អន្តរជាតិ
នាយករដ្ឋមន្ត្រី​វៀតណាម ទទូច​ឲ្យ​ប្រជាជន​ដាំ​បន្លែ​ធម្មជាតិ​ដើម្បី​សុខុមាលភាព​ទាំងអស់គ្នា
20, Dec 2017 , 9:19 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​លើកទឹកចិត្ត​ប្រជាជន​ឲ្យ​ផលិត​បន្លែ​សរីរាង្គ ឬ​បន្លែ​គ្មាន​ជាតិគីមី​ក្នុង​គោលដៅ​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព​ចំណីអាហារ ក៏ដូចជា​ដើម្បី​ជំរុញ​ផលិតផល​បន្លែ​វៀតណាម​ចូលក្នុង​ទីផ្សារ​របស់​ពិភពលោក​កាន់តែច្រើន ។ ក្រុង​ហាណូយ ក៏បាន​ទទូច​ឲ្យ​មាន​ការចូល​រួមគ្នា​ទាំង​ខាង​មន្ត្រី​រដ្ឋាភិបាល អ្នកជំនួញ និង​កសិករ​ដើម្បី​ប្រែក្លាយ​គោលដៅ​មួយ​នេះ​ឲ្យ​ក្លាយជា​ការពិត ។



​នាយករដ្ឋមន្ត្រី​វៀតណាម Nguyễn Xuân Phúc  នា​វេទិកា​អន្តរជាតិ​មួយ​ស្តី​ការដាំដុះ​តាមបែប​ធម្មជាតិ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ បាន​ទទូច​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​របស់ខ្លួន​រួមគ្នា​កំណត់​ពី​លក្ខខណ្ឌ​ស្តង់ដារ​មួយ​សម្រាប់​កសិដ្ឋាន​ផលិត​បន្លែ​ធម្មជាតិ ។ នាយករដ្ឋមន្ត្រី​នេះ បាន​ឲ្យ​តម្លៃ​លើ​សុវត្ថិភាព​ចំណីអាហារ ក៏ដូចជា​ស្តង់ដារ​នៃ​ការផលិត​បន្លែ​ធម្មជាតិ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​វៀតណាម Vietnam News នៅ​ថ្ងៃ​១៨ ធ្នូ ។

​នាយករដ្ឋមន្ត្រី​វៀតណាម ក៏បាន​លើកឡើង​ដែរ​ថា តម្រូវការ​ទីផ្សារ​កាន់តែច្រើន គឺជា​ឱកាស​មាស​សម្រាប់​វៀតណាម​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​តាមបែប​ធម្មជាតិ ឬ​ដោយ​មិន​ប្រើប្រាស់​សារធាតុ​គីមី ។ លោក ជឿជាក់ថា មាន​ផលិតផល​បន្លែ​ជាច្រើន ដែល​អាច​ផលិត​បាន​តាមបែប​ធម្ម​ជាតិ ក៏ប៉ុន្តែ​លោក ក៏បាន​ឲ្យ​មានការ​បង្កើត​នូវ​កសិកម្ម​អនាម័យ​សម្រាប់​ប្រជាជន​វៀតណាម​ទាំងអស់ និង​សម្រាប់​ការនាំចេញ​ផងដែរ ។

​ប្រមុខ​រដ្ឋាភិបាល​ក្រុង​ហាណូយ​រូបនេះ ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា​៖«​ការអនុវត្ត​វិធីសាស្ត្រ​កសិកម្ម​តាមបែប​ធម្មជាតិ​នៅក្នុង​តំបន់​នីមួយៗ ពិតជា​បានបង្ហាញ​ពី​ការទទួលខុសត្រូវ​សម្រាប់​សហគមន៍​របស់​ខ្លួន និង​អនាគត​អ្នកជំនាន់ក្រោយ​ផងដែរ​»​។​

​ជាងនេះទៅទៀត​នោះ នាយករដ្ឋមន្ត្រី ក៏បាន​ទទូច​ឲ្យ​ទាំង​អ្នកវិទ្យាសាស្ត្រ កសិករ អ្នកជំនួញ និង​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​សង្គម​ចូលរួម​អភិវឌ្ឍ​កសិកម្ម​បែប​ធម្មជាតិ​ទាំងអស់គ្នា​ដើម្បី​ផលប្រយោជន៍​រួម​ដែល​រួមមាន​ទាំង​បរិស្ថាន និង​សុខ​ភាពល្អ និង​ជាពិសេស​នោះ​សុភមង្គល​ដល់​ប្រជាជន​គ្រប់ៗ​គ្នា​តែម្តង ៕


Tag:
 វៀតណាម​
  បន្លែ​
© រក្សាសិទ្ធិដោយ thmeythmey.com