កីឡាជាតិ
ជាតិ
លី​គ​៖ ការពារជាតិ​ឈ្នះ​ណាហ្គា​ដោយ​ការ​ទាត់​ប៉េ​ណា​ល់​ទី​ដើម្បី​ឡើងទៅ​ជួប​ព្រះខ័ន​រាជ​នៅ​វគ្គ​១/២
20, Dec 2017 , 11:18 pm        
រូបភាព
ក្រុមកីឡាករក្រសួងការពារជាតិអបអរជ័យជម្នះ​របស់ខ្លួន​លើណាហ្គាវើល។ រូបថត FFC
ក្រុមកីឡាករក្រសួងការពារជាតិអបអរជ័យជម្នះ​របស់ខ្លួន​លើណាហ្គាវើល។ រូបថត FFC
ដោយ: រួបរួម
​ក្លិប​ក្រសួងការពារជាតិ ទទួលបាន​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​មិត្ត​ហ្វូ​ន​លី​គ​ឆ្នាំ​២០១៧ បន្ទាប់ពី​ពួកគេ​យកឈ្នះ​ណាហ្គា​វើ​ល ៤-៣ តាមរយៈ​ការទា​ត់បាល់​ប៉េ​ណា​ល់​កាត់ក្តី ក្រោយ​ជំនួប​១២០​នាទី​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​។​



​ក្រុម​ទាំងពីរ​មានឱកាស​ប្រហាក់ប្រហែលគ្នា ក្រោយ​ការប្រកួត​អស់​៩០​នាទី និង​ការបន្ថែម​១៥​នាទី​ពីរដង​។ ណាហ្គា​វើ​ល​ដែលជា​ម្ចាស់​ជើងឯក​ពីរ​ជំនាន់ បាន​ខកដំណើរ​ក្នុងការ​ដណ្តើមពាន​នា​រដូវ​កាល​នេះ ដោយ គួច ដា​នី ទាត់​បាល់​ប៉េ​ណា​ល់​ទី​មុនគេ ប៉ុន្តែ​ការ​ស៊ុត​បែប​បញ្ឆោត​នាំ​ឲ្យ​គេ​ទទួលរង​ពិន័យ​កាត​លឿង និង​ចាត់ទុកជា​គ្រាប់​អសារ​បង់ បើទោះបីជា​បាល់​បាន​ចូល​សំណាញ់​ទី​ក៏ដោយ​។​

​ក្រោយ Atuheire Kipson, Kento Fujihara និង គួច សុគ​ម្ភៈ សុទ្ធតែ​ធ្វើបាន​សម្រេច​លើ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​របស់ខ្លួន សួន វីរៈ ត្រូវបាន​រារាំង​ដោយ អ៊ុំ សេរី​រត្ន​ន៍ ខណៈ​កីឡា​ករទាំង​៤​រូប​របស់​ក្រសួងការពារជាតិ Ri Hyok-chol, Kim Kyong-hun, Choe Myong-ho និង សុខ ហៀ​ង សុទ្ធតែ​ធ្វើ​ឲ្យ​អ្នកចាំទី​ណាហ្គា​វើ​ល សំ​រឹត សីហា លោត​ខុស​គោលដៅ​។​

​ជ័យជម្នះ ៤-៣ លើ​ការ​ទាត់​ប៉េ​ណា​ល់​ទី​របស់​ការពារជាតិ នាំ​ឲ្យ​ពួកគេ​ឡើងទៅ​ជួប​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​ល្ងាច​ថ្ងៃទី​២៣ ខែធ្នូ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ ក្រុម​ដែល​ឈ្នះ​នឹងត្រូវ​ប៉ះ​បឹងកេត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃទី​៣០ ខែធ្នូ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​៕

អត្ថបទទាក់ទង


© រក្សាសិទ្ធិដោយ thmeythmey.com