ជាតិ
ឧ​ត្ត​ម​សេនីយ៍​កម្ពុជា​-​វៀតណាម នឹង​សន្ទនា​គ្នា ស្តីពី​នយោបាយ​ការពារជាតិ​
19, Dec 2017 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កិច្ចសន្ទនា​ស្តីពី​នយោបាយ​ការពា​ជាតិ នឹងត្រូវ​បានរៀបចំ​ឡើង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ក្រសួងការពារជាតិ​កម្ពុ​ជា​។​



​សេចក្តីប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បម្រុង ង្វៀន ជី​វិញ សមាជិក​បក្ស​កុម្មុយនីស្ត និង​ជា​អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​វៀតណាម នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២0១៧​។ ហើយ​លោក ជា​អ្នកចូលរួម​ក្នុង​កិច្ចសន្ទនា​ខាងលើ ជាមួយ​នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​កម្ពុ​ជា​។

​ប្រភព​ដដែល បាន​បន្តថា គោលបំណង​នៃ​កិច្ចសន្ទនា​ខាងលើ គឺ​ដើម្បី​ជំរុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ លើ​គ្រប់​វិស័យ រាប់ទាំង​ការពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​សាមគ្គីភាព នៃ​ប្រទេស​ទាំងពីរ ដែល​បាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​នាពេល​កន្លងមក​។ ក្រសួងការពារជាតិ បានបញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​យ៉ាង​ដូច្នេះ​ថា​៖«​ប្រទេស​ទាំងពីរ នឹង​បន្ត​អនុវត្ត​ឲ្យ​បានល្អ​ប្រសើរ​បន្ថែមទៀត​នូវ​អនុស្សារណៈ​ស្តីពី កិច្ចសហប្រតិបត្តិការ ការពារជាតិ​រវាង​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំងពីរ នាពេលខាងមុខ​»​។

​បើតាម​សេចក្តីប្រកាស​ព័​ត៌​នោះ លោក ង្វៀន ជី​វិញ ក៏​នឹងមាន​ជំនួប​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊‌ុ​ន សែន និង​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា ផងដែរ​៕ 


Tag:
 កម្ពុជា​-​វៀតណាម​
  សន្ទនា​
  កិច្ច​ការពារជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com