អន្តរជាតិ
វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​៖ សហភាព​អឺរ៉ុប​ដាក់ចេញ​វិធានការ​ប្រឆាំង​មន្ត្រី​យោធា​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​
17, Oct 2017 , 9:19 pm        
រូបភាព
ដោយ:
​ការ​បំពារបំពាន​សិទ្ធិមនុស្ស​បង្ក​ឲ្យ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ភៀសខ្លួន​កាន់តែច្រើន​ទៅកាន់​បង់​ក្លា​ដែ​ស បានធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ជាពិសេស​ហ​ភាព​អឺរ៉ុប ព្រួយបារម្ភ និង​ខកចិត្ត​ខ្លាំង​។ ឆ្លើយតប​បញ្ហា​នេះ សហភាព​អឺរ៉ុប​បានចេញ​វិធាន​ការដាក់​សម្ពាធ​លើ​មន្ត្រីជាន់ខ្ពស់​យោធា​មី​យ៉ាន់​ម៉ា​ពាក់ព័ន្ធ​នឹង​វិបត្តិ​នេះ ។​



​សហភាព​អឺរ៉ុប បាន​អះអាងថា ស្ថាប័ន​ខ្លួន នឹង​ផ្អាក​អញ្ជើញ​មេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា​ច្រើន​រូប ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​កងកម្លាំង​មិន​ត្រឹមត្រូវ ដែល​បាន​បណ្តាល​ឲ្យ​មាន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជាង​៥០​ម៉ឺន​នាក់​ភៀសខ្លួន​ចេញពី​ប្រទេស ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Nation នៅ​ថ្ងៃ​១៧ តុលា ។

​តាម​ប្រភពព័ត៌មាន​ដដែល សេចក្តីសម្រេច​ដែល​ត្រូវបាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​អឺរ៉ុប បាន​បញ្ញត្តិ​ថា​៖«​សហភាព​អឺរ៉ុប និង​សមាជិក​របស់ខ្លួន នឹង​ផ្អាក​អញ្ជើញ​អគ្គ​មេញ្ជា​ការ​កងទ័ព​មី​យ៉ាន់​ម៉ា និង​មន្ត្រី​យោធា​ជាន់ខ្ពស់​ជាច្រើន​ផ្សេងទៀត ក៏ដូចជា​ផ្អាក​កិច្ចការ​សហប្រតិបត្តិកា​រលើ​វិស័យ​ការពារជាតិ​ជាមួយ​មី​យ៉ាន់​ម៉ា ដើម្បី​ជាការ​ឆ្លើយតប​នឹង​ការប្រើប្រាស់​កម្លាំង​ទ័ព​មិន​ត្រឹមត្រូវ​នាពេល​ចុង​ក្រោយនេះ​»​។

​ក្រៅពី​រឹតត្បិត​និង​ដាក់​សម្ពាធ​លើ​យោធា​មី​យ៉ាន់​ម៉ា ក្រុមប្រឹក្សា​អឺរ៉ុប ក៏បាន​ជំរុញ​មី​យ៉ាន់​ម៉ា​ឲ្យ​ចូលរួម​បង្កើត​កិច្ចសន្ទនា​ផ្សេងៗ​ជាមួយនឹង​ប្រទេសជិតខាង​ខ្លួន ជាក់ស្តែង​បង់​ក្លា​ដែ​ស​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមរម្យ ដែល​រាប់បញ្ចូល​ទាំង​ការនាំ​ជនភៀសខ្លួន​មក​ស្រុកកំណើត​របស់​ពួកគេ​វិញ​ផងដែរ ។

​គួរកត់សម្គាល់​នោះ រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុប ក៏បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​របស់ខ្លួន​ដែរ​ថា ការស៊ើបអង្កេត​លើ​ការបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​រាប់បញ្ចូល​ទាំង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​កុមារ ក៏​ចំ​បាច់​ត្រូវតែមាន​ផងដែរ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​៕


Tag:
 រ៉ូ​ហ៊ីង​យ៉ា​
  សហភាព​អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com