​ចំពោះ​ការវិវត្ត​នៃ​ស្ថានការណ៍ និង​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​។ មេដឹកនាំ​រូបនេះ​និយាយថា លោក​បារម្ភ​ខ្លាំង​ដោយសារ​កូរ៉េខាងជើង​មាន​ព្រំដែន​ជាប់​ជាមួយ​រុស្ស៊ី ហើយ​ការប្រឈមមុខ​ដាក់គ្នា និង​សង្គ្រាមពាក្យសម្តី​រវាង​ភាគី​អាចធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ដែល​គ្រប់គ្នា​មិន​ចង់ឃើញ​ថែមទៀត​។ ប្រមុខរដ្ឋ​រុស្ស៊ី​រូបនេះ​ក៏បាន​ឆ្លៀត​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ព្យាយាម​បញ្ឈប់​សកម្មភាព​ទាំងឡាយណា​ដែល​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ ហើយ​ត្រឡប់មក​អង្គុយ​ចរចា​គ្នា​វិញ​៕


Tag:
 វ្ល៉ា​ឌី​មៀ ពូ​ទីន​
  កូរ៉េខាងជើង​
  Valentina Matvienko
© រក្សាសិទ្ធិដោយ thmeythmey.com