ជាតិ
ទូត​កូរ៉េ​រៀបចំ​មហោស្រព​ម្ហូបអាហារ​ដើម​បង្កើន​ភាពស្និទ្ធស្នាល​ជាមួយ​កម្ពុជា​
19, Dec 2017 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ថានទូត​កូរ៉េខាងត្បូង​ប្រចាំ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​១៨ ខែធ្នូ បាន​អញ្ជើញ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា អង្គទូត និង​អ្នកសារព័ត៌មាន ភ្លក់​រសជាតិ​ម្ហូបអាហារ​កូរ៉េ​ដ៏​សំបូរបែប​នា​មហោស្រព​ម្ហូបអាហារ​កូរ៉េ (Korean Food Festival) ដែល​រៀបចំ​នៅ​សណ្ឋាគារ អាំងទែរ​កុងទីណង់តាល់​។



«​ក្រៅពី​មហោស្រព​ខ្សែភាពយន្ត ការប្រគំ​តន្ត្រី និង​កម្មវិធី​ប្រកួត​ក្បាច់គុន​តេ​ក្វាន់​ដូ ម្ហូបអាហារ​ក៏​ជា​មូលដ្ឋាន​មួយ​ដ៏​សំខាន់​នៃ​ការផ្លាស់ប្តូរ​វប្បធម៌​ទៅវិញទៅមក​រវាង​កូរ៉េខាងត្បូង និង​កម្ពុជា​ផងដែរ​»​។ លោក ហាំ ចងហាន់ (Hahm Jeong-han) ភារធារី​ស្តីទី​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​កម្ពុជា បាន​ថ្លែង​យ៉ាង​ដូច្នេះ​នា​មហា​ស្រព​ម្ហូបអាហារ​កូរ៉េ ដោយ​ម្ហូបអាហារ​ទាំងអស់នោះ ត្រូវបាន​ជ្រើសរើស និង​រៀបចំ​ដោយ លោក Jeong Won-sik ដែលជា​ចុង​ភ្លៅ​ដ៏​ល្បីឈ្មោះ​ម្នាក់​។​



​នៅ​ឆ្នាំ​២០១៧​នេះ កម្ពុជា និង​កូរ៉េខាងត្បូង បាន​ប្រារព្ធ​ពិធី​បុណ្យខួប​គម្រប់​២០​ឆ្នាំ​នៃ​ការបង្កើត​ចំណង​ទំនាក់ទំនង​ការទូត​ឡើងវិញ​រវាង​ប្រទេស​ទាំងពីរ ដោយ​ស្ថានទូត​កូរ៉េ​បានរៀបចំ​កម្មវិធី​ពិសេសៗ​ជាច្រើន​ពេញ​មួយឆ្នាំ ដូចជា​មហោស្រព​ខ្សែភាពយន្ត​កូរ៉េ កម្មវិធី​ប្រគុំ​តន្ត្រី​ប្រពៃណី​កូរ៉េ និង​កម្មវិធី​ប្រកួត​ក្បាច់គុន​តេ​ក្វាន់​ដូ​ផងដែរ ហើយ​មហោស្រព​ម្ហូបអាហារ​កូរ៉េ គឺជា​ព្រឹត្តិការណ៍​សំខាន់បំផុត និង​ចុងក្រោយបង្អស់​នៃ ព្រឹត្តិការណ៍​ជាច្រើន​ប្រចាំ​ឆ្នាំនេះ​។

​ភារធារី​ស្តីទី​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​កម្ពុជា មាន​ក្តី​រំពឹងថា ពិធីបុណ្យ​ម្ហូបអាហារ​នេះ អាច​បន្ថែម​ភាពស្និទ្ធស្នាល​ដល់​ចំណង និង​ទំនាក់ទំនង​មិត្តភាព​ជិតស្និទ្ធ​រវាង​កូរ៉េ និង​កម្ពុជា​។ លោក ហាំ ចងហាន់ បាន​លើកឡើងថា​៖ «​នៅពេលដែល​គេ​និយាយថា “​សូម​ប្រាប់​ខ្ញុំ​ថា​អ្នក​ញ៉ាំ​អ្វី ហើយ​ខ្ញុំ​នឹង​ប្រាប់​អ្នក​ថា​តើ​អ្នក​គឺជា​នរណា​” នោះ​មានន័យថា​ម្ហូបអាហារ​មិនមែន​គ្រាន់តែ​ជា​បណ្ដុំ​នៃ​ម្ហូបអាហារ​ប៉ុណ្ណោះ​ឡើយ​។ ប៉ុន្តែ​ម្ហូបអាហារ​គឺជា​វប្បធម៌ របៀប​រស់នៅ និង​ទស្សនវិជ្ជា​មួយ​។ ម្ហូបអាហារ​គឺជា​មធ្យោបាយ​សំខាន់ និង​ច្បាស់លាស់​បំផុត​មួយ ដើម្បី​ស្វែងយល់ និង​ចូល​ឲ្យ​កាន់តែ​កៀក​នឹង​វប្បធម៌​ផ្សេងៗ​»​។​



​លោក ហាំ ចងហាន់ បាន​បន្ថែមថា កូរ៉េ និង​កម្ពុជា មាន​វប្បធម៌​អាហារ​ផ្ដោតលើ​អង្ករ និង ការ​ត្រាំ ក្នុង​ការធ្វើ​ម្ហូបអាហារ​ដូចគ្នា ដោយ​ប្រជាជន​កម្ពុជា​ទទួលទាន​បាយ និង​បង្អែម​ធ្វើ​ពី​អង្ករ ហើយ​ប្រជាជន​កូរ៉េ​ក៏​ទទួលទាន​បាយ នំ​ធ្វើ​ពី​អង្ករ ភេសជ្ជៈ និង​បង្អែម​ធ្វើ​ពី​អង្ករ​ដូចគ្នា​ដែរ ហើយ​ចំណុច​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ម្ហូប​ខ្មែរ​តែងតែ​ត្រូវការ​ប្រហុក ចំណែកឯ​ម្ហូប​កូរ៉េ​តែងតែមាន​គីម​ឈី​ជានិច្ច​ផងដែរ​។

​មុន​អញ្ជើញ​ភ្ញៀវ​នាំ​បរិភោគ​អាហារ បង្អែម និង​ភេសជ្ជៈ​របស់​កូរ៉េ លោក ហាំ ចងហាន់ បាន​លើកយក​ពាក្យស្លោក​មួយ​ឃ្លា​ដែល ថា «​គ្មាន​កម្លាំង​គឺ​គ្មាន​បញ្ញា គ្មាន​អាហារ​គឺ​ជីវិត​គ្មាន​ន័យ​»៕


















Tag:
 Korean Food Festival
  កម្ពុជា​-​កូរ៉េ​
© រក្សាសិទ្ធិដោយ thmeythmey.com