ជាតិ
សេដ្ឋកិច្ច
IMF ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅតែ​រឹងមាំ​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ខាងមុខ​
24, Oct 2017 , 11:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មូលនិធិ​ហិរញ្ញវត្ថុ​អន្តរជាតិ IMF បាន​ព្យាករ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ថា​នៅតែ​រឹងមាំ​នៅក្នុង​ឆ្នាំនេះ និង​ក្នុងអំឡុងពេល​ពីរ​បី​ឆ្នាំ​ខាងមុខ​។ នេះ​បើតាម​របាយការណ៍​រប​ស់ IMF ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២០​ខែតុលា​។​



​ក្រុម​អ្នកជំនាញ​សេដ្ឋកិច្ច​របស់ IMF ព្យាករ​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​នឹងមាន​កំណើន ៦,៩​ភាគរយ​នៅ​ឆ្នាំ​២០១៧​នេះ​។ IMF បន្តថា កម្ពុជា​ប្រឈម​នឹង​ការ​ថមថយ​វិនិយោគឯកជន ប៉ុន្តែ​អាច​យឹតយោង​ដោយ​កំណើន​ចំណាយ​សាធារណៈ និង​សកម្មភាព​ខ្លាំងក្លា​នៃ​វិស័យ​សំណង់ និង​ទេសចរណ៍​។​

IMF បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​ដោយ​មើល​ទៅមុខ ទស្សនវិស័យ​សេដ្ឋកិច្ច​កម្ពុជា គឺ​វិជ្ជមាន បើទោះបីជា​បញ្ហា​ប្រឈម​នៅតែមាន​។ កំណើនសេដ្ឋកិច្ច​ពិត ត្រូវបាន​ព្យាករ​ថា​នៅតែ​រឹងមាំ​ក្នុងអំឡុងពេល​ពីរ​បី​ឆ្នាំ​ខាងមុខ​»​។ IMF បន្ថែម​ដូចនេះ​ទៀតថា​៖«​ប៉ុន្តែ​បន្ទាប់ពី​រយៈពេល​នោះ​ទៅ កំណើនសេដ្ឋកិច្ច​នឹង​យឺត​មក​នៅត្រឹម​រង្វង់ ៦​ភាគរយ​ក្នុង​រយៈពេល​មធ្យម ដោយសារ​ការ​ថមថយ​ជា​សន្សឹមៗ​នៃ​វដ្ដ​វិស័យ​ឥណទាន និង​អចលនទ្រព្យ និង​បញ្ហា​ប្រឈម​ក្នុង​ការពង្រឹង​ភាព​ប្រកួតប្រជែង និង​ពិពិធ​កម្ម​សេដ្ឋកិច្ច​»៕


Tag:
 GDP
© រក្សាសិទ្ធិដោយ thmeythmey.com