កីឡាជាតិ
ជាតិ
លោក ប្រាក់ សុវណ្ណារ៉ា​៖ វឌ្ឍនាកា​កើន​កម្លាំង និង​ទម្រង់​លេង តែ​ការបញ្ចប់​ទី​អាច​ធ្លាក់ចុះ​
10, Nov 2017 , 10:39 pm        
រូបភាព
ដោយ:
​លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​លើកឡើងថា កីឡាករ ចាន់ វឌ្ឍនាកា មានការ​រីកចម្រើន​ផ្នែក​កម្លាំង និង​ទម្រង់​លេង​តែមាន​ការធ្លាក់ចុះ​ផ្នែក​បញ្ចប់​ទី​។ កត្តា​នេះ​លោក​យល់ថា អាច​បណ្តាលមកពី​រូបគេ​បាន​ត្រឹម​ហ្វឹកហាត់​តែ​មិនសូវ​បាន​ចូលរួម​ប្រកួត​។ លោក​សង្ឃឹមថា សម្រាប់​ការប្រកួត​ដែល​នៅសល់ វ​ឌ្ឍ​នា នឹង​បាន​បង្ហាញខ្លួន​ជាមួយ​ក្រុម Fujieda MYFC​។



​ក្រោយ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​ជាមួយ​ក្រុម​ក្របខណ្ឌ​លី​ក​លំដាប់​ទី​៣ Fujieda MYFC របស់​ជប៉ុន​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក ប្រាក់ សុវណ្ណារ៉ា យល់ឃើញថា កីឡាករ ចាន់ វឌ្ឍនាកា មានការ​រីកចម្រើន​ខ្លាំង​ផ្នែក​កម្លាំង និង​ទម្រង់​លេង​។ តែ​យ៉ាងណា លោក ឃើញ​ការបញ្ចប់​ទី​របស់គេ​ហាក់​មានការ​ធ្លាក់ចុះ​។ ការលើកឡើង​បែប បន្ទាប់ពី​កីឡាករ​រូបនេះ​មិនអាច​សម្រេច​ឱកាស​មាស​ពីរដង​នា​ជំនួប​មិត្តភាព​ជាមួយ​មី​យ៉ាន់​ម៉ា​។



«​សម្រាប់ វឌ្ឍនាកា បាល់​ឱកាស​បែប​នឹង​គាត់​កម្រ​នឹង​ភ្លាត់​ណាស់ ប្រសិនបើ​កីឡាករ​ផ្សេង​ពី​គាត់​យើង​អាច​គិតថា​នឹង​ភ្លាត់​ព្រោះ វឌ្ឍនាកា គាត់​ពូកែ​ទាត់​បាល់​របៀប​នឹង​ណាស់ តែ​ពេលខ្លះ​យើង​គិតថា​អាចមកពី​សំណាង​គាត់​តិច​»​។ នេះ​ជាការ​លើកឡើង​របស់ លោក ប្រាក់ សុវណ្ណារ៉ា ដែល​បាន​បរាជ័យ​សម្រាប់​ការដឹង​នាំ​ក្រុម​ជម្រើសជាតិ​លើកដំបូង​។ 



​ទោះបី​យ៉ាងនេះ​ក្តី​គ្រូបង្វឹក​ឈ្មោះ​ក្រៅ​ហៅ​«​ទូច​»​រូបនេះ ចាត់ទុក​ការខកខាន​ឱកាស​មាស​ឬ​អាច​និយាយបានថា​ធ្លាក់​ការសម្រេច​ទី​របស់ វឌ្ឍនាកា អាច​បណ្តាលមកពី​ឱកាស​លេង​នៅ​ជប៉ុន​ច​របស់គេ​តិចពេក​។ លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ពិបាក​ប៉ាន់ស្មាន​ណាស់ បើ វឌ្ឍនាកា មានឱកាស​ចូល​លេង​ច្រើន​ទើប​យើង​អាច​វិនិច្ឆ័យ​ថា​សមត្ថភាព​គាត់​ឡើង​ឬក៏​ចុះខ្សោយ ព្រោះ​ការហ្វឹកហាត់​ខុសពី​ការប្រកួត​។ តែបើ​និយាយ​ពី​កម្លាំង និង​ការយល់ដឹង​ពី​របៀប​លេង​គឺ​គាត់​មានការ​កើនឡើង​ហើយ​ការសម្រេច​ទី​ហាក់​មានការ​ធ្លាក់ចុះ សូម្បីតែ​ការ​ទាត់ Free Kick ក៏​មិនសូវ​ចំ​គោលដៅ​ដែរ នេះ​អាច​និយាយបានថា​ដោយសារ​គាត់​មានឱកាស​លេង​នៅ​ជប៉ុន​តិចពេក​»៕




Tag:
 ប្រាក់ សុវណ្ណារ៉ា​
  ចាន់ វឌ្ឍនាកា
© រក្សាសិទ្ធិដោយ thmeythmey.com