អន្តរជាតិ
រដ្ឋ​ក្មេងខ្ចី​ជាងគេ​នៅ​អាស៊ី​អាគេ្នយ៍ «​ទី​ម័​រ​ខាងកើត​» ព្រមធ្វើ​សន្ធិសញ្ញា​ព្រំដែន​ជាមួយ​អូស្ត្រាលី​
18, Oct 2017 , 8:19 am        
រូបភាព
រូបភាព៖ South China Morning Post
រូបភាព៖ South China Morning Post
ដោយ:
​នៅ​ទីបំផុត ទី​ម័​រ​ខាងកើត បាន​ព្រមព្រៀង​ជាមួយនឹង​អូស្ត្រាលី​ក្នុង​ការបញ្ចប់​សេចក្តីព្រាង​សន្ធិសញ្ញា​ព្រំដែន ។ នេះ គឺជា​ជំហាន​វិជ្ជមាន​មួយ​សម្រាប់​រដ្ឋ​ក្មេងខ្ចី​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ ក្រោយពី​ជួប​រឿង​ជូរចត់ និង​តានតឹង​ជាមួយ​អ្នកជិតខាង​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​នោះ​។​



​រដ្ឋាភិបាល​ទី​ម័​រ​ខាងកើត និង​រដ្ឋាភិបាល​អូស្ត្រាលី បាន​ព្រមព្រៀងគ្នា​ដើម្បី​បញ្ចប់​សន្ធិសញ្ញា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ក្រោយ​រដ្ឋាភិបាល​ទាំងពីរ បានបញ្ចប់​ការជជែក​គ្នា​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​ដ៏​រសើប​នៅ​តុលាការ​ក្រុងឡាអេ កាលពី​សប្តាហ៍​មុន ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​មជ្ឈការ​តុលាការ​អចិន្ត្រៃយ៍​ក្រុង​អេ​នៅ​ថ្ងៃ​១៥ តុលា ។

​បើតាម​សេចក្តីប្រកាស​ដដែល​នោះ ភាគី​ទាំងពីរ ក៏បាន​ព្រមព្រៀងគ្នា​ក្នុងការ​កំណត់ព្រំដែន​នៅ​តំបន់​សមុទ្រ​ទី​ម័​រ ដែលជា​តំបន់​វិវាទ​ដ៏​រសើប និង​ថែម​ដាក់បញ្ចូល​ពីស​កម្ម​ភាពស្របច្បាប់​នៅក្នុង​តំបន់​សំបូរ​ទៅដោយ​ធនធានធម្មជាតិ​ផងដែរ ។

​តាមពិតទៅ ទី​ម័​រ​ខាងកើត និង​អូស្ត្រាលី ធា្ល​ប់​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​លើ​បញ្ហា​ព្រំដែន​មួយចំនួន​ផងដែរ​។ ក៏ប៉ុន្តែ​កិច្ចព្រមព្រៀង​ទាំងនោះ មិនបាន​កំណត់​ពី​ព្រំដែន​អចិន្ត្រៃយ៍​នោះទេ ។

​ក្នុង​ឆ្នាំ​២០០២ ទី​ម័​រ​ខាងកើត បាន​ចុះហត្ថលេខា​ជាមួយនឹង​អូស្ត្រាលី​លើ​សន្ធិសញ្ញា​សមុទ្រ​ទី​ម័​រ ដែល​ក្នុង​កិច្ចព្រមព្រៀង​នោះ ភាគី​ទាំងពីរ ក៏បាន​កំណត់​ពី​តំបន់​មួយចំនួន​ដែលជា​តំបន់​អភិវឌ្ឍន៍​រួម​ដើម្បី​រុករក​ប្រេង​ផងដែរ​។ ក្រោយមកទៀត​ភាគី​ទាំងពីរ បាន​ចុះ​កិច្ចព្រមព្រៀង​លើស​ន្ធិ​ស​ញ្ញ​មួយទៀត​ស្តី​ការរៀបចំ​ដែន​ក្នុង​សមុទ្រ​ទី​ម័​រ​ឆ្នាំ​២០០៦(CMATS) ដែល​ក្នុងនោះ​មាន​ចំណុច​មួយ​បានបញ្ជាក់​ថា​ភាគី​ទាំងពីរ​កំណត់​រយៈពេល​៥០​ឆ្នាំ​ដើម្បី​ចរចា​លើ​បញ្ហា​ព្រំដែន​សមុទ្រ​អចិន្ត្រៃយ៍​។

​យ៉ាងណាក៏ដោយ នៅ​ឆ្នាំ​២០១២ លោក Xanana Gusmao ដែល​នៅពេលនោះ​ជា​នាយករដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត បាន​រកឃើញថា អូស្ត្រាលី បាន​លួច​ធ្វើ​ចារកម្ម​លើ​ខ្លួន​ដោយ​ភ្នាក់ងារ​ចារកម្ម​អូស្ត្រាលី បង្កប់​ឧបករណ៍​ស្រូប​សំឡេង​នៅ​បន្ទប់​គណៈរដ្ឋមន្ត្រី​រប​ស់​ទី​ម័​រ​ខាងកើត​ក្នុងពេល​ភាគី​ទាំងពីរ​កំពុង​ចរចា​គ្នា​។​

​ដោយសារ​បញ្ហា​នេះ ទី​ម័​រ​ខាងកើត បានបញ្ចប់​សុពលភាព​កិច្ចព្រមព្រៀង​នោះ ដោយ​ចោទប្រកាន់ថា អូស្ត្រាលី​មិនបាន​បង្ហា​ញី​ភាពស្មោះត្រង់​។ ជាងនេះទៅទៀត​នោះ ទី​ម័​រ​ខាងកើត ក៏បាន​ដាក់​បណ្តឹង​ទៅកាន់​តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ត្រឹមត្រូវ និង​បញ្ចប់​វិវាទ និង​ភាពមិនច្បាស់លាស់​នៃ​ព្រំដែន​ជាមួយ​អូស្ត្រាលី​ផងដែរ​៕


Tag:
 ទី​ម័​រ​ខាងកើត​
  អូស្ត្រាលី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com