ជាតិ
តើ​សមាជិក គ​.​ជ​.​ប នឹងត្រូវ​បាត់បង់​ដែរ​ទេ​? បើ​CNRP ត្រូវ​រំលាយ​
19, Oct 2017 , 9:19 pm        
រូបភាព
រូបពីហ្វេសប៊ុក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
រូបពីហ្វេសប៊ុក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រោយ​ការសម្របសម្រួល​នយោបាយ បន្ទាប់ពី​ការបោះឆ្នោត​ឆ្នាំ​២០១៣​នោះ គេ​នៅចាំ​ថា ការងារ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចាប់ផ្ដើម​អនុវត្ត​មុនគេ គឺ​ការរៀបចំ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។ ខ្លឹមសារ​ច្បាប់ និង​សមាភាព​គ​.​ជ​.​ប​ថ្មី ត្រូវបាន​បង្កើតឡើង​ដោយ​ក្នុងនោះ មាន​សមាសភាព​៤​នាក់​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​៤​នាក់​ទៀត​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​សមាជិក​ទី​៩ មកពី​សង្គម​ស៊ីវិល​។ ប៉ុន្តែ​អ្វី​ដែលជា​ចម្ងល់​បច្ចុប្បន្ន​នោះ ថា​តើ​សមាជិក​គជប នឹងត្រូវ​បាត់បង់​ដែរ​ទេ បើ​គណបក្ស​មួយ អាច​ត្រូវ​រំលាយ​?



​ត្រង់​បញ្ហា​សមាភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នេះ ត្រូវបាន​លោក ជាម យៀប មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយថា សមាសភាព គ​.​ជ​.​ប ទាំង​៩​រូប នឹងត្រូវ​រំលាយ​ជា​ស្វ័យប្រវត្តិ នៅពេល​បក្ស​ណាមួយ​ត្រូវ​រំលាយ ដោយ​ផ្អែកលើ​ការឯកភាព​របស់​គណ​បក្ស​ជាប់ឆ្នោត​ទាំងពីរ​កន្លងមក ។ លោក ជាម យៀប ដែល​បាន​ប្រាប់​សារព័ត៌មាន​កន្លងមក​ថា សមាសភាព គ​.​ជ​.​ប ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​អាច​រក្សា​នៅ​ដដែល បើសិន​ពួកគេ​ទាំងនោះ​ព្រម​ចូល​គណបក្ស​ប្រជាជន​កម្ពុជា​។

​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​សុំ​ការពន្យល់​បន្ថែម​ពី​លោក ជាម យៀប បាន​នៅឡើយ​ទេ​។

​សម្រាប់​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ហង្ស ពុទ្ធា ក៏​មិនទាន់​ដឹងថា សមាជិក គ​.​ជ​.​ប ទាំង​៩​រូប នឹងត្រូវ​បាត់បង់​តាម​គណបក្សនយោបាយ​ដែល​ត្រូវ​រំលាយ ដូច​ការលើកឡើង​រប​ស់លោក ជាម យៀប នៅឡើយ​ទេ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ហង្ស ពុទ្ធា ដូច្នេះ​ថា​៖«​ខ្ញុំ​អត់​បានឮ​សម្តី​ផ្ទា​ល់ពី​គាត់​(​ជាម យៀប​) ដូច្នេះ​ខ្ញុំ​សុំ​មិន​បកស្រាយ​ទេ​។ តែ​ខ្ញុំ​យល់ថា វា​ជាការ​បញ្ចេញមតិ​របស់​បុគ្គល​ម្នាក់ ព្រោះ​សម័យ​ហ្វេ​ស​ប៊ុ​ក​បុគ្គល​ណា ក៏មាន​សិទ្ធិ​បញ្ចេញមតិ​ដែរ ។ ហើយ​ខ្ញុំ​អត់​ទាន់​ដឹងថា​ទិដ្ឋភាព​ច្បាប់​ថ្មី​យ៉ាងម៉េច​ទេ ព្រោះ​យើង​មិនទាន់​ទទួលបាន​»​។​

​ប៉ុន្តែ​អ្វីដែល​លោក ហង្ស ពុទ្ធា គ្រាន់តែ​អាច​ដឹងបាន​នោះ គឺ​សមាជិក គ​.​ជ​.​ប ត្រូវ​អនុវត្តតាម​មាត្រា​៩ នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ចែង​អំពី​សមាជិកភាព គ​.​ជ​.​ប​។

​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មាត្រា​៩ ចែងថា ប្រធាន អនុប្រធាន និង​សមាជិក គ​.​ជ​.​ប ត្រូវ​បាត់បង់​មុខតំណែង​ណាមួយ ដូចខាងក្រោម សាមីខ្លួន ទទួលមរណភាព , សាមីខ្លួន សុំ​លាឈប់​ជា​លាយលក្ខណ៍អក្សរ , សាមីខ្លួន បាត់បង់​សម្បទា​វិជ្ជាជីវៈ ដោយមាន​លិខិតបញ្ជាក់​ពី​ក្រសួង និង​ស្ថាប័ន​មាន​សមត្ថកិច្ច ,​សាមីខ្លួន ត្រូវបាន​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ពីបទ​ឧក្រិដ្ឋ ឬ​បទមជ្ឈិម​ណាមួយ​។​

​ចំណែក​មាត្រា ៨ វិញ ចែងថា …​ប្រធាន អនុប្រធាន និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែលជា​សមាជិក​គណបក្ស​នយោបាយ ត្រូវសុំ​លាលែង​ពី​គណបក្ស នយោបាយ ហើយ​អាច​ចូល​ជា​សមាជិក​គណបក្សនយោបាយ​វិញ​បាន ក្នុង​រយៈពេល​យ៉ាងតិច​២​ឆ្នាំ បន្ទាប់ពី​បញ្ចប់​អាណត្តិ​ការងារ ឬ​បាត់បង់​មុខតំណែង ឬ​ត្រូវ​បណ្ដេញចេញ ដូច​មានចែង​ក្នុង​មាត្រា​៧ មាត្រា​៩ និង​មាត្រា​១០ នៃ​ច្បាប់​នេះ​…​។ 

​ត្រង់ចំណុច​នេះ បានន័យថា សមាជិក​គ​.​ជ​.​ប ដែល​ជ្រើស​ចេញពី​គណបក្សនយោបាយ លែង​ជា​សមាជិក​នយោបាយ​ទៀតហើយ មុននឹង​ចូល​បម្រើ​ការងារ​នៅក្នុង​ស្ថាប័ន​គ​.​ជ​.​ប​។​ដូច្នេះ​បើ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ត្រូវបាន​រំលាយ​មែន​នោះ ថា​តើ​សមាជិក​គជប នឹងត្រូវ​បាត់បង់​ដែរ​ទេ ?


Tag:
 ជាម យៀប​
  ហង្ស ពុទ្ធា​
  គជប
© រក្សាសិទ្ធិដោយ thmeythmey.com