ជាតិ
ទស្សនា​ភាពយន្ត​ជប៉ុន​ល្បីៗ​ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​១២ នៅ​រោងភាពយន្ត​មួយចំនួន​នៅ​ភ្នំពេញ​!
09, Nov 2017 , 2:10 pm        
រូបភាព
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា
​ភ្នំពេញ​៖ មហោស្រព​ភាពយន្ត​ជប៉ុន​ឆ្នាំ​២០១៧​នេះ នឹង​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ចំនួន ១២ ដែល​សម្រិតសម្រាំង​សម្រាប់​ការចាក់​បញ្ចាំង​នៅ​រោងភាពយន្ត Major Cineplex ផ្សារ​អ៊ី​អន និង Legend Cinema នៅ TK Avenue​។ ខ្សែភាពយន្ត​ទាំងនោះ មាន​ប្រភេទ គំនូរជីវចល ភាពយន្ត​បែប​មនោសញ្ចេតនា និង​ភាពយន្ត​ឯកសារ​។ ជាមួយគ្នានេះ មហោស្រព​នេះ នឹង​បញ្ចាំង​ខ្សែភាពយន្ត​ដែល​ធ្លាប់​ទទួល​ពានរង្វាន់​ផងដែរ​។ មហោស្រព​ភាពយន្ត​ឆ្នាំ​២០១៧​នេះ ប្រព្រឹត្តទៅ​រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី ៩-១២ ខែវិច្ឆិកា​នេះ​។



​ជា​លើក​ទី​៣​ហើយ ដែល​មហោស្រព​ភាពយន្ត​ជប៉ុន បាន​ប្រារព្ធ​នៅ​កម្ពុជា​។ មហោស្រព​ភាពយន្ត​ជប៉ុន​នេះ នឹង​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ដែល​ឆ្លុះបញ្ចាំង​អំពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​ជប៉ុន សង្គម និង​វប្បធម៌​ជប៉ុន​។ បន្ថែម​លើ​នេះ តាមរយៈ​ការចាក់​បញ្ចាំង​នេះ ក៏​ផ្ដល់ឱកាស​សម្រាប់​អ្នកទស្សនា ដើម្បី​ស្គា​ល់ពី​ប្រទេស និង​ប្រជាជន​ជប៉ុន​ផងដែរ​។ ក្នុង​មហោស្រព​នេះ មាន​ខ្សែភាពយន្ត​ចំនួន ១២​រឿង ជា​គំនូរជីវចល ភាព​បែប​មនោសញ្ចេតនា និង​ភាពយន្ត​ឯកសារ​។​

​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា បញ្ជាក់ថា ក្នុងកំឡុងពេល​៤​ថ្ងៃ​នៃ​មហោស្រព​នេះ នឹង​បញ្ចាំងភាពយន្ត​ជប៉ុន​ចំនួន ១២​រឿង​។ លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា រំពឹងថា ទស្សនិកជន​នឹងមាន​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយ​ប្រទេស និង​ប្រជាជន​ជប៉ុន​តាមរយៈ​ភាពយន្ត​ទាំងនេះ​។



​លោក សោម សុគន្ធ រដ្ឋមន្ត្រី​ស្ដីទី​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​លើកឡើងថា  ព្រឹត្តិ​កាណ៍​មហោស្រព​ភាពយន្ត​ជប៉ុន​នេះ  បាន​ឆ្លុះបញ្ចាំង​ពី​ការ​សហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ជប៉ុន លើ​វិស័យ​វប្បធម៌​។ លោក សោម សុគន្ធ បន្ថែមថា ភាពយន្ត ជា​មធ្យោបាយ​ផ្សព្វផ្សាយ សិល្បៈ​វប្បធម៌ និង​ជា​ភ្នាក់ងារ​ដែល​បណ្ដុះ​ចិត្តគំនិត​មនុស្ស ពិសេស ជួយ​អភិរក្ស និង​អភិវឌ្ឍន៍​ជាតិ​ផងដែរ​។​

​រដ្ឋមន្ត្រី​ស្ដីទី​រូបនេះ បញ្ជាក់ថា ក្រសួង​វប្បធម៌ ចាត់ទុក ការរៀបចំ​មហោស្រព​ជប៉ុន​រៀងរាល់ឆ្នាំ នឹងធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា មានឱកាស​ស្វែងយល់​ពី​ជីវភាព​ប្រជាជន​ជប៉ុន សង្គម និង​វប្បធម៌​ជប៉ុន​។  លោក សោម សុគន្ធ ជឿជាក់ថា យុវជន​ខ្មែរ នឹង​រៀនសូត្រ​តាម​យៈ​ភាពយន្ត និង​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​។​



​សូមបញ្ជាក់ថា មហោស្រព​ភាពយន្ត​ជប៉ុន​ឆ្នាំ​២០១៧​នេះ រៀបចំ​ដោយ​មូលនិធិ​ជប៉ុន និង​ស្ថានទូត​ជប៉ុន រួមសហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​។ មហោស្រព​នេះ ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៥ ក្នុង​គោលបំណង​ជំរុញ​ការយល់ដឹង​អំពី​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​វប្បធម៌​ជប៉ុន​ដល់​ប្រជាជន​កម្ពុជា តាមរយៈ​ការចាក់​បញ្ចាំងភាពយន្ត​៕







Tag:
 មហោស្រព​ភាពយន្ត​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com