ជាតិ
សេដ្ឋកិច្ច
ADB៖ ពាណិជ្ជកម្ម និង​ការវិនិយោគ​ក្នុង​តំបន់​រឹងមាំ ដែល​បង្កើន​ភាព​ធន់​សេដ្ឋកិច្ច​អាស៊ី​
26, Oct 2017 , 9:19 pm        
រូបភាព
​សន្ទុះ​កើនឡើង នៃ​ការតភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការវិនិយោគ នៅ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក បាន​ជួយ​បង្កើន​ភាព​ធន់​នៃ​សេដ្ឋកិច្ច​របស់​តំបន់​នេះ ទប់ទល់​នឹង​ភាពមិនប្រាកដប្រជា ដែល​កើតឡើង​ក្នុង​បរិយាកាស​គោលនយោបាយ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​សកលលោក​។ នេះ​បើតាម​របាយការណ៍​ថ្មី​មួយ ចេញផ្សាយ​ដោយ​ធនាគារ អភិវឌ្ឍ៍​អាស៊ី (ADB)​។ តែ​យ៉ាងណា តំបន់​នេះ​ក៏​ប្រឈម​នឹង​ហានិភ័យ​ដែរ ដោយ​សារភាព​ខ្សោយ​នៃ​ទីផ្សារ និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដែល​នៅ​មិនទាន់បាន​ដោះស្រាយ​នៅឡើយ​។ របាយការណ៍​ថ្មី​នេះ បាន​គូសបញ្ជាក់ថា បណ្តា​ប្រទេស​ក្នុង​តំបន់​នេះ ត្រូវ​រក្សា​ឲ្យ​បាន​មូលដ្ឋានគ្រឹះ​រឹងមាំ​នៃ​ម៉ាក្រូសេដ្ឋកិច្ច បន្ត​ពង្រឹង​ក្របខណ្ឌ​បទដ្ឋាន​គតិយុត្តិ និង​ត្រួតពិនិត្យ​សមត្ថភាព​ស្ថាប័ន​នៅ​ថ្នាក់ជាតិ បន្ត​អភិវឌ្ឍ​ទីផ្សារ​មូល​បណ្ណ​ដែល​ប្រើ​រូបិយ​បណ្ណ​ក្នុងស្រុក ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជុំវិញ​ការធ្វើ​និយតកម្ម ពិនិត្យឡើងវិញ​យន្តកា​រដោះ​ស្រាយ​វិវាទ​សម្រាប់​ធនាគារ និង​ពង្រឹង​បណ្តាញ​សុវត្ថិភាព​ហិរញ្ញវត្ថុ​ដែលមាន​ស្រាប់​ដើម្បី​ចៀស​ផុតពី​វិបត្តិ​ដែល​អាច​កើតមាន​នា​អនាគត​។​


 
​ភាពរឹងមាំ​នៃ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ក្នុង​តំបន់​អាស៊ី ជា​ខែល​សម្រាប់​ការពារ​តំបន់​នេះ ទប់ទល់​នឹង​ភាពមិនប្រាកដប្រជា​នៃ​ស្ថានភាព​ពាណិជ្ជកម្ម និង​កំណើនសេដ្ឋកិច្ច​សកល​។ នេះ​បើតាម​ការសិក្សា​មួយ​របស់ ADB មាន​ចំណងជើង​ថា «​របាយការណ៍​ស្តីពី​សមាហរណកម្ម​សេដ្ឋកិច្ច​នៅ​អាស៊ី (AEIR)» ចេញផ្សាយ​នៅ​ថ្ងៃទី​២៥ ខែតុលា ពី​ប្រទេស​សិង្ហ​បុរី​។

