ជាតិ
ចៅក្រម​ស៊ើបសួរ ទៅ​សួរ​លោក កឹម សុខា ដល់​ពន្ធនាគារ​ជា​លើក​ទី​ពីរ នៅ​ព្រឹក​នេះ​
14, Dec 2017 , 10:01 am        
រូបភាព
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ​នេះ លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​ទៅកាន់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ ដើម្បី​សាកសួរ​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ​នៅ​ទីនោះ អស់​រយៈពេល​ជាង​២​ខែ​មកហើយ ក្រោម​ការសង្ស័យ​ពី​អំពើ​ក្បត់ជាតិ​។ នេះ​បើតាម​លោក ហែម សុជាតិ មេធាវី​មួយរូប ក្នុងចំណោម​មេធាវី​ទាំង​ប្រាំ​រូប​របស់លោក កឹម សុខា​។



​លោក ហែម សុជាតិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ក្រុម​មេធាវី​របស់លោក កឹម សុខា ក៏​កំពុងធ្វើដំណើរ​ទៅកាន់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ដែរ ដើម្បី​ចូលរួម​ស្តាប់​ការសួរចម្លើយ​នេះ​។ លោក និយាយ​ដូច្នេះ​ថា​៖«​ចៅក្រម​ស៊ើបសួរ មិន​សួរ​អ្វី​ក្រៅពី​ចោទ​កាលពី​កន្លងមក​នោះទេ​។ ប៉ុន្តែ​ពេលខ្លះ ចៅក្រម​ស៊ើបសួរ អាច​សួរ​លើ​ពីបទ​ចោទ​ហ្នឹង​ក៏មាន​»​។​

​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ចៅក្រម​ស៊ើបសួរ  គី ឫទ្ធី បាន​ទៅ​សួរ​លោក កឹម សុខា ដល់​ពន្ធនាគារ​ម្តង​រួចទៅហើយ​។ បើតាម​មេធាវី​ខាងលើ ការ​សួរ​ជា​លើក​ទី​ពីរ​នេះ គឺ​ចៅក្រម​ស៊ើបសួរ ចង់បាន​ចម្លើយ​បន្ថែម​ពី​លោក កឹម សុខា​។

​ព្រោះតែ​សង្ស័យថា លោក កឹម សុខា ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ ទើបបានជា​តុលាការ ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះទៅ​ចាប់ខ្លួន​ដល់​គេហដ្ឋាន កាលពី​យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២0១៧​។ តុលាការ យក​វីដេអូ​ឃ្លី​ប​មួយ ដែល​ឯកឧត្តម កឹម សុខា បាន​និយាយ​តាំង​ប៉ុន្មាន​ឆ្នាំមុន ទៅធ្វើជា​អង្គហេតុ​ក្នុងការ​ចាប់ខ្លួន និង​ដាក់​ឯកឧត្តម កឹម សុខា ឲ្យ​ស្ថិតនៅក្រោម​ការសង្ស័យថា បាន​ឃុបឃិត​ជាមួយ​បរទេស​ជាសម្ងាត់ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។

​ក្នុង​វីដេអូ​ឃ្លី​ប​នោះ ឯកឧត្តម កឹម សុខា បាន​និយាយ​ទៅកាន់​អ្នកគាំទ្រ​ថា ខ្លួន​មាន​អ្នកជំនាញ​ជា​ជនបរទេស​នៅ​ពីក្រោយ ដើម្បី​ជួយ​ជ្រោមជ្រែង ក្នុងការ​ផ្លាស់ប្តូរ​មេដឹកនាំ​កនៅ​កម្ពុជា​។ ក្តី​សង្ស័យ​លើ​ឯកឧត្តម កឹម សុខា ជុំវិញ​អំពើ​ក្បត់ជាតិ ត្រូវបាន​ក្រសួងមហាផ្ទៃ យកទៅ​ផ្សារភ្ជាប់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល​។

​ក្រសួងមហាផ្ទៃ យល់ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​អាច​ជាប់ទាក់ទង​នឹង​អំពើ​ក្បត់ជាតិ ដូច​ឯកឧត្តម កឹម សុខា ដែរ ទើប​ដាក់​បណ្តឹង​ទៅកាន់​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​រំលាយចោល​។ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២0១៧​នេះ តុលាការ​កំពូល នឹង​បើកសវនាការ​លើ​បណ្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​៕


Tag:
 កឹម សុខា​
  CNRP
  តុលាការ​
  មេធាវី​
© រក្សាសិទ្ធិដោយ thmeythmey.com