កីឡាជាតិ
កម្ពុជា​នឹងមាន​ទូរទស្សន៍​កីឡា​ជាតិ​លើកដំបូង​នាពេល​ដ៏​ខ្លី​ខាងមុខ​
20, Dec 2017 , 8:19 am        
រូបភាព
លោក​ វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ថ្លែងក្នុងពិធីបើកសិក្ខាសាលា«កម្មវិធីអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងគេហទំព័រ» នៅទីស្នាក់ការ NOCC កាលពីពេលកន្លងទៅ
លោក​ វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ថ្លែងក្នុងពិធីបើកសិក្ខាសាលា«កម្មវិធីអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងគេហទំព័រ» នៅទីស្នាក់ការ NOCC កាលពីពេលកន្លងទៅ
ដោយ:
​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​អះអាងថា កម្ពុជា​នឹងមាន​ទូរទស្សន៍​កីឡា​ជាតិ​ផ្ទាល់​អង្គភាព​កីឡា​លើកដំបូង​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ សម្រាប់​ត្រៀម​ផ្សាយ​ផ្ទាល់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ការអះអាង​នេះ​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្តីពី​«​កម្មវិធី​អភិវឌ្ឍន៍​ប្រព័ន្ធគ្រប់គ្រង​គេហទំព័រ​»​ដែល​រៀបចំ​ដោយ NOCC ក្រោម​ការឧបត្ថម្ភ​រប​ស់​អង្គការ​សាមគ្គី​អូឡាំពិក​។



​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា កម្ពុជា​នឹង​សាងសង់​ស្ថានីយទូរទស្សន៍​កីឡា​ជាតិ​នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ ខណៈ​ច្បាប់​សុំ​ការអនុញ្ញាត​ត្រូវ​បានរៀបចំ​រួចរាល់​។ វត្តមាន​ទូរទស្សន៍​កីឡា​ជាតិ​លើកដំបូង​នៅ​កម្ពុជា​នឹង​ក្លាយជា​ចំណែក​មួយ​ដ៏​សំខាន់​សម្រាប់​ផ្សព្វផ្សាយ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ លោក​សង្កត់ធ្ងន់ថា បើ​គ្មាន​ផែនការ​ឆ្នាំ​២០២៣ កម្ពុជា​ក៏​គ្មានអ្វី​ទាំងនេះ​ដែរ ហើយ​សហព័ន្ធ​កីឡា​ជាតិ​ក៏​មិន​ដុតដៃដុតជើង​ខំប្រឹង​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ផងដែរ​។

«​ជា​លើក​ទី​១​ដែល​កម្ពុ​ជាមាន​ទូរទស្សន៍​កីឡា​ជាតិ សូម្បី​តាំងពី​ជំនាន់​រាស្ត្រនិយម ឬ​ប៉ុន្មាន​ជំនាន់​មុន​ក៏​គ្មាន​ដែរ​។ អ្នកជា​ម្ចាស់​នៃ​ទូរទស្សន៍​កីឡា​ជាតិ គឺ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​ក្រោម​កិច្ចសហការ​យ៉ាង​ម៉ឺងម៉ាត់​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ក្នុងការ​ដឹកនាំ និង​ជួញ​ជំរុញ​ឲ្យ​ទូរទស្សន៍​នេះ​ក្លាយជា​ទូរទស្សន៍​ដ៏​មាន​ឥទ្ធិពល​សម្រាប់​ឆ្នាំ​២០២៣»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ក្នុង​សិក្ខាសាលា​ស្តីពី​«​កម្មវិធី​អភិវឌ្ឍន៍​ប្រព័ន្ធគ្រប់គ្រង​គេហទំព័រ​»​កាលពី​ថ្មីៗ​កន្លងទៅ​។  



​ទន្ទឹមនឹង​ការគ្រោង​បង្កើត​ទូរទស្សន៍​កីឡា​ជាតិ​ជា​លើកដំបូង​នេះដែរ អគ្គលេខាធិការ NOCC រូបនេះ ជំរុញ​ឲ្យ​បណ្តា​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្ទាល់ខ្លួន​ដូចជា​ទំព័រ​ហ្វេ​ស​ប៊ុ​ក ឬ​គេហទំព័រ​ព័ត៌មាន​ជាដើម​ជាមុនសិន​។ ហើយ​គេហទំព័រ​របស់​សហព័ន្ធ​កីឡា គឺ​ស្ថិតក្រោម​សេនាធិការ​គេហទំព័រ​របស់ NOCC ដែលមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និត​ជាមួយ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​។

​កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧ កន្លងទៅ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ក្រោម​ការឧបត្ថម្ភ​របស់​អង្គការ​សាមគ្គី​អូឡាំពិក​បានរៀបចំ​សិក្ខាសាលា​ស្តីពី​«​កម្មវិធី​អភិវឌ្ឍន៍​ប្រព័ន្ធគ្រប់គ្រង​គេហទំព័រ​» ដើម្បី​ចែករំលែក​ចំណេះដឹង​ផ្នែក​ព័ត៌មានវិទ្យា​ដល់​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ ព្រោះ​សិក្ខាកាម​ភាគច្រើន​ជាម​ន្ត្រី​មកពី​សហព័ន្ធ​។ សិក្ខាសាលា​ដែល​ធ្វើឡើង​តែមួយ​ថ្ងៃនេះ ក្រោម​ការធ្វើ​បទ​បង្ហាញ​របស់​អ្នកជំនាញការ​អៀរ​ឡង់ លោក Jones Ajayi និង​លោក Ken អ្នកគ្រប់គ្រង​វេ​ប​សាយ NOCC៕  


Tag:
 វ៉ា​ត់ ចំរើន​
  ទូរទស្សន៍​កីឡា​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com