ជាតិ
រកឃើញ​ពង​កន្ធាយ​ក្បាល​កង្កែប​មួយ​សំបុក លើកដំបូង​នៅ​រដូវ​ពង​កូន​ឆ្នាំនេះ​
19, Dec 2017 , 7:39 pm        
រូបភាព
ដោយ:
​ក្រុម​អ្នក​អភិរក្ស​បាន​រកឃើញ​សំបុក​ពង​កូន​សត្វ​កន្ធាយ​ក្បាល​កង្កែប​ចំនួន​មួយ​សំបុក នៅតាម​ឆ្នេរ​ខ្សាច់​ដង​ទន្លេមេគង្គ​ចន្លោះ​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង ជាទី​កន្លែង​ពង​កូន​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាការ​រកឃើញ​លើកដំបូង នៅក្នុង​រដូវ​កាល​ពង​កូន​ឆ្នាំនេះ​។  តាម​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​(WCS) រហូតមកដល់​ពេលនេះ មាន​សំបុក​ពង​កន្ធាយ​ក្បាល​កង្កែប​ចំនួន​៣៧៨ ត្រូវបាន​ការពារ ហើយ​មានកូន​កន្ធាយ​ក្បាល​កង្កែប​ចំនួន​៨,៥២៨​ក្បាល​បាន​ញាស់​។



​សំបុក​ពង​កូន​សត្វ​កន្ធាយ​ក្បាល​កង្កែប​ចំនួន​១​សំបុក ត្រូវបាន​ក្រុម​អ្នក​អភិរក្ស​រកឃើញ​ជា​លើកដំបូង នៅក្នុង​រដូវ​កាល​ពង​កូន​ឆ្នាំនេះ នៅ​ឆ្នេរ​ខ្សាច់​ដង​ទន្លេមេគង្គ ចន្លោះ​ខេត្តក្រចេះ និង​ស្ទឹងត្រែង ដែលជា​ទីកន្លែង​ពង​កូន​តែមួយគត់ នៅ​កម្ពុជា​។  សំបុក​កន្ធាយ​ក្បាល​កង្កែប​នេះ នឹងត្រូវ​ការពារ រហូតដល់​ពង​កន្ធាយ​ទាំងអស់នោះ​ញាស់ ហើយ​កូន​កន្ធាយ​នឹងត្រូវ​លែង​ឲ្យ​ទៅរក​នៅក្នុង​ទន្លេ​វិញ​។​

​សត្វ​កន្ធាយ​ក្បាល​កង្កែប (​ឬរ​មិច​) ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​នៅលើ​សាកលលោក​។  ពួកវា​ត្រូវបាន​គេ​គិតថា​ផុត​ពូជ​ពី​កម្ពុជា​ទៅហើយ រហូតដល់​ឆ្នាំ​២០០៧ ពួកវា​ត្រូវបាន​គេ​រកឃើញ​ម្តងទៀត នៅក្នុង​បរិវេណ​៤៨​គីឡូម៉ែត្រ នៅ​ដង​ទន្លេមេគង្គ​ចន្លោះ​ខេត្តក្រចេះ និង​ស្ទឹងត្រែង​។



​គម្រោង អភិរក្ស​សត្វ​កន្ធាយ​ក្បាល​កង្កែប​នៅ​ដង​ទន្លេមេគង្គ​កន្លងមក អនុវត្ត​ដោយ​អង្គការ​អភិរក្ស​អន្តរជាតិ ហើយ​បាន​ផ្ទេរ​មក​ឲ្យ​អង្គការ​WCS សហការ​ជាមួយ​រដ្ឋបាល​ជលផល និង​សម្ព័ន្ធ​ដើម្បី​ការរស់រាន​ប្រភេទ​សត្វអណ្តើក​។ កម្មវិធី​ការពារ​សំបុក លើកទឹកចិត្ត​ឲ្យ​ប្រជា​សហគមន៍​រស់នៅ​ខេត្តក្រចេះ និង​ស្ទឹងត្រែង ចូលរួម​ការពារ​សត្វ​កន្ធាយ​ក្បាល​កង្កែប ដោយបាន​ជ្រើសរើស​អតីត​អ្នកប្រមូល​ពង និង​មេ​ពូជ​កន្ធាយ​ក្បាល​កង្កែប​ឲ្យ​មក​ធ្វើការ​ងារ​ជា​បុគ្គលិក របស់​គម្រោង​ដើម្បី​ស្វែងរក និង​ការពារ​សំបុក​សត្វ​កន្ធាយ​ក្បាល​កង្កែប ជំនួស​ឲ្យ​ការប្រមូល​យក​ពង និង​មេ​ពូជ​យកទៅ​ហូប និង​លក់​។ រហូតមកដល់​ពេលនេះ សំបុក​ពង​កូន​សត្វ​កន្ធាយ​ក្បាល​កង្កែប​ចំនួន​៣៧៨​ត្រូវបាន​ការពារ ហើយ​ជា​លទ្ធផល ទទួល​បានកូន​ញាស់​ចំនួន​៨,៥២៨​កូន​។​

​បើតាម លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេស​គម្រោង​អភិរក្ស​សត្វ​អណ្តើក ចាប់ពី​ឥឡូវនេះ រហូតដល់​ខែមិថុនា គឺជា​កំឡុងពេល​សត្វ​កន្ធាយ​ក្បាល​កង្កែប​ពង​កូន​។ បន្ទាប់ពី​រកឃើញ​សំបុក​ទី​១​នេះ ក្រុម​អ្នក​អភិរក្ស​របស់​អង្គការ (WCS) នឹងធ្វើ​ការ​ជាមួយ​រដ្ឋបាល​ជលផល និង​ប្រជា​សហគមន៍ ដើម្បី​ស្វែងរក​សំបុក​បន្ថែមទៀត នៅតាម​ដង​ទន្លេមេគង្គ ដើម្បី​ការពារ​ពួកវា ពី​ការ​ប្រមូលយក​ពង​កូន​។ នេះ​បើតាម លោក សោម ស៊ីថា ដដែល ដែល​លោក បាន​បន្តទៀត​ដូច្នេះ​៖«​កន្ធាយ​ក្បាល​កង្កែប គឺជា​ប្រភេទ​ដ៏​កម្រ​ដែល​អាច​នឹង​ផុត​ពូជ​នៅក្នុង​ពេលអនាគត ប្រសិនបើ​យើង​មិនមាន​វិធាន​អភិរក្ស​ពួកវា​ឲ្យ​បាន​សមស្រប​ទេនោះ​។ ពួកវា​មិនមាន​ច្រើន​ក្បាល​ទេ ដែល​រស់នៅក្នុង​ធម្មជាតិ​។  ប្រជាពលរដ្ឋ​គ្រប់រូប​អាច​ចូលរួម​ការពារ​ប្រភេទ​សត្វ​ដ៏​កម្រ​មួយ​នេះ​បាន ដោយ​បញ្ឈប់​ការទិញ ឬក៏​បរិភោគ​សាច់ ឬ​ពង​រប​ស់វា​»៕


Tag:
 កន្ធាយ​ក្បាល​កង្កែប​
  WCS
 ​ ទន្លេមេគង្គ​
  ​ក្រចេះ​
 ​ ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com