​បើតាម​របាយការណ៍ ក្នុង​ឆ្នាំ​២០១៦ ភាគរយ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេសមួយ និង​ប្រទេស​មួយទៀត​ក្នុង​តំបន់ កើន​ដល់ ៥៧.៣​ភាគរយ ដែលជា​កម្រិត​ខ្ពស់​មិន​ធ្លាប់មាន បើ​ធៀប​នឹង​កំណើន​ជា​មធ្យម ៥៥.៩​ភាគរយ ពី​ឆ្នាំ ២០១០ ដល់​២០១៥​។ ក្នុង​ឆ្នាំ​២០១៦​ដដែល តម្លៃ​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) ក្នុង​តំបន់​អាស៊ី​ទាំងមូល​បាន​កើន​ឡើងដល់ ២៧២ ពាន់​លាន​ដុល្លារ បើទោះបីជា​លំហូរ  FDI ជា​សកល​មកកាន់​តំបន់​អាស៊ី ថយចុះ ៦​ភាគរយ​ក៏ដោយ​។ FDI ពី​ប្រទេសមួយ ទៅ​ប្រទេស​មួយទៀត​ក្នុង​តំបន់​នេះ គឺជា​ភាគរយ​នៃ FDI សរុប ដែល​ចូលមកក្នុង​តំបន់​នេះ កើនឡើង​ពី ៤៨​ភាគរយ ក្នុង​ឆ្នាំ​២០១៥ ដល់ ៥៥​ភាគរយ ក្នុង​ឆ្នាំ​២០១៦​។ ដោយសារតែ FDI ពី​ប្រទេសមួយ ទៅ​ប្រទេស​មួយទៀត ក្នុង​តំបន់​អាស៊ី​នេះ បំពេញ​តួនាទី​សំខាន់ ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សង្វាក់​តម្លៃ គេ​រំពឹងថា វា​ក៏​នឹង​ជួយ​ពង្រឹង​កំណើន​ពាណិជ្ជកម្ម​របស់​តំបន់​នេះ​ផងដែរ​។​

​សេដ្ឋកិច្ច​របស់​អាស៊ី បាន​បន្ត​ពង្រីក​វត្តមាន​ក្នុង​សកលលោក ដោយ FDI ដែលមាន​ប្រភពពី​អាស៊ី បាន​កើនឡើង ១១​ភាគរយ ក្នុង​ឆ្នាំ ២០១៦ ដល់ ៤៨២ ពាន់​លាន​ដុល្លារ ជាពិសេស​តាមរយៈ​ការវិនិយោគ​លើ​ថាមពល​កកើត​ឡើងវិញ ធនធានធម្មជាតិ ឧបករណ៍​សើ​មី​ខុន​ដាក់​ឌ័​រ (semiconductors) និង​បច្ចេក​-​វិទ្យា​ព័ត៌មាន​។​

​លោក Yasuyuki Sawada ប្រធាន​សេដ្ឋវិទូ​របស់ ADB មានប្រសាសន៍ថា តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក កំពុង​ដឹកនាំ​ការ​ងើប​ឡើងវិញ នៃ​ពាណិជ្ជកម្ម​សកលលោក ដែល​ជួយ​ឲ្យ​តំបន់​នេះ អាច​បន្ត​រក្សា​សន្ទុះ​កំណើន​ខ្ពស់​របស់ខ្លួន ទោះជា​ស្ថានភាព​គោលនយោបាយ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​សកលលោក កំពុងមាន​ភាពមិនប្រាកដ​ប្រជា​ក៏ដោយ​។ លោក Yasuyuki  បន្ថែម​ដូច្នេះ​ថា​៖« សមាហរណកម្ម និង​កិច្ចសហប្រតិបត្តិការ​នៅ​អាស៊ី នឹង​ជួយ​ពង្រឹង​កំណើនសេដ្ឋកិច្ច និង​ភាព​ធន់​ទ្រាំ​ផ្នែក​ហិរញ្ញវត្ថុ​របស់​តំបន់​នេះ​»​។

​របាយការណ៍ AEIR  ឆ្នាំ​២០១៧​នេះ បាន​បង្កើត​នូវ​ស​ន្ទ​ទស្សន៍​ថ្មី​មួយ ដែលមាន​ឈ្មោះថា «​ស​ន្ទ​ទស្សន៍កិច្ច​សហប្រតិបត្តិកា​រ និង​សមាហរណកម្ម​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​» ក្នុង​បំណង​ជួយ​ឲ្យ​អ្នកតាក់តែង​គោលនយោបាយ យល់ដឹង​កាន់តែច្បាស់ និង​ចេះ​វាស់វែង​កត្តា​ដែល​ជួយ​ជំរុញ​ឲ្យ​កិច្ចសហប្រតិបត្តិការ និង​សមាហរណកម្ម​ថ្នាក់​តំបន់ កាន់តែ​កើនឡើង​។ ស​ន្ទ​ទស្សន៍​នេះ បាន​វាស់វែង​សមាហរណកម្ម​តំបន់ ដោយ​ពិនិត្យ​លើ​សមាសភាគ​ចំនួន ៦ គឺ​ពាណិជ្ជកម្ម និង​ការវិនិយោគ ប្រាក់ និង​ហិរញ្ញវត្ថុ សង្វាក់​តម្លៃ ហេដ្ឋារចនាសម្ព័ន្ធ និង​ការភ្ជាប់​ទំនាក់ទំនង​ថ្នាក់​តំបន់  ការផ្លាស់​ទី​របស់​មនុស្ស និង​សមាហរណកម្ម​ស្ថាប័ន និង​សង្គម​។

