កីឡាជាតិ
ជាតិ
ក្រោយ​ជួយ​ក្រុម​ឈ្នះ Hun Sen Cup សុក សំណាង មិនទាន់បាន​កាន់​ពាន​ឡើយ ព្រោះ​នៅ​មន្ទីរពេទ្យ​
28, Dec 2017 , 3:28 pm        
រូបភាព
កីឡាករ សុក សំណាង នៅតែបន្តមើលការប្រកួត​តាមទូរសព្ទដៃ អំឡុងពេល​ដែលត្រូវបានបញ្ជូន​ទៅពិនិត្យរបួស។ រូបថត ហ្វេសប៊ុក លោក រិទ្ធ ឌីកា
កីឡាករ សុក សំណាង នៅតែបន្តមើលការប្រកួត​តាមទូរសព្ទដៃ អំឡុងពេល​ដែលត្រូវបានបញ្ជូន​ទៅពិនិត្យរបួស។ រូបថត ហ្វេសប៊ុក លោក រិទ្ធ ឌីកា
ដោយ:
​ខ្សែប្រយុទ្ធ សុក សំណាង ដែល​បានរួម​ចំណែក​ដ៏​ធំ​ក្នុង​ការជួយ​ឲ្យ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ឈ្នះ​ពាន​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ មិនទាន់បាន​លើក​ពាន​ដោយផ្ទាល់​នោះឡើយ​។ បន្ទាប់ពី​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន​២​គ្រាប់ សំណាង ត្រូវបាន​បញ្ជូនទៅ​ពិនិត្យ​និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ភ្លាមៗ ក្រោយ​រងរបួស​បាក់​ក្តោងច្រមុះ​ក្នុងជំនួប​តទល់​ជាមួយ​ក្រុម​ណាហ្គា​វើ​ល​កាលពី​ថ្ងៃទី​២៧ ធ្នូ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​



​ទោះបី​ដឹងថា​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​លើក​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ ក៏ដោយ តែ​កីឡាករ សុក សំណាង ដែល​កំពុង​សម្រាក​ព្យាបាល​របួស​បាក់​ក្តោងច្រមុះ​នៅ​មន្ទីរពេទ្យ​មិនទាន់​បានលើក​ពាន​ផ្ទាល់​ដៃនៅឡើយ​ទេ​។ នេះ​បើ​យោងតាម​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ដែល​បាន​ទៅសួរសុខទុក្ខ​ផ្ទាល់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។​

​មុន្នី​ឧ​ត្ត​ម បាន​អះអាងថា ស្ថានភាព​របួស​របស់​កីឡាករ សុក សំណាង ឥឡូវនេះ​មាន​សភាព​ប្រសើរ​ជាង​មុន ពោលគឺ​រូបគេ​លែង​ហូរឈាម​តាម​ច្រមុះ និង​អាច​ញ៉ាំ​អាហារ​បាន​វិញ​ហើយ​។ យ៉ាងណាមិញ បញ្ហា​របួស​នេះ​កំពុងស្ថិត​ក្នុងការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​គ្រូពេទ្យ​។ ឧ​ត្ត​ម បាន​បញ្ជាក់ថា បើ​ស្ថានភាព​របួស​ពុំ​ធូរស្បើយ​ទេ​កីឡាករ សុក សំណាង អាច​ត្រូវបញ្ជូន​ទៅពិនិត្យ និង​ព្យាបាល​នៅក្រៅ​ប្រទេស​។​

​កីឡាករ​រូបនេះ​បាន​បន្ថែមថា ទោះបី​កីឡាករ សុក សំណាង រងរបួស​ធ្ងន់​មាន​ឈាម​ហូរ​តាម​ច្រមុះ​យ៉ាងណាក៏ដោយ តែ​រូបគេ​នៅតែ​តាមដាន​ការប្រកួត​របស់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​តាមរយៈ​ការផ្សាយ​ផ្ទាល់​ជានិច្ច​។ ហើយ​ការដែល​រូបគេ​ដឹងថា​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​លើក​ពាន​សម្តេច ហ៊ុន សែន ឆ្នាំនេះ​ក៏​តាមរយៈ​ការមើល​ការផ្សាយ​ផ្ទាល់​នេះដែរ​។

​ខ្សែប្រយុទ្ធ សុក សំណាង ត្រូវបាន​រថយន្ត​សា​ម៉ុ​យ​ដឹក​ទៅពិនិត្យ​និង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ភ្លាមៗ​ក្រោយ​រូបគេ​រងរបួស​បាក់​ក្តោងច្រមុះ​ដោយ​ពុំ​ដឹង​មូលហេតុ​។ តែបើ​តាម​ការសន្និដ្ឋាន​របស់​សិស្ស​ច្បង ប្រាក់ មុន្នី​ឧ​ត្ត​ម ក្តោងច្រមុះ​របស់ សំណាង អាច​ត្រូវ​ជាមួយ​កែងដៃ ជាង​ការប៉ះទង្គិច​ជាមួយ​ក្បាល​។

​របួស​បាក់​ក្តោង​ច្រមុះ​នេះ កើតឡើង​ក្នុងជំនួប​ដែល​ព្រះខ័ន​រាជ​ស្វាយរៀង​យកឈ្នះ​ណាហ្គា​វើ​ល ៣-០ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៧ កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្នុង​ជ័យជម្នះ ៣-០ របស់​ព្រះខ័ន​រាជ​ស្វាយរៀង​មានការ​រួមចំណែក​ពី​កីឡាករ សុក សំណាង ចំនួន​ពីរ​គ្រាប់ និង​កីឡាករ ហួយ ផល្លី​ន មួយ​គ្រាប់​៕ 

Tag:
 បាល់ទាត់​
  Hun Sen Cup 2017
  សុក សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com