អន្តរជាតិ
លោក ត្រាំ ត្រៀម​បញ្ចេញ​យុទ្ធសាស្ត្រ​រក្សា​សន្តិសុខ​ជាតិ​ដែល​«​តម្កល់​ប្រយោជន៍​អាមេរិក​ជាធំ​»
19, Dec 2017 , 11:37 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ត្រៀម​បញ្ចេញ​យុទ្ធសាស្ត្រ​ថែរក្សា​សន្តិសុខ​ជាតិ​ថ្មី​ដែល​ផ្អែកលើ​ពាក្យស្លោក​«​តម្កល់​ប្រយោជន៍​អាមេរិក​ជាធំ​»​នៅ​ថ្ងៃ​ចន្ទ​ទី ១៨ ខែធ្នូ​។ យុទ្ធសាស្ត្រ​សន្តិសុខ​ថ្មី​របស់លោក ត្រាំ នេះ​គឺកំណត់​យក​សន្តិសុខ​សេដ្ឋកិច្ច​ជា​ស្នូល​។​



​គេ​រំពឹងថា យុទ្ធសាស្ត្រ​ធានា​សន្តិសុខ​ជាតិ​ថ្មី​របស់​អាមេរិក​នឹងត្រូវ​ដាក់ចេញ​ដោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ដើម​សប្តាហ៍​នេះ​។ គេ​រំពឹងថា គោលនយោបាយ​សន្តិសុខ​ថ្មី​នេះ​ផ្អែក​សំខាន់​លើ​ទស្សនវិជ្ជា​តម្កល់​ប្រយោជន៍​អាមេរិក​ជាធំ​របស់លោក ដូ​ណា​ល់ ត្រាំ​តែម្តង​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP បើតាម​មន្ត្រី​សេត​វិមាន គោលនយោបាយ​ថ្មី​កំណត់ថា សន្តិសុខ​សេដ្ឋកិច្ច គឺជា​សន្តិសុខ​ជាតិ​។ យុទ្ធសាស្ត្រ​ថ្មី​នេះ​គឺ​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​មាន​ការធានា​តុល្យភាព​នៃ​ពាណិជ្ជកម្ម​រវាង​អាមេរិក​ជាមួយ​បណ្តា​ប្រទេស​ដទៃទៀត​លើ​ពិភពលោក​ជាពិសេស​ជាមួយ​មហា​យក្ស​ចិន​តែម្តង​។​
«​អាវុធ​ដែល​ខ្លាំង​បំផុត​របស់​យើង​គឺ​កំណើនសេដ្ឋកិច្ច​ខ្លាំង​»​។ នេះ​ជាស​ម្តី​របស់​មន្ត្រី​អាមេរិក​ដែល​មិន​បង្ហាញ​អត្តសញ្ញាណ​។

​ក្រោយ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បានបង្ហាញ​ជំហរ​រឹងត្អឹង​ក្នុងការ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ជាមួយ​ចិន​។ លោក​បាន​សន្យា​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ និង​បាន​សន្យា​ធានា​ឲ្យ​បាន​នូវ​ការប្រកួតប្រជែង​ត្រឹមត្រូវ​យុត្ត​ធម៌ និង​ស្មើភាព​គ្នា​សម្រាប់​ក្រុមហ៊ុន​អាមេរិក​ផងដែរ​។​

​តាមពិតទៅ លោក ដូ​ណា​ល់ ត្រាំ បានគាស់​រំលើង​ចោល​អស់​នូវ​រាល់​មរតក​នយោបាយរ​ប​ស់លោក បា​រ៉ា​ក់​អូ​បា​ម៉ា ទាំង​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ហើយ​លោក​ក៏​ប្រឹង​ទាញ​អាមេរិក​ឲ្យ​កាន់តែ​ឯកោ​ពី​គេឯង​ក្នុង​ឆាក​អន្តរជាតិ​ទៀត​។  គេ​មិនអាច​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា យុទ្ធសាស្ត្រ​ថ្មី​របស់លោក​មាន​ប្រសិទ្ធភាព និង​ល្អប្រសើរ​កម្រិតណា​ក្នុងការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​ជាតិ​នោះ​។​

​យ៉ាងណាមិញ​រឿង​អាទិភាព​ចំនួន​បួន​ដែល​ស្ថិតក្នុង​យុទ្ធសាស្ត្រ​សន្តិសុខ​ថ្មី​របស់​ក្រុង​វ៉ាស៊ីនតោន​នេះ​ក្នុងនោះ​មាន​ការពារ​ប្រទេស និង​ប្រជាជន​អាមេរិក​, លើកស្ទួយ​វិបុលភាព​របស់​អាមេរិក​, ធានា​រក្សា​ឲ្យ​បាន​នូវ​សន្តិភាព​តាមរយៈ​ការពង្រឹង​អំណាច រួមទាំង​ការពង្រីក​ឥទ្ធិពល​អាមេរិក​ផង​។ ដោយ​បន្ត​អះអាង​ពី​ការតម្កល់​ប្រយោជន៍​អាមេរិក​ជា​ចម្បង កន្លងមក​លោក ត្រាំ​បា​នប​ង្រា្ក​ប​ជនអន្តោប្រវេសន៍​ខុសច្បាប់​ពី​ម៉ិ​ក​ស៊ិ​ក និង​ចង់​រៀបចំ​កសាង​ជញ្ជាំង​ដើម្បី​ទប់ទល់​ការ​លួច​ឆ្លងដែន​ពី​ម៉ិ​ក​ស៊ិ​ក​ចូល​ទឹកដី​អាមេរិក​ថែមទៀត​ផង​៕



Tag:
 ដូ​ណា​ល់ ត្រាំ​
  យុទ្ធសាស្ត្រ​សន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com