​របាយការណ៍​នេះ ក៏មាន​ជំពូក​ពិសេស​មួយ ដែល​ពិពណ៌នា​អំពី​របៀប​ដែល​អាស៊ី អាច​ពង្រឹង​ភាព​ធន់​ផ្នែក​ហិរញ្ញវត្ថុ​របស់ខ្លួន ក្នុង​យុគសម័យ​នៃ​ការភ្ជាប់​ទំនាក់ទំនង​ទៅវិញទៅមក​ផ្នែក​ហិរញ្ញវត្ថុ​។ ចំណុច​មួយ ដែល​ត្រូវបាន​រំលេច​ក្នុង​ជំពូក​នេះ​គឺ ២០​ឆ្នាំ ក្រោយ​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​អាស៊ី អាស៊ី​នៅតែ​រឹងមាំ ដោយ​ប្រព័ន្ធ​ហិរញ្ញវត្ថុ កាន់តែ​ភាពប្រសើរ បទបញ្ជា​នានា​កាន់តែ​រឹងមាំ ហើយ​យន្តការ​សហប្រតិបត្តិកា​រ​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​តំបន់ ដំណើរការ​កាន់តែ​ល្អ​។

​ទោះជា​យ៉ាងណាក៏ដោយ បញ្ហា​ប្រឈម​ធំៗ​នៅតែមាន ដូចជា​ភាព​ខ្សោយ​នៃ​ទីផ្សារ និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដែល​នៅ​មិនទាន់បាន​ដោះស្រាយ​នៅឡើយ​។ ភាពខ្វះ​ចន្លោះ​ផ្នែក​គោលនយោបាយ និង​បទដ្ឋាន​គតិយុត្តិ​ដែល​នៅ​សេសសល់​ទាំងនេះ ក៏​អាចធ្វើ​ឲ្យ​តំបន់​នេះ​កាន់តែ​ប្រឈម​នឹង​ហានិភ័យ និង​ភាព​ងាយ​រងគ្រោះ​ផ្នែក​ហិរញ្ញវត្ថុ ដោយសារ​តែមាន​ការប្រើ​ប្រាស់ និង​ការប្រថុយប្រថាន​ខ្លាំងពេក​។​

​របាយការណ៍​នេះ ក៏​ផ្តល់នូវ​អនុសាសន៍​ជាច្រើន ដល់​បណ្តា​ប្រទេស​ក្នុង​តំបន់​នេះ ដើម្បី​ពង្រឹង​ភាព​ធន់​របស់​ប្រទេស​ទាំងនេះ ចំពោះ​វិបត្តិ​ដែល​អាច​កើតមាន​នាពេល​អនាគត ដូចជា រក្សា​ឲ្យ​បាន​នូវ​មូលដ្ឋានគ្រឹះ​រឹងមាំ​នៃ​ម៉ាក្រូសេដ្ឋកិច្ច បន្ត​ពង្រឹង​ក្របខណ្ឌ​បទដ្ឋាន​គតិយុត្តិ និង​ត្រួតពិនិត្យ និង​សមត្ថភាព​ស្ថាប័ន​នៅ​ថ្នាក់ជាតិ បន្ត​អភិវឌ្ឍ​ទីផ្សារ​មូល​បណ្ណ ដែល​ប្រើ​រូបិយប័ណ្ណ​ក្នុងស្រុក ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជុំវិញ​ការធ្វើ​និយតកម្ម រួម​ម​នឹង​យន្តការ​ដោះស្រាយ​វិវាទ​សម្រាប់​ធនាគារ ដែល​ភ្ជាប់​ប្រតិបត្តិការ​ជាមួយគ្នា​នៅ​ថ្នាក់​តំបន់ និង​ពិនិត្យឡើងវិញ និង​ពង្រឹង​បណ្តាញ​សុវត្ថិភាព​ហិរញ្ញវត្ថុ​ដែលមាន​ស្រាប់ ទប់ទល់​នឹង​ការ​រាលដាល និង​សាយភាយ​ផលប៉ះពាល់​នានា​៕     


Tag:
 ADB
 ​ ពាណិជ្ជកម្ម​
 ​ ការវិនិយោគ​
© រក្សាសិទ្ធិដោយ thmeythmey.com