ជាតិ
មេធាវី ឈប់​ចូលរួម​សវនាការ ដែល​រៀបចំ​ក្នុង​ពន្ធនាគារ ព្រោះ​ខុស​ឆន្ទៈ​លោក កឹម សុខា​
21, Dec 2017 , 10:35 am        
រូបភាព
រូបភាព៖ លោកមេធាវី សំ សុគង់ (នៅមុខគេ) និងសហមេធាវីផ្សេងទៀត ដែលរួមគ្នាការពារក្តីឲ្យលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដើរចេញពីសាលាឧទ្ធរណ៍ កាលពីកន្លងមក
រូបភាព៖ លោកមេធាវី សំ សុគង់ (នៅមុខគេ) និងសហមេធាវីផ្សេងទៀត ដែលរួមគ្នាការពារក្តីឲ្យលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដើរចេញពីសាលាឧទ្ធរណ៍ កាលពីកន្លងមក
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តាម​កាលកំណត់ លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​ទៅ​សួរ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ចំនួន​ពីរដង​ទៀត គឺ​នៅ​ថ្ងៃទី​២១​នេះ និង​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២0១៧​។ នេះ​បើតាម​លោក សំ សុ​គង់ មេធាវី​មួយរូប​របស់លោក កឹម សុខា​។



​លោក សំ សុ​គង់ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​ព្រឹក​នេះ​ថា ក្រុម​មេធាវី ឈប់​បន្ត​ចូលរួម​សវនាការ ដែល​ចៅក្រម​ស៊ើបសួរ រៀបចំ​ក្នុង​ពន្ធនាគារ ដើម្បី​សួរ​លោក កឹម សុខា ទៀតហើយ​។ លោក​មេធាវី អះអាងថា លោក កឹម សុខា ធ្លាប់​ស្នើ​ដោយផ្ទាល់​មាត់ ទៅកាន់​ចៅក្រម​ស៊ើបសួរ ដើម្បី​នាំ​លោក ទៅ​សាកសួរ​ក្នុង​បរិវេណ​តុលាការ​រាជធានី​ភ្នំពេញ ប៉ុន្តែ​សំណើ​នេះ ត្រូវបាន​ច្រានចោល​។

​លោក​មេធាវី​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ធ្វើ​អ៊ីចឹង គឺ​ផ្ទុយ​ពី​ឆន្ទៈ​របស់លោក កឹម សុខា​។ ដូច្នេះហើយ បានជា​យើងខ្ញុំ សម្រេចចិត្ត​មិន​ចូលរួម​។ ហើយ​ខ្ញុំ គិតថា លោក កឹម សុខា ក៏​ប្រហែលជា​មិន​ចូលរួម​ដែរ​»​។

​ដោយសារតែ​ចៅក្រម​ស៊ើបសួរ មិន​ព្រម​នាំខ្លួន​លោក កឹម សុខា ទៅ​សួរ​នៅក្នុង​បរិវេណ​តុលាការ ក្រុម​មេធាវី បានរៀបចំ​បណ្តឹង ហើយ​គ្រោង​ដាក់​ទៅកាន់​សាលាឧទ្ធរណ៍​ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​សុំ​ជំទាស់​។ សម្រាប់​ក្រុម​មេធាវី ការ​សួរ​ជន​ត្រូវ​ចោទ គឺត្រូវធ្វើ​ឡើង​ក្នុង​បរិវេណ​តុលាការ មិនមែន​ក្នុង​ពន្ធនាគារ​នោះទេ​។ 

​កន្លងមក លោក គី ឫទ្ធី បាន​ទៅ​ជួប​លោក កឹម សុខា ដោយផ្ទាល់​ចំនួន​ពីរលើក​រួចមកហើយ ដើម្បី​ចោទសួរ​ពីបទ​សង្ស័យ​ពី​អំពើ​ក្បត់ជាតិ​។ កាលពី​យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២0១៧ តុលាការ ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះទៅ​ចាប់​លោក កឹម សុខា ដល់​គេហដ្ឋាន ហើយ​បញ្ជូនទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​។

​តុលាការ យក​វីដេអូ​ឃ្លី​ប​មួយ ដែល​លោក កឹម សុខា បាន​និយាយ​តាំង​ប៉ុន្មាន​ឆ្នាំមុន ទៅធ្វើជា​អង្គហេតុ​ក្នុងការ​ចាប់ខ្លួន និង​ដាក់​លោក កឹម សុខា ឲ្យ​ស្ថិតនៅក្រោម​ការសង្ស័យថា បាន​ឃុបឃិត​ជាមួយ​បរទេស​ជាសម្ងាត់ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ ក្នុង​វីដេអូ​ឃ្លី​ប​នោះ លោក កឹម សុខា បាន​និយាយ​ទៅកាន់​អ្នកគាំទ្រ​ថា ខ្លួន​មាន​អ្នកជំនាញ​ជា​ជនបរទេស​នៅ​ពីក្រោយ ដើម្បី​ជួយ​ជ្រោមជ្រែង ក្នុងការ​ផ្លាស់ប្តូរ​មេដឹកនាំ​កនៅ​កម្ពុជា​។

​ក្តី​សង្ស័យ​លើ​លោក កឹម សុខា ជុំវិញ​អំពើ​ក្បត់ជាតិ ត្រូវបាន​ក្រសួងមហាផ្ទៃ យកទៅ​ផ្សារភ្ជាប់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល​។ ក្រសួងមហាផ្ទៃ យល់ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​អាច​ជាប់ទាក់ទង​នឹង​អំពើ​ក្បត់ជាតិ ដូច​លោក កឹម សុខា ដែរ ទើប​ដាក់​បណ្តឹង​ទៅកាន់​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​រំលាយចោល​។ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២0១៧​នេះ តុលាការ​កំពូល នឹង​បើកសវនាការ​លើ​បណ្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​៕


Tag:
 កឹម សុខា​
  CNRP
  តុលាការ​
  មេធាវី
© រក្សាសិទ្ធិដោយ thmeythmey.com