អន្តរជាតិ
វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​៖ ចិន​ចង់​ឲ្យ​មី​យ៉ាន់​ម៉ា​និង​បង់​ក្លា​ដែ​ស​បញ្ចប់​បញ្ហា​តែ​ពីរ​នាក់ កុំ​ពឹង​អន្តរជាតិ​
19, Nov 2017 , 8:19 pm        
រូបភាព
​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា បាន​និយាយថា ចិន​ចង់ឃើញ​បង់​ក្លា​ដែ​ស និង​មី​យ៉ាន់​ម៉ា​ដោះស្រាយ​បញ្ហា​រ៉ូ​ហ៊ីង​យ៉ា​តាម​ការចរចា​ទ្វេភាគី ជាជាង​រង់ចាំ​ការ​លូកដៃ​របស់​អន្តរជាតិ​។ យ៉ាងណាមិញ លោក វ៉ាង យី ក៏​និយាយ​ដែរ​ថា ចិន​ត្រៀមខ្លួន​ជួយ​ដោះស្រាយ​វិបត្តិ​មនុស្សធម៌​ដ៏​ធំ​មួយ​នេះដែរ ខណៈដែល​លំហូរ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ក្លាយជា​បន្ទុក​ដ៏​ធ្ងន់​សម្រាប់​រដ្ឋាភិបាល​បង់​ក្លា​ដែ​សត្រូវ​ដោះស្រាយ​។​



​ប្រមុខ​ការទូត​ចិន វ៉ាង យី បាន​ទៅដល់​រដ្ឋធានី​ដា​ក្កា នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ដើម្បី​ទស្សនកិច្ច​ពីរ​ថ្ងៃ ហើយ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​ក៏​ស្ថិត​ក្នុងចំណោម​ប្រធានបទ​សំខាន់​នៃ​ទស្សនកិច្ច​លើក​នេះដែរ​។ ទៅដល់​បង់​ក្លា​ដែ​ស លោក វ៉ាង យី បានស្នើ​ឲ្យ​ប្រទេស​ភូមិ​ផង​ទាំងពីរ គឺ​បង់​ក្លា​ដែ​ស និង​មី​យ៉ាន់​ម៉ា ដោះស្រាយ​បញ្ហា​នេះ​តាម​ការពិភាក្សា​តែ​ពីរ​នាក់ ហើយ​មិនត្រូវ​ឲ្យ​សហគមន៍​អន្តរជាតិ​ជា​អ្នក​ផ្ចុងផ្ដើម​គំនិត​អ្វី​ឡើយ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ស្ថានទូត​ចិន លោក វ៉ាង យី ក៏បាន​ប្រាប់​ឲ្យ​អន្តរជាតិ​ចៀសវាង​ធ្វើ​សកម្មភាព​ដែល​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ស្មុគស្មាញ តែ​ត្រូវ​ជួយ​បង់​ក្លា​ដែ​ស និង​មី​យ៉ាន់​ម៉ា​ក្នុងការ​ស្វែងរក​ច្រកចេញ​បញ្ហា​នេះ​។ ប្រមុខ​ការទូត​ចិន​ក៏បាន​បង្ហាញ​ជំហរ​ជួយ​ប្រទេស​ទាំងពីរ​ក្នុងការ​ដោះស្រាយ​វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​នេះ និង​រំពឹងថា ជនភៀសខ្លួន​ទាំងអស់​អាច​ត្រឡប់​ទៅកាន់​លំនៅដ្ឋាន​របស់ខ្លួន​វិញ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។​

​មកទល់ពេលនេះ ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ាង​ច្រើនជាង​៦​សែន​នាក់​បាន​រត់​ភៀសខ្លួន​ចូល​ទឹកដី​បង់​ក្លា​ដែ​ស ដើម្បី​គេច​ពី​ប្រតិបត្តិការ​ហិង្សា​របស់​យោធា​មី​យ៉ាន់​ម៉ា​ក្នុង​រដ្ឋ Rakhine ដែល​ចាប់ផ្ដើម​តាំងពី​ចុងខែ​តុលា​មក​។ សមាជិក​អង្គការសហប្រជាជាតិ​ជាច្រើន ក៏បាន​ទទូច​ឲ្យ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​បញ្ចប់​យុទ្ធនាការ​របស់​យោធា​ប្រឆាំងនឹង​ជនជាតិភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា ប៉ុន្តែ​ហាក់​មិន​ទទួលបាន​ផល​អ្វី​សោះឡើយ​។​

​មន្ត្រីការទូត​ចិន​ដដែល​បានចាត់ទុក​បញ្ហា​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​នេះ​ជា​សំណុំរឿង​ស្មុគស្មាញ ដែល​ត្រូវការ​ដំណោះស្រាយ​គ្រប់​ជ្រុងជ្រោយ​។ ជាមួយនឹង​ការប្រកាន់​ជំហរ​មិន​លម្អៀង​ទៅខាង​ភាគី​ណាមួយ និង​ការ​ទទួលស្គាល់ថា​បង់​ក្លា​ដែ​ស​ប្រឈមមុខ​លំហូរ​ជនភៀសខ្លួន​សន្ធឹកសន្ធាប់​នោះ លោក វ៉ាង យី អះអាងថា ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​រដ្ឋ Rakhine ជា​រឿង​ចាំបាច់ ហើយ​ចិន​ត្រៀមខ្លួន​រួចស្រេច​ដើម្បី​ជួយ​ក្នុង​រឿងនេះ​។​

​ជុំវិញ​ដំណោះស្រាយ​វិញ ការ​ទាល់ច្រក​ក្នុងការ​ចរចា​រវាង​បង់​ក្លា​ដែ​ស និង​មី​យ៉ាន់​ម៉​នៅតែមាន​ដដែល ចំនួន​ជនភៀសខ្លួន​ចូល​បង់​ក្លា​ដែ​ស​ក៏​ចេះតែ​បន្ត​ដដែល ព្រោះ​យោធា​មី​យ៉ាន់​ម៉ា​មិន​បន្ធូរដៃ​ក្នុង​យុទ្ធនាការ​របស់ខ្លួន​ឡើយ​។ រដ្ឋាភិបាល​លោកស្រី អ៊ុង​សាន ស៊ូ​ជី មិនមាន​ឥទ្ធិពល​អ្វី​សោះ​លើ​យោធា ខណៈដែល​អាមេរិក​បានលើកឡើង​ពី​លទ្ធភាព​ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​យោធា​ដើម្បី​បង្ខំ​ឲ្យ​ពួកគេ​បញ្ឈប់​សកម្មភាព​នៅ Rakhine ៕    


Tag:
 ចិន​
  បង់​ក្លា​ដែ​ស​
  មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា​
  វ៉ាង យី
© រក្សាសិទ្ធិដោយ thmeythmey.com