ជាតិ
មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​វប្បធម៌​បារាំង​អះអាង​ពី​ការពង្រឹង​ប្រតិបត្តិការ​ជាមួយ​កម្ពុជា​
19, Dec 2017 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​លោកស្រី ឡូ​រ៉ង់ អូវែ (Laurence Auer) ប្រធាន​នាយកដ្ឋាន​វប្បធម៌ សិក្សា ស្រាវជ្រាវ និង​បណ្តាញ នៃ​ក្រសួង​អឺរ៉ុប​និង​ការបរទេស​បារាំង  បាន​គូសបញ្ជាក់​សារជាថ្មី ពីការយក ចិត្តទុក ដាក់រ​បស់​ប្រទេស​បារាំង​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​នៅក្នុង​វិស័យ​អប់រំ វិទ្យាសាស្ត្រ សាកលវិទ្យាល័យ ការស្រាវជ្រាវ សុខាភិបាល វប្បធម៌ និង​បេតិកភណ្ឌ​។ លោកស្រី​បានលើកឡើង​នា​អំឡុង​ទស្សនកិច្ច​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៧  ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ (ICC-Angkor) និង​ពិធី​អបអរ​ខួប​២៥​ឆ្នាំ​នៃ​ការដាក់បញ្ចូល​តំបន់​ប្រាសាទ​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​។



​ក្នុង​ដំណើរ​ទស្ស​កិច្ច​រយៈពេល​៤​ថ្ងៃ​នៅ​កម្ពុជា  លោកស្រី ឡូ​រ៉ង់ អូវែ បាន​អញ្ជើញ​ទៅ​ទស្សនា​ការដ្ឋាន​ជួសជុល​ប្រាសាទមេបុណ្យខាងលិច ដែល​ទទួលបាន​ការឧបត្ថម្ភ​ពី​ប្រទេស​បារាំង​ក្នុង​ភាពជា​ដៃគូ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​។ ការដ្ឋាន​ខាងលើ​ក៏​ជា​កន្លែង​បណ្តុះបណ្តាល​មន្ត្រី​ជំនាញ​កម្ពុជា​ពាក់ព័ន្ធ​ការអភិរក្ស និង​ការជួសជុល​ប្រាសាទ​ផងដែរ​។



​លោកស្រី​បាន​ចូល​ក្រាបបង្គំ​គាល់​ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី និង​បាន​ជួប​សម្តែង​ការគួរសម​ជាមួយ​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។​
 
​ជាមួយគ្នានេះ​ផងដែរ មន្ត្រីជាន់ខ្ពស់​ផ្នែក​វប្បធម៌​របស់​បារាំង​រូបនេះ បាន​ទៅ​ទស្សនា​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដែល​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​បារាំង​អស់​រយៈពេល​២៥​ឆ្នាំ​មកហើយ​។ ជាងនេះទៅទៀត លោកស្រី​បាន​ជួប​ជាមួយ​តំណាង​ស្ថាប័ន​សាកលវិទ្យាល័យ និង​វិទ្យាសាស្ត្រ​នានា រួមទាំង​អតីត​និស្សិត ដែល​បាន​សិក្សា​ថ្នាក់​ភាសា​បារាំង​នៅតាម​សាកលវិទ្យាល័យ ឬ​ធ្លាប់បាន​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​នៅ បារាំង​៕




Tag:
 វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com