អន្តរជាតិ
COP23៖ កម្រិត​ឧស្ម័នកាបូនិច ​ឥណ្ឌា និង​ចិន បញ្ចេញ​ទៅ​បរិ​យាកាស​កើនឡើងខ្លាំង​ឆ្នាំ ២០១៧
13, Nov 2017 , 10:42 pm        
រូបភាព
រូបភាព៖ Global Carbon Project
រូបភាព៖ Global Carbon Project
 
Bonn (​អាល្លឺម៉ង់​)៖​អ្នកស្រាវជ្រាវ​ព្យាករ​ថា ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ពី​រោងចក្រ​ឧស្សាហកម្ម សកម្មភាព​មនុស្ស និង​ការប្រើប្រាស់​ផូស៊ីល​ឥន្ធនៈ ទៅ​បរិយាកាស​កើនឡើង ២​ភាគរយ​គិត​នៅត្រឹម​ឆ្នាំ ២០១៧ នេះ​។ ការបញ្ចេញ​ឧស្ម័ន​នេះ​កើនឡើង​ខ្លាំង​នៅក្នុង​មហាអំណាច​សេដ្ឋកិច្ច​ថ្មី​ឥណ្ឌា និង​ចិន ខណៈ​កម្រិត​នៃ​ការបញ្ចេញ​ឧស្ម័ន​នៅ​អឺរ៉ុប និង​អាមេរិក​ថយចុះ​បន្តិច​ក្នុងឆ្នាំនេះ​។ វា​ជាស​ញ្ញា​មួយ​គួរ​ឲ្យ​បារម្ភ​សម្រាប់​ផែនដី​។​
 
​កម្រិត​នៃ​ឧស្ម័ន​កាបូ​និ​ច​ដែល​ត្រូវបាន​បញ្ច​ញ​ក្នុង​បរិយាកាស​កើនឡើង​រហូតដល់ ២​ភាគរយ​នៅក្នុង​ឆ្នាំ ២០១៧​។ នេះ​បើតាម​របាយការណ៍​ប្រចាំឆ្នាំ ២០១៧ ស្តីពី​កម្រិត​ឧស្ម័ន​កាបូ​និ​ច ចងក្រង​ឡើង​ដោយ Global Carbon Project ដែល​ត្រូវបាន​ដាក់ចេញ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​សន្និសីទ​អង្គការសហប្រជាជាតិ​ប្រជុំ​ប្រែប្រួល​អាកាសធាតុ​លើក​ទី ២៣ នៅ​ទីក្រុង Bonn ប្រទេស​អាល្លឺម៉ង់​។  

 
​សូមបញ្ជាក់​បន្តិច​ដែរ​របាយការណ៍​ប្រចាំឆ្នាំ  Global Carbon Budget ត្រូវបាន​ប​ង្កើ​ឡើង​ដោយ​អ្នកវិទ្យាសាស្ត្រ ៧៦​រូប​មកពី​វិទ្យាស្ថាន​ស្រាវជ្រាវ​ចំនួន ៥៧ ក្នុងប្រទេស ១៥ ទូទាំង​ពិភពលោក​។ នេះ​ជា​ឆ្នាំ​ទី ១២ ហើយ​ដែល​ស្ថាប័ន Global Carbon Project បាន​បញ្ចេញ​របាយការណ៍​ស្រាវជ្រាវ​របស់ខ្លួន​ពាក់ព័ន្ធ​បរិមាណ​នៃ​ឧស្ម័ន​កាបូ​និក​ត្រូវបាន​គេ​បញ្ចេញ​ទៅ​បរិ​យាស​នោះ​។​
 
​យោងតាម​របាយការណ៍​ដដែល​នេះ  ទំហំ​នៃ​ឧស្ម័ន​កាបូ​និ​ច​ដែល​ត្រូវបាន​បញ្ចេញ​ទៅ​បរិយាកាស​នៅ​ទូទាំង​ពិភពលោក​កើនឡើង​ដល់ ៤១​ពាន់​លាន​តោន​ត្រឹម​ឆ្នាំ ២០១៧​នេះ​។ 
​វា​ជាស​ញ្ញា​មួយ​គួរ​ឲ្យ​បារម្ភ​ដោយសារ​កម្រិត​ឧស្ម័ន​កាបូ​និ​ចនេះ​កើនឡើង​លើកដំបូង​បំផុត​ក្រោយ​ស្ថិតក្នុង​កម្រិត​មួយ​ថេរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ (​ចន្លោះ​ពី​ឆ្នាំ ២០១៤​ដល់​ឆ្នាំ ២០១៦ មិនមាន​ការកើនឡើង​ឡើយ​)​។ 
 
​លោកស្រី Le Queres ប្រធាន​មជ្ឈមណ្ឌល​សម្រាប់​ការស្រាវជ្រាវ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ដែល​ដឹកនាំ​គម្រោង​ស្រាវជ្រាវ​នៃ​គម្រោង Global Carbon Project បានលើកឡើង​ដូច្នេះ​៖ «​ដោយសារ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ពី​គ្រប់​សកម្មភាព​ទាំង​មនុស្ស ឧស្សាហកម្ម និង​ការប្រើប្រាស់​ផូស៊ីល​ឥន្ធនៈ​កើនឡើង​ដល់ ៤១​ពាន់​លាន​តោន​ឆ្នាំ ២០១៧ នោះ ពេល​កាន់តែ​ខើច​ខ្លី​ដែរ​សម្រាប់​ការបង្កើន​សមត្ថភាព​ដើម្បី​កម្រិត​សីតុណ្ហភាព​ឲ្យ​នៅ​ទាប​ជាង ២ ឬមួយ ១,៥ អង្សា​សេ​តាម​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឡើយ​»​។​

​កម្រិត​ឧស្ម័ន​កាបូ​និ​ច​ថយចុះ​នៅ​អឺរ៉ុប អាមេរិក តែ​កើនឡើង​នៅ​ឥណ្ឌា និង​ចិន​
 
​របាយការណ៍​ស្រាវជ្រាវ​ប្រចាំ​ឆ្នាំនេះ​ព្យាករ​ថា កំណើន​កម្រិត​ឧស្ម័ន​កាបូ​និ​ច​មាននៅ​ក្នុងប្រទេស​មហា​អំណាច​ថ្មី​ដូចជា​ឥណ្ឌា និង​ចិន ខណៈ​នៅ​តំបន់​អឺរ៉ុប និង​អាមេរិក​ដែលជា​ប្រទេស​ឧស្សាហកម្ម​យូរអង្វែង​មកហើយ​នោះ​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់​។​
 
​ក្នុង​ឆ្នាំ ២០១៧ ចិន​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ច្រើនជាង​មុន​រហូតដល់ ៣,៥​ភាគរយ ខណៈដែល​កំណើនសេដ្ឋកិច្ច​ប្រទេស​នេះ​កើន​ត្រឹម ៦,៨​ភាគរយ​។ ចំណែក​នៅ​ឥណ្ឌា​ឯណោះ​វិញ ទំហំ​ឧស្ម័ន​កាបូ​និ​ច​ដែល​ត្រូវ​បញ្ចេញ​ទៅ​បរិយាកាស​កើន ២​ភាគរយ​នៅ​ឆ្នាំ ២០១៧​។​
 
​រីឯ​តំបន់​អឺរ៉ុប​ឯណោះ​វិញ ទំហំ​ឧស្ម័ន​កាបូ​និ​ចនឹង​ថយចុះ ០,២ ភាគរយ នៅក្នុង​ឆ្នាំ ២០១៧​នេះ ខណៈ​អាមេរិក​ឯណោះ​វិញ ថយចុះ​រហូតដល់ ០,៤​ភាគរយ​។ ក្រៅពីនេះ គេ​ឃើញ​មាន​កំណើន​រហូតដល់ ២,៣​ភាគរយ​នៅ​បណ្តា​ប្រទេស​ផ្សេងទៀត​ក្រៅពី​តំបន់​ខាងលើ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com