ជាតិ
ប្រជាពលរដ្ឋ​២២​គ្រួសារ នៅ​តំបន់​បឹងកក់ និង​បណ្ដោយ​ផ្លូវ​រថភ្លើង ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​
27, Dec 2017 , 10:39 pm        
រូបភាព
រូបភាព ពីហ្វេសប៊ុក Chan Dina
រូបភាព ពីហ្វេសប៊ុក Chan Dina
ដោយ:
​ភ្នំពេញ​៖ ប្រជាពលរដ្ឋ ២២​គ្រួសារ ដែល​រស់នៅ​តំបន់​អភិវឌ្ឍន៍​បឹងកក់ និង​នៅតាម​បណ្ដោយ​ផ្លូវ​រថភ្លើង បានទទួល​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ស្របច្បាប់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ នៅសល់​ប្រជាពលរដ្ឋ ៧​គ្រួសារ​ទៀត​ក្នុង​តំបន់​នេះ ដែល​មិនទាន់​បានទទួល​ប័ណ្ណ​កម្ម​សិទ្ធី ដោយសារ​កំពុងតែ​ដោះស្រាយ​នៅឡើយ​។



​លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បញ្ហា​ទាមទារ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី របស់​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​តំបន់​អភិវឌ្ឍន៍​បឹងកក់ ភាគច្រើន​ត្រូវបាន​ដោះស្រាយ​រួចរាល់​ហើយ​។ ប៉ុន្តែ លោក ទទួលស្គាល់ថា នៅមាន​ករណី​តិចតួច ដែល​មិនទាន់​ត្រូវបាន​ដោះស្រាយដោយសារតែ​តំបន់​ទាំងនោះ មាន​បញ្ហា​ព្រំដី​ជាប់​គ្នា ហើយ​មួយចំនួនទៀត មាន​វិវាទ​ក្នុង​គ្រួសារ​។​

​អ្នកនាំពាក្យ​រូបនេះ បកស្រាយ​យ៉ាង​ដូច្នេះ​ថា​៖«​ទោះបីជា​មានការ​ដោះស្រាយ​ហើយ​ក្ដី ប៉ុន្តែ​ក្នុង​ករណីខ្លះ មាន​ប្រជាពលរដ្ឋ​មួយចំនួន លួច​សាងសង់​បន្ថែម​នៅលើ​សំណង់​ចាស់​ដែលមាន​ស្រាប់​។ ដោយសារតែ​យ៉ាងនេះ​ហើយ ទើប​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ​ករណី​វិវាទ​នេះ​យូរ​»​។

​បើតាម​លោក ម៉េ​ត មាស​ភក្តី តំបន់​អភិវឌ្ឍន៍​បឹងកក់ មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ ៣​ពាន់​គ្រួសារ ដោយ​ពួកគេ បាន​ប្រើ​ពេលវេលា​ក្នុងការ​ដោះស្រាយ​ជាង​១០​ឆ្នាំ គឺ​ចាប់តាំងពី​ឆ្នាំ​២០០៥ ដល់ ឆ្នាំ​២០០៦​កន្លងមក​។

​លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដោយ​ចាត់ទុក​បញ្ហា​ក្នុង​តំបន់​អភិវឌ្ឍន៍​បឹងកក់ ថា​ជា​បញ្ហា​ស្មុ​គ្រ​ស្មាញ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​ធ្វើការ​ងា​រ​នេះ​តាំងពី​រាជរដ្ឋាភិបាល​បានប្រគល់​តំបន់​បឹងកក់ ទៅ​ឲ្យ​ក្រុមហ៊ុន​កូ​កា​កូ​អ៊ី​ន ដើម្បី​អភិវឌ្ឍ តាំងពី​ឆ្នាំ​២០០៥៕


Tag:
 តំបន់​អភិវឌ្ឍន៍​បឹងកក់​
 ​ ម៉េ​ត មាស​ភក្ដី​
 ​ មាន ចាន់​យ៉ា​ដា​
© រក្សាសិទ្ធិដោយ thmeythmey